Connect with us

ព័ត៌មានជាតិ

ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា រយៈពេល ២ ថ្ងៃ ទាក់ទាញសិស្សានុសិស្ស-និស្សិត និងសាធារណជន ច្រើនកុះករ

បានផុស

នៅ

ការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា (Air & Tech Show) កំពុងតែប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃពេញ នៅឯមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ នា ថ្ងៃទី១៧ ១៨ ១៩ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់​ពីការខកខានកាលពីឆ្នាំមុន ដោយសារតែការរីករាលដាល​នៃជំងឺរាតត្បាតសកល កូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិតតែខកខានមួយឆ្នាំក្តី តែការ​ទន្ទឹងរង់ចាំចំពោះកម្មវិធីនាឆ្នាំនេះ គឺនៅតែមាន​សន្ទុះនៃការចូលរួម​ច្រើនជានិច្ច​ពីសំណាក់សិស្សានុសិស្ស និស្សិត និងសាធារណជនទូទៅ ដោយមានការចូលរួម​ជាច្រើនគួរឲ្យកត់សម្គាល់ ដែល​មាន​ចំនួនប្រមាណជាង ២ពាន់នាក់ នាថ្ងៃទី១នៃកម្មវិធី។

ក្នុងការ​តាំង​ពិព័រណ៍​នេះ គឺមានការដាក់តាំងបង្ហាញនូវស្នាដៃបច្ចេកវិទ្យាថ្មីៗជាច្រើនដូចជា មានការដាក់​បង្ហាញនូវដ្រូនដែលអាចដឹកមនុស្សបាន ដ្រូនកសិកម្ម មនុស្សយន្តបំរើ​សេវាកម្ម​ដឹកជញ្ជូន​ចំណីអាហារ គំរូ​កូនផ្កាយរណប​ដែល​អាច​ថត​យក​រូបភាព​ស្រទាប់​ទីពីរ​នៃ​ផែនដី​របស់​សាលារៀនអ៊ីធូស្ទែម និង​ស្នាដៃ​បច្ចេកវិទ្យាជាច្រើនទៀតរបស់សិស្សវិទ្យាល័យ និងនិស្សិត​នៅសាកលវិទ្យាល័យជា​ច្រើនក្នុងគោលបំណងដើម្បីបំផុស​ទឹកចិត្តយុវជន​ដែល​មាន​ទេពកោសល្យ និង​សមត្ថភាព​ផ្នែក​យន្តហោះ និង​បច្ចេកវិទ្យា​របស់​កម្ពុជា បាន​បង្ហាញ​នូវ​សមិទ្ធផល និង​ការ​ច្នៃប្រឌិត​បង្កើត​ថ្មី​របស់ខ្លួន ជូនដល់មហាជននិងអ្នក​ដែល​បាន​មក​ចូលរួម​ទស្សនា​ទាំងអស់​ទទួល​យក​បទពិសោធន៍​និង​ចំណេះដឹង​ថ្មីៗ។

នៅថ្ងៃទី១៨ និងថ្ងៃទី១៩នេះ ក៏សង្ឃឹមថានឹង​មាន​ការចូលរួមកាន់តែច្រើនពីសំណាក់​សាធារណជន សិស្សានុសិស្ស ដើម្បីមកទស្សនាការតាំងពិព័រណ៍​សមិទ្ធផល​របស់​សិស្សវិទ្យាល័យ និងនិស្សិត មកពីសកលវិទ្យាល័យជាច្រើន​ក៏ដូចជា​ផ្ដល់​ជាកំលាំងចិត្តដល់អ្នក​ដាក់​បង្ហាញស្នាដៃ និង​យន្តហោះ។

នៅក្នុងនោះ ក៏មាននូវការប្រកួតរ៉ូបូតមនុស្សយន្ដ និងយន្តហោះកៅស៊ូផងដែរ។ នារសៀល​ថ្ងៃទី១ម្សិលមិញ​នេះ កម្មវិធីប្រកួត​ប្រជែង​រ៉ូបូតមនុស្សយន្ត ដែលមានបេក្ខជនចំនួន១០ក្រុម មកពីវិទ្យាល័យនិង សាកលវិទ្យាល័យ បានបង្ហាញសមត្ថភាពយ៉ាងស្វិតស្វាញ ក្នុងវគ្គប្រកួតជម្រុះក្នុងពូល ដោយលទ្ធផលមាន៤ក្រុម ក្នុងចំណោម១០ ក្រុម បានឈានទៅកាន់វគ្គកណ្តាលផ្តាច់ព្រ័ត្រ និងផ្ដាច់ព្រាត់នៅក្នុងថ្ងៃនេះ។ ចំណែកឯ ការប្រកួតយន្តហោះ​កៅស៊ូវិញ កម្មវិធីក៏បានជ្រើសយក១០ក្រុម ឆ្ពោះ​មកកាន់វគ្គផ្ដាច់ព្រ័ត្រផងដែរ។

គួររ​បញ្ជាក់​ថា ពិព័រណ៍យន្ត​ហោះ និងបចេ្ចកវិទ្យា ត្រូវបានបង្កើត និងរៀបចំឡើងដោយ​ក្រុមយុវជនកម្ពុជាមក​ពី សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង ដែលមានចំណង់ចំណូលចិត្ត​លើមុខវិជ្ជាយន្តហោះ អាកាសចរណ៍ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ និងគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា និងកងទ័ពជើងអាកាស។

សម្រាប់​ឆ្នាំ​នេះ កម្មវិធី Air & Tech Show គឺតម្រូវឲ្យអ្នកដែលចង់ចូលរួមទស្សនាការតាំងពិព័រណ៍ ធ្វើការចុះឈ្មោះ​អនឡាញ ឬ  Online Registration តាមរយៈតំណភ្ជាប់នេះ៖ https://www.airandtech.show/registration

ចុចអាន៖ការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា លើកទី ៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧-១៩ ខែធ្នូ ខាងមុខនេះហើយ

ចុចអាន៖ចុះឈ្មោះចូលរួមកម្មវិធី ការតាំងពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា តាមប្រព័ន្ធអ៊ីនធឺណិត ដោយឥតគិតថ្លៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម