Connect with us

ព័ត៌មានជាតិ

មុនឆ្នាំ ២០២៣ ស្រុករមាស​ហែក​ទទួលបានអគារមន្ទីរពេទ្យ​​ទំនើបព្យាបាលជំងឺ

បានផុស

នៅ

នៅ មុនឆ្នាំ២០២៣ខាងមុខនេះ ប្រជាពលរដ្ឋស្រុកមាសហែកខេត្តស្វាយរៀង នឹងទទួលបានអគារមន្ទីរពេទ្យថ្មីស្រឡាងនិងទំនើបសម្រាប់ពិនិត្យពិគ្រោះនិងព្យាបាលជំងឺ ដោយមិនចាំបាច់ចំណាយពេលវេលាធ្វើដំណើរទៅ ព្យាបាលនៅ មន្ទីរពេទ្យខេត្តទៀតឡើយ។

លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍នៅ ព្រឹកថ្ងៃទី១០ធ្នូនេះថា អគារមន្ទីរពេទ្យបង្អែករមាសហែកនេះមានទំហំ ១៨ម៉ែត្រX៦៣ម៉ែត្រ កម្ពស់២ជាន់ មានចំនួន៤០បន្ទប់ បានចាប់ផ្តើមបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី៧ខែធ្នូឆ្នាំ២០២១ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន​ខេត្តស្វាយរៀ្ងង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុករមាសហែក និងលោក ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្តស្វាយរៀង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត បានបន្តថា អគារមន្ទីរពេទ្យនេះគ្រោងបញ្ចប់ការសាងសង់រួចរាល់ នៅ មុនពេលបោះឆ្នោតសកលឆ្នាំ ២០២៣ ខាងមុខនេះ ដោយគ្រោងចំណាយថវិការសាងសង់ប្រមាណ១លាន២សែនដុល្លារអាមេរិក ដែលថវិកាទាំងនេះបានមកពីការចូលរួមឧបត្ថម្ភពីសប្បុរសជន និងក្រុមការងាររបស់រាជរដ្ឋាភិបាលប្រចាំខេត្តស្វាយរៀង ដោយមិនរាប់បញ្ចូលការបំពាក់សម្ភារនៅ ឡើយទេ។

លោកប្រធានមន្ទីរបានបន្តទៀតថា នេះជាលើកដំបូងហើយដែលស្រុករមាសហែក មានអគារមន្ទីរពេទ្យថ្មីស្រឡាងដែលនឹងមានបំពាក់នូវឧបករណ៍បរិក្ខាពេទ្យទំនើបទាន់សម័យសម្រាប់បម្រើដល់ការព្យាបាលជំងឺខណៈពីមុនពួកគាត់ត្រូវធ្វើដំណើរទៅមន្ទីរពេទ្យខេត្តនៅឆ្ងាយ។

ការមានអគារមន្ទីរពេទ្យទំនើបនេះ វាបានផ្តល់ផលប្រយោជន៍ច្រើនណាស់ដល់ប្រជាពលរដ្ឋស្រុករមាសហែក ដែលជាស្រុកមួយធំ មានប្រជាជនច្រើនងាយស្រួលក្នុងការទៅ ទទួលសេវាសុខាភិបាលនៅ ជិតផ្ទះលែងពិបាកធ្វើដំណើរទៅព្យាបាលនៅ មន្ទីរពេទ្យខេត្ត ដែលឆ្ងាយដូចកាលពីមុនទៀត។

លោក បណ្ឌិត កែរ រដ្ឋា បានណែនាំដល់ប្រជាពលរដ្ឋត្រូវយកចិត្តថែរក្សាសុខភាពឱ្យបានល្អ នៅ ក្នុងរដូវរងារនេះពិសេសមនុស្សមានវ័យចំណាស់និងកុមារ ដែលនឹងប្រឈមនឹងការឆ្លងជំងឺផ្តាសាយ និងជំងឺផ្លូវដង្ហើម។ ជាងនេះទៀតត្រូវបន្តអនុវត្តវិធានការសុខាភិបាល៣កុំនិង៣ការពារឱ្យបានខ្ជាប់ខ្ជួនដើម្បីការពារការឆ្លងរាលដាលជំងឺកូវីដ១៩ ពិសេសជំងឺ​កូវីដ​១៩​បំប្លែងខ្លួនថ្មីអូមីក្រុង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម