Connect with us

ព័ត៌មានជាតិ

HEINEKEN សាងសង់រោងចក្រថាមពលជីវម៉ាសធំទីមួយនៅកម្ពុជា សហការជាមួយក្រុមហ៊ុន BECIS ដើម្បីសម្រេចបានការប្រើថាមពលកម្តៅកកើតឡើងវិញ ១០០%

បានផុស

នៅ

ក្រុមហ៊ុន ហ៊ិននីគែន ខេ​ម​បូ​ឌា និងក្រុមហ៊ុន BECIS នា​ថ្ងៃនេះ ថ្ងៃទី​ ៨ ខែធ្នូ ឆ្នាំ​ ២០២១ បានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់រោងចក្រថាមពលជីវម៉ាសដ៏ធំដំបូងបំផុតនៅកម្ពុជា ដើម្បី​ផលិត​ថាមពល​កម្ដៅ​សម្រាប់​ប្រើប្រាស់​នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​របស់ខ្លួន​ក្នុង​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​កម្ពុជា បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​បញ្ចុះបឋមសិលា​នេះ ដែល​ត្រូវបាន​រៀបចំឡើង​នៅ​ទល់មុខ​រោងចក្រ​របស់​ក្រុមហ៊ុនស្រា​បៀរ ហ៊ិ​ន​នី​គែន តាម​បណ្តោយ​វិថី​ស្រា​បៀរ​ថៃ​ហ្គ័​រ ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែ​កឯក ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ កម្ពុជា​។​

​កម្មវិធី​បញ្ចុះបឋមសិលា​សាងសង់​រោងចក្រ​ថាមពលជីវម៉ាស​នេះ មានការ​ចូលរួម​ពី​តំណាង​មកពី​ក្រសួង​រ៉ែ និង​ថាមពល អាជ្ញាធរ​ដែនដី សមាគម​អាជីវកម្ម ក៏ដូចជា​ដៃគូ​ជំនួញ និង​សារព័ត៌មាន​ជាច្រើន​ទៀត​។ រោងចក្រ​នេះ ​ដែល​ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន BECIS វិនិយោគ​ទឹកប្រាក់​ចំនួន ៥,៨​ លាន​ដុល្លារ​អាមេរិក និង​គ្រោង​ចំណាយពេល ៧​ខែ​ដើម្បី​បញ្ចប់​ការសាងសង់​។ រោងចក្រ​ថាមពលជីវម៉ាស​នេះ​នឹង​ដុត​អង្កាម ដែល​នឹង​យក​មកពី​ខេត្តព្រៃវែង​។ រោងចក្រ​នេះ​នឹង​បង្កើតជា​ចំហាយ​ទឹក ដើម្បី​ផ្គត់ផ្គង់​ថាមពល​កម្ដៅ​សម្រាប់​ប្រើប្រាស់​ផ្ដាច់មុខ​នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា នៅ​រាជធានី​ភ្នំពេញ​។ គម្រោង​ថាមពល​នេះ​នឹង​បង្កើត​ការងារ​ដល់​ប្រជាជន​ចំនួន ៥០​នាក់ ហើយ​រំពឹងថា​នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​អ្នក​ប្រកប​អាជីវកម្ម​ស្រូវ​អង្ករ ដូចជា រោង​ម៉ាស៊ីនកិនស្រូវ និង​ប្រជាកសិករ​ជាដើម​តាមរយៈ​ការជួយ​បង្កើត​តម្លៃបន្ថែម​ដល់ទី​ផ្សារ​របស់​ពួកគេ​។​

​ឯកឧត្ដម សៅ សុភាព បាន​មានប្រសាសន៍ថា​៖ «​យើង​សូម​អរគុណ​យ៉ាងខ្លាំង​ដល់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ចំពោះ​ការប្ដេជ្ញា​ចិ​ត្ដ​ចំពោះ​កម្ពុជា និង​ការ​ឈានមុខ​គេ​ក្នុង​គំនិត​ផ្ដួចផ្ដើម​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។ ក្នុងនាម​ជា​ក្រុមហ៊ុន​អន្ដរជាតិ​ឈានមុខ​មួយ ដែល​បាន​ប្តេជ្ញាចិត្ត​ទៅនឹង​ការ «​ចូលរួម​អភិវឌ្ឍ​ពិភពលោក​ដ៏​ល្អប្រសើរ​» ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា កំពុង​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​»​។

​តាមរយៈ​ការផ្លាស់ប្ដូរ​មកប្រើប្រាស់​ថាមពលជីវម៉ាស​វិញ​នេះ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា រំពឹងថា​នឹង​អាច​សន្សំសំចៃ​ឧស្ម័ន​កាបូន​បាន ១៧.០០០​តោន​ក្នុង​មួយឆ្នាំ​។ រោងចក្រ​ថាមពលជីវម៉ាស​នេះ នឹង​អាចជួយ​ឱ្យ​រោងចក្រ​ផលិត​ស្រា​បៀរ​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ប្រើប្រាស់​ថាមពល​កម្ដៅ​កកើត​ឡើងវិញ ១០០​ភាគរយ និង​កាត់បន្ថយ​ការបញ្ចេញ​កាបូន​របស់​ក្រុមហ៊ុន​នៅក្នុង​ផលិតកម្ម​បាន ៦០%​។ គម្រោង​នេះ​ក៏​នឹង​ជួយ​បន្ថែម​ដល់​គោលបំណង​របស់​កម្ពុជា​ក្នុងការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​ផងដែរ​។​

​លោកស្រី អេ​ន​នី អូ​លី​វី​យែ នាយក​ផ្នែក​កិច្ចការ​សហគ្រាស​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​ថ្លែងថា​៖ «​ការប្ដេជ្ញា​របស់​យើង​ចំពោះ​និរន្តរភាព​មិនមែនជា​រឿង​ថ្មី​ឡើយ​។ “​ចូលរួម​អភិវឌ្ឍ​កម្ពុជា​ដ៏​ល្អប្រសើរ​” ដែល​ជាមហិច្ឆតា​អភិវឌ្ឍ​ដោយ​ចីរភាព​របស់​យើង បាន​ក្លាយជា​ផ្នែក​មួយ​នៃ​វប្បធម៌​ក្រុមហ៊ុន​របស់​យើង​សម្រាប់​រយៈពេល​វែង​រួចទៅហើយ​។ រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ យើង​បាននិងកំពុង​ផ្ដោតលើ​ប្រសិទ្ធភាព​ថាមពល និង​បានចាប់ផ្ដើម​ប្រើប្រាស់​ថាមពល​កកើត​ឡើងវិញ ដូចជា​ជីវម៉ាស​ជាដើម​។ តាំងពី​ឆ្នាំ​២០១៣​មក យើង​បាន​កាត់បន្ថយ​រួចហើយ​នូវ​ការបញ្ចេញ​ឧស្ម័ន​កាបូន ៥០​ភាគរយ​»​។​

​លោក នៀល អា​ឡេ​ន នាយក​ប្រចាំ​ប្រទេស​របស់​ក្រុមហ៊ុន BECIS បាន​ថ្លែងថា​៖ «​យើង​ពិត​ជាមាន​មោទនភាព​យ៉ាងខ្លាំង​នៅពេលនេះ​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា និង​ភាពជា​ដៃគូ​របស់​យើង​ជាមួយ ហ៊ិ​ន​នី​គែន ខណៈដែល​យើង​បោះជំហាន​ឆ្ពោះទៅរក​អនាគត​ថាមពល​ប្រកបដោយ​ចីរភាព​»​។​

​កាលពី​ពីរ​បី​ឆ្នាំមុន ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា បាន​វិនិយោគ​លើ​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ដ៏​ធំ​មួយ​នៅ​កម្ពុជា​នៅឯ​រោងចក្រ​ផលិត​ស្រា​បៀរ​ក្នុង​រាជធានី​ភ្នំពេញ​។ ជីវឧស្ម័ន​ដែល​បញ្ចេញ​ដោយ រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នេះ​ ត្រូវបាន​ប្រើ​ជា​ថាមពល​កម្ដៅ​ក្នុង​ផលិតកម្ម​ស្រា​បៀរ​របស់​ក្រុមហ៊ុន ក្នុង​ទម្រង់​ជា​ថាមពល​កកើត​ឡើងវិញ​។

​កាលពី​ខែមេសា ឆ្នាំមុន ក្រុមហ៊ុន​បានបង្ហាញ​គោលបំណង​ថ្មីៗ​ក្នុងការ​សម្រេច​គោលដៅ​បញ្ឈប់​ទាំងស្រុង​នូវ​ការបញ្ចេញ​ឧស្ម័ន​កាបូន​ក្នុង​សង្វាក់​ផលិតកម្ម​របស់ខ្លួន​នៅ​ឆ្នាំ​២០៣០ ទាំង​នៅលើ​ពិភពលោក និង​នៅ​កម្ពុជា​។​

​ក្នុង​ភាពជា​ដៃគូ​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ផ្គត់ផ្គង់​នានា ក្រុមហ៊ុន ហ៊ិ​ន​នី​គែន មានបំណង​កាត់បន្ថយ​ការបញ្ចេញ​កាបូន​ឱ្យបាន ៣០%​នៅត្រឹម​ឆ្នាំ​២០៣០ នៅ​ទូទាំង​សង្វាក់​ផលិតកម្ម​ទាំងមូល (Value chain) របស់ខ្លួន ធៀប​នឹង​ឆ្នាំ​២០១៨​។ នៅ​ឆ្នាំ ២០៤០ ក្រុមហ៊ុន​មានបំណង​សម្រេច​ឱ្យបាន​អ​ព្យា​ក្រឹត្យ​ភាព​កាបូន​នៅក្នុង​សង្វាក់​ផលិតកម្ម​ទាំងមូល​របស់ខ្លួន​។ ក្រុមហ៊ុន​កំពុង​ចាត់វិធានការ​ផ្អែកលើ​វិទ្យាសាស្ត្រ​តាមរយៈ​ការធ្វើការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គំនិត​ផ្តួចផ្តើម​ទិសដៅ​ផ្អែកលើ​វិទ្យាសាស្ត្រ (Science Based Targets) ដើម្បី​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​ថ្មីៗ​របស់​ក្រុមហ៊ុន​។​

​ក្រៅពី​អព្យាក្រឹតភាព​កាបូន ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ក៏​កំពុង​កាត់បន្ថយ​ការប្រើប្រាស់​ទឹក ក៏ដូចជា​ការកែច្នៃ​ទឹក​សម្រាប់​ប្រើប្រាស់​ឡើងវិញ​ផងដែរ​។ គោលបំណង​សំខាន់​ពីរ​របស់​ក្រុមហ៊ុន ហ៊ិ​ន​នី​គែន គឺ​ការលើកកម្ពស់​ពិភពលោក​ប្រកបដោយ​បរិយាបន្ន ស្មើភាព និង​សមធម៌ ខណៈ​ក្រុមហ៊ុន​ក៏​គាំទ្រ​ដល់​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​សមល្មម​ផងដែរ​។ សរសរ​ស្ដម្ភ​ទាំងពីរ​នេះ បង្កើតបានជា​គោលបំណង «​ចូលរួម​អភិវឌ្ឍ​កម្ពុជា​ដ៏​ល្អប្រសើរ (Brew a Better Cambodia)»​។

​ថ្មីៗ​នេះ ក្រុមហ៊ុន ហ៊ិ​ន​នី​គែន ខេ​ម​បូ​ឌា ត្រូវបាន​ទទួលស្គាល់​ជា​ក្រុមហ៊ុន​ចូលរួមចំណែក​ដ៏​ធំ​មួយ​ក្នុងការ​អភិរក្ស​បរិស្ថាន​តាមរយៈ​ការផ្តល់ជូន​ពានរង្វាន់ Cambodia Eurocham CSR Awards 2021 ដ៏​មាន​កិត្យានុភាព​។ ក្រុមហ៊ុន​ក៏ត្រូវ​បានទទួល​ស្គាល់​ផងដែរ​ដោយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី​កម្ពុជា​ថា​ជា​ក្រុមហ៊ុន​បង់ពន្ធ​ជូន​រដ្ឋ​ច្រើនជាងគេ​នៅក្នុង​ប្រភេទ​ផលិតកម្ម​ស្រា​បៀរ​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម