កាលពីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដមកត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា អមដោយតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ធំ សមាជិករដ្ឋសភា ថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន៤០០គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងឃុំក្លែង និងឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ក្នុងពិធីនោះ ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បានពាំនាំនូវព្រះរាជបណ្តាំសាកសួរ សុខទុក្ខរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេ តែងតែយកព្រះទ័យគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាមតិផ្ដាំផ្ញើសាកសួរ សុខទុក្ខរបស់ថ្នាក់ដឹកនាំ រដ្ឋសភា ព្រឹទ្ធសភា។ ជាពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននិងកំពុងមមាញឹកក្នុងការចុះជួប និងជួយប្រជាពលរដ្ឋនៅតាមតំបន់រងគ្រោះនានា។
ឯកឧត្ដមកត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ក៏បានកោតសរសើរដល់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ជួយដល់បងប្អូនប្រជាពលរដ្ឋ និងថ្លែងអំណរគុណដល់សប្បុរសជន ដែលបានចូលរួមឧបត្ថម្ភនូវថវិកា សម្ភារៈផ្សេងៗ សម្រាប់ចែកជូនបងប្អូនប្រជាជនក្នុងគ្រាដ៏លំបាកនេះ។
ជាមួយគ្នានេះដែរ ឯកឧត្ដមកត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើង ខណៈប្រទេសយើងកំពុងជួបគ្រោះទឹកជំនន់ សូមបងប្អូនរក្សាអនាម័យក្នុងការរស់នៅជាប់ជាប្រចាំ និងសូមប្រុងប្រយ័ត្ន យកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំង៤០០គ្រួសារទទួលបាន រួមមាន ៖ អង្ករ មី ទឹកសុទ្ធ ត្រីខ ទឹកស៊ីអ៊ីវ និងសាប៊ូ៕
អត្ថបទ ៖ ប៉ាល់សុង