Connect with us

ព័ត៌មានជាតិ

ទៅលេង​អន្លង់​ឈើ​ទាល កុំភ្លេច​ទៅ​​សាក​ម្ហូប​ឡាវ

បានផុស

នៅ

រមណីយដ្ឋានអន្លង់ឈើទាល គឺជាតំបន់អេកូទេសចរណ៍មួយដ៏ទាក់ទាញខាងវិស័យទេសចរណ៍ នៅក្បែរព្រំដែនកម្ពុជា​ឡាវ។

ស្ថិត​នៅ​​ជិត​ខាង​គ្នា​មាន​វប្បធម៌​លាយ​ចម្រុះគ្នា​រវាង​បងប្អូនខ្មែរ​និង​ឡាវ រមណីយដ្ឋានអន្លង់ឈើទាល​ជា​តំបន់ទេសចរណ៍​ដែល​ភ្ញៀវ​ចូលចិត្ត​ទៅ​មើល​សត្វផ្សោតដ៏កម្រ ហើយ​​ក៏​អាច​ទៅ​សាក​ម្ហូបអាហារបែបឡាវ បន្ថែម​ជាមួយ​ការ​ជិះទូកទៅទស្សនាតំបន់រ៉ាមសារ តាមដងទន្លេមេគង្គដោយសប្បាយរីករាយទៀតផង។   

អន្លង់ឈើទាល ស្ថិតក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ភាគខាងលិចឈៀងខាងជើងខេត្តស្ទឹងត្រែង។ បើចេញដំណើរពីក្រុងស្ទឹងត្រែង ត្រូវឆ្លងកាត់ស្ពានមេគង្គឆ្ពោះទៅកាន់ស្រុកថាឡាបរិវ៉ាត់តាមផ្លូវជាតិលេខ៩។ បើជិះរថយន្តមិនយូរប៉ុន្មានទៅដល់ផ្លូវបំបែកគ្រួសក្រហមដាក់ផ្លាក សញ្ញាបង្ហាញផ្លូវទេសចរណ៍ទៅកាន់រមណីយដ្ឋានអន្លង់ឈើទាល  ឃុំព្រះរំកិល ដែលមានចម្ងាយ ៦៤ គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង។   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញាថង បាង បានរៀបរាប់ឲ្យដឹងថា ភ្ញៀវទេសចរដែលមកលេងទីនេះ ភាគច្រើនចង់ស្គាល់ពីភូមិសាស្ត្រតំបន់ព្រំដែនកម្ពុជាឡាវអាចគយគន់ទេសភាពដោយផ្ទាល់ភ្នែកពីចំណុចអន្លង់ឈើទាល បើយើងមើលទៅត្រើយម្ខាងទៀត គឺជាទឹកដីប្រទេសឡាវ។ ម្យ៉ាងទៀតម្ហូបអាហារដែលនាងនិងអ្នកផ្សេងទៀត លក់ជូនភ្ញៀវនៅទីនោះភាគច្រើន សុទ្ធតែជាម្ហូប  បែបឡាវដាក់ម្ទេសហិរមានដូចជាបាយដំណើប បុកល្ហុងស្បែកក្របីក្រៀម  ឬសឈើដាក់ទឹកដាំផឹកបំបាត់ជំងឺ និងស្រាថ្នាំ ស្រាបៀរឡាវ នំចំណីផ្សេងទៀតជាដើម។   

កញ្ញាបានរៀបរាប់បន្តទៀតថា ប្រជាពលរដ្ឋក្នុងឃុំព្រះរំកិល តែងតែមានទំនាក់ទំនងគ្នាដោយជិះទូកឆ្លងទៅទិញអីវ៉ាន់របស់របរលក់ដូរ នំចំណីក្នុងនាមជាអ្នកភូមិផងជាមួយ​ប្រជាពលរដ្ឋឡាវ។ មូលហេតុដែលអ្នកភូមិនៅទីនេះ ឆ្លងទៅ​ទិញ​ឥវ៉ាន់​តិចតួចនៅក្នុងទឹកដីឡាវនោះ ដោយសារតែមកទិញនៅទីរួមខេត្តស្ទឹងត្រែងមានចម្ងាយឆ្ងាយ។   

ការដែលអ្នកភូមិឃុំព្រះរំកិល ឆ្លងទៅទិញឥវ៉ាន់នៅទឹកដីឡាវនោះ គឺត្រឹមប្រើរយៈពេលត្រឹមតែមួយម៉ោង ដោយចំណាយពេលជិះទូកទៅមកមិនយូរឡើយ ពោលគឺជិតជាងការធ្វើដំណើរពីឃុំព្រះរំកិល  មកទិញរបស់របរនៅខេត្តស្ទឹងត្រែង។  ឥ

រមណីយដ្ឋានអន្លង់ឈឺទាលក្រៅពីលក់ម្ហូបអាហារបែបឡាវ និងទស្សនាសត្វផ្សោតតំបន់ រ៉ាមសារក្នុងឃុំព្រះរំកិលភ្ញៀវទេសចរអាចធ្វើដំណើរទៅកាន់ទឹកជ្រោះសុភមិត្រ មិនឆ្ងាយប៉ុន្មានពីទីនោះ គឺនៅក្នុងទឹកដីស្រុកឆែបខេត្តព្រះវិហារដែលអ្នកផង តែងតែយល់ច្រឡំថាទឹកជ្រោះ សុភមិត្តស្ថិតក្នុងខេត្តស្ទឹងត្រែងគ្រាន់តែនៅជាប់ព្រំប្រទល់គ្នាប៉ុណ្ណោះ។   

លោក  ផយ  វណ្ណា ជាអ្នកបើកទូកជូនភ្ញៀវប្រចាំអន្លង់ឈើទាលនេះបានប្រាប់ថា ក្រៅពីសេវាកម្មម្ហូបអាហារ នៅរមណីយដ្ឋាន​អន្លង់ឈើទាល លោកអាចដឹកជញ្ជូនភ្ញៀវទៅទស្សនាមើលផ្សោត  មើលព្រៃលិចទឹក កោះតូចធំ តំបន់រ៉ាមសាតាមជិត  តាមឆ្ងាយរីករាយជាមួយធម្មជាតិនឹងមើលហ្វូងក្អែកទឹក សត្វស្លាបរាប់ពាន់ក្បាលហើរទុំតាមដើមឈើ    លើកោះ មើលសម្រស់ធម្មជាតិ ប្រែពណ៍ទៅតាមរដូវកាល និងមើលព្រះសូរិយារៀបអស្ដង្គតទៀតផង៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម