Connect with us

ព័ត៌មានជាតិ

ប្រមុខ​ការទូត​កម្ពុជា និង​ប្រេសិត​អគ្គលេខាធិការ អសប​៖ ដំណើរ​ឆ្ពោះទៅ​បញ្ចប់​អំពើហិង្សា​នៅ​មី​យ៉ាន់​ម៉ា ត្រូវតែ​ដឹកនាំ​ដោយ​មី​យ៉ាន់​ម៉ា

បានផុស

នៅ

ការ​បញ្ជាក់​បែបនេះ ត្រូវបាន​ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ជាមួយ​លោកស្រី​បណ្ឌិត Noeleen Heyzer ប្រេសិត​ពិសេស​របស់​អគ្គលេខាធិកា​រ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​មី​យ៉ាន់​ម៉ា តាម​ប្រព័ន្ធ​វីដេអូ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ជំនួប​នោះ លោកស្រី​បណ្ឌិត Noeleen Heyzer បាន​អបអរសាទរ​កម្ពុជា ដែល​បាន​ទទួល​តួនាទី​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២ និង​ជា​ប្រេសិត​ពិសេស​លើ​កិច្ចការ​មី​យ៉ាន់​ម៉ា​។ លោកស្រី​បាន​សម្តែង​នូវ​បំណង​សហការ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ក្នុង​ការ​គាំទ្រ​ឱ្យមាន​ដំណោះស្រាយ​តាម​សន្តិវិធី​ចំពោះ​វិបត្តិ​នាពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា​។ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​សម្តែង​ការអបអរសាទរ និង​បញ្ជាក់​ពី​ការត្រៀមខ្លួន​សហការ​ជាមួយ​លោកស្រី​បណ្ឌិត Noeleen Heyzer ក្នុងការ​អនុវត្ត​តួនាទី​របស់លោក​ស្រី​។ លោក​ឧបនាយករដ្ឋមន្ត្រី ក៏បាន​លើក​អំពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុងការ​ប្រកាន់យក​វិធីសាស្ត្រ​ស្របតាម​ការណ៍​ជាក់ស្តែង និង​ជា​ជំហានៗ សំដៅ​សម្រេចបាន​នូវ​វឌ្ឍនភាព​ក្នុងការ​អនុវត្ត​ការព្រមព្រៀង​ជា​ឯកច្ឆន្ទ​៥ ចំណុច​របស់​អាស៊ាន​។

នៅក្នុង​ជំនួប​នោះដែរ លោក ប្រាក់ សុខុន និង​លោកស្រី​បណ្ឌិត Noeleen Heyzer បាន​ឯកភាពគ្នា​ថា ដំណើរការ​នយោបាយ​ណាមួយ​ក៏ដោយ ដើម្បី​ឆ្ពោះទៅ​បញ្ចប់​អំពើហិង្សា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ត្រូវតែ​ដឹកនាំ​ដោយ​មី​យ៉ាន់​ម៉ា និង​ជា​កម្មសិទ្ធិ​របស់​មី​យ៉ាន់​ម៉ា​ខ្លួនឯង ទើប​អាច​សម្រេចបាន​ជោគជ័យ​។​

​ភាគី​ទាំងពីរ​បាន​សង្កត់ធ្ងន់​លើ​ភាពចាំបាច់​បន្ទាន់ នៃ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ ដើម្បី​ធានា​ការបញ្ជូន​ឲ្យ​បាន​ឆាប់រហ័ស និង​ដោយ​សុវត្ថិភាព​នូវ​ជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាជន​ដែល​កំពុង​ខ្វះខាត​បំផុត រួមទាំង​ការចាក់​វ៉ាក់សាំង​ដើម្បី​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម