លោក ហេង សួរ ប្រធានសមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ហៅថា ក្រុម១៨បានមានប្រសាសន៍ថា សមាគមនឹងបន្តរៀបចំបង្កើតសាខាសមាគមបន្ថែមទៀតនៅគ្រឹះស្ថាន TVETតាមបណ្តាខេត្តដើម្បីលើកកម្ពស់ការសិក្សាស្រាវជ្រាវនិងបណ្តុះគំនិតថ្មីៗដល់សិស្សនិស្សិតផ្នែកអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែប្រសើរឡើង។
គម្រោងរៀបចំបង្កើតសាខាសមាគមបន្ថែមនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ក្នុងពិធីសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរដល់សមាជិកសមាជិកាចំនួន១៦៨នាក់ ដែលបានចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងយុទ្ធនាការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនដល់មន្ត្រីរាជការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជូនសហជីព និងកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន និងជូនបងប្អូនប្រជាពល រដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ តំបន់ក្រហមនាពេលកន្លងមក។
លោក ហេង សួរ បានមានប្រសាសន៍បន្តថា សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ដោយលោកបណ្ឌិតអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកបណ្ឌិត ពេជ សោភ័ន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅដើមឆ្នាំ២០១៥។
លោកបានបន្តទៀតថា បច្ចុប្បន្ននេះ សមាគមមានសមាជិក សមាជិកាសរុបចំនួន ១ ៧០៨នាក់ និងមានសាខាចំនួន៨នៅរាជធានីភ្នំពេញ ដែលមានគោលបំណងសំខាន់ៗរួមមាន៖ ១)រឹតចំណងសាមគ្គីភាពរវាងសិស្ស និស្សិតផ្នែកអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ២)ផ្ដល់ការគាំទ្រនិងលើកទឹកចិត្តការសិក្សាស្រាវជ្រាវរបស់សិស្ស និស្សិត៣)ផ្តល់ព័ត៌មានអាហារូបករណ៍ និងការងារ និងប្រឹក្សាយោបល់ដល់អតីតសិក្ខាកាមសិស្ស និស្សិតផ្នែក TVET ៤)បណ្ដុះនូវគំនិតច្នៃប្រឌិត និងវិទ្យាសាស្ដ្រជឿនលឿនដល់សមាជិក និងយុវជនទូទៅ ៥)ចូលរួមសកម្មភាពមនុស្សធម៌ ការងារសង្គម និងលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ល្អៗ របស់ខ្មែរ ៦)សហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស ដែលមានគោលបំណងប្រហាក់ប្រហែលគ្នាក្នុងការលើកកម្ពស់ និងលើកទឹកចិត្តដល់អ្នកដែលបានរៀនផ្នែក TVET ៧)ស្វែងរកមូលនិធិជួយដល់សិស្ស និស្សិតក្រីក្រ និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិស្សិតដែលរៀនពូកែ។
យោងតាមរបាយការណ៍របស់លោក ថង សាម៉ុន អនុប្រធានសមាគមបានបញ្ជាក់ថា ក្នុងឆ្នាំ២០២១ លោក ហេង សួរ ដែលជាប្រធានសមាគមបានដឹកនាំសមាជិកដោយផ្ទាល់ចូលរួម បេសកកម្ម៣៣ម៉ោង របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការប្រែក្លាយសណ្ឋាគារ TheGreat Duke ទៅជាមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល និងបានបន្តដឹកនាំសមាជិកចំនួន ៥២២នាក់ ស្រី ១០៥នាក់ចូលរួមការងារស្ម័គ្រចិត្តជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងបញ្ចូលទិន្នន័យចាក់វ៉ាក់សាំង ជូនដល់មន្ត្រីរាជការ សហជីព និងកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ព្រមទាំងសកម្មភាពមនុស្សធម៌កិច្ចការសង្គមសំខាន់ៗជាច្រើនទៀត។
លោក ហេង សួរ បានថ្លែងអំណរគុណដល់គ្រឹះស្ថាន TVET ទាំង៨,សាខាសមាគមទាំង៨ និងសមាជិកាទាំងអស់ដែលបានចូលរួមសកម្មភាពនានារបស់សមាគមជាពិសេសចូលរួមការងារស្ម័គ្រចិត្តជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩និងបញ្ចូលទិន្នន័យចាក់វ៉ាក់សាំងជូនដល់មន្ត្រីរាជការ សហជីព និងកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន។
លោក ហេង សួរ បានលើកឡើងថា សមាគមនឹងបន្តរៀបចំបង្កើតសាខាសមាគមបន្ថែមទៀតនៅគ្រឹះស្ថាន TVETតាមបណ្តាខេត្ត, រៀបចំចងក្រងអតីតសមាជិកដែលកំពុងធ្វើការ និងប្រកបមុខរបរដោយខ្លួនឯង,រៀបចំកម្មវិធីលើកទឹកចិត្តដល់សមាជិកក្នុងការសិក្សាស្រាវជ្រាវ,ទំនាក់ទំនងជាមួយវិស័យឯកជនដើម្បីផ្តល់ឱកាសដល់សមាជិកទទួលបានការចុះកម្មសិក្សា និងឱកាសការងារ, បន្តចូលរួមការងារសង្គមនិងការងារមនុស្សធម៌នានា៕
អត្ថបទ៖ សំអឿន