Connect with us

ព័ត៌មានជាតិ

មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ នឹង​ក្លាយជា​ព្រឹ​ត្ដិ​ការណ៍​កម្រិត​ពិភពលោក​នៅ​ឆ្នាំ​២០២២ ខាងមុខ

បានផុស

នៅ

​មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ (AIFA) នឹង​ក្លាយជា​ព្រឹ​ត្ដិ​ការណ៍​ស្ដង់ដារ​អន្ដរជាតិ​ក្នុង​កម្រិត​ពិភពលោក​សម្រាប់​ឆ្នាំ​២០២២ ខាងមុខ ដើម្បី​អបអរ​ការ​ប្រារព្ធ​បិទ​ការ “​គ្រង​តំណែង​” ជាទី​ក្រុង​វប្បធម៌​អាស៊ាន​ឆ្នាំ​២០២០-២២ របស់​ក្រុង​សៀមរាប នេះ​បើតាម​ការបញ្ជាក់​ពី​នាយក​ផ្នែក​គ្រប់គ្រង​សិល្បៈ នៃ​មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ (AIFA)​។​

​លោក Aaron Carpene នាយក​ផ្នែក​គ្រប់គ្រង​លិ​ល្បៈ​នៃ​មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ (AIFA) កំពុងតែ​រៀបចំ​កម្មវិធី ដោយ​រួមបញ្ចូល​ការសម្ដែង Mozart at Angkor នៅក្នុង​គម្រោង​ល្ខោន​អូ​ប៉េ​រ៉ា​អង្គរ ដែល​នឹង​បង្ហាញ​វត្ដ​មាន​រួមគ្នា​រវាង​សិល្បករ​អន្ដរជាតិ ក៏ដូចជា​សិល្បករ​ជាតិ​នៅលើ​បរិវេណ​ឧទ្យាន​បុរាណវត្ថុវិទ្យា​អង្គរ​ដ៏​វិសេស និង​អស្ចារ្យ នា​ខេត្តសៀមរាប សម្រាប់​ឆ្នាំ​២០២២​។ ព្រឹ​ត្ដិ​ការណ៍​នេះ ត្រូវបាន​ចុះផ្សាយ​តាម​បណ្ដា​សារព័ត៌មាន​អន្ដរជាតិ​នានា ដូចជា ទស្សនាវដ្ដី​តន្ដ្រី BBC Music Magazine ទទួល​បានការ​សព្វ​ព្រះរាជ​ហារ​ទ័យ​គាំទ្រ​ពី​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ព្រះបាទ ន​រោ​ត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយក៏​បានទទួល​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​រួចហើយ​។

លោក Aaron Carpene បាន​ថ្លែងថា “​ថ្វីដ្បិតតែ​យើង​ប្រឈម​នឹង​ឧបសគ្គ​ជាច្រើន​ក្នុងការ​រៀបចំ​ព្រឹត្ដិការណ៍​មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គ​រនា​ឆ្នាំនេះ យ៉ាងណាក៏ដោយ ក៏​យើង​នៅតែ​បង្កើត​កម្មវិធី​សម្ដែង​នានា​ប្រកបដោយ​ជោគជ័យ ដែល​បានបង្ហាញ​បេតិកភណ្ឌ​វប្បធម៌​កម្ពុជា​ដ៏​សម្បូរបែប​។ យើង​មាន​ភ័ព្វសំណាង​ដែល​ទទួលបាន​ការណែនាំ​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​កម្ពុជា​។ យើង​មាន​ទំនុកចិត្ត​ថា ដោយមាន​ជំនួយ​ពី​ក្រសួង កម្មវិធី​នៅ​ឆ្នាំក្រោយ​នឹង​ធំ​ជាង​នេះ​ហើយនឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​អន្តរជាតិ​ខ្លាំង​”​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មនុស្ស​រាប់​ពាន់នាក់​បាន​ចូលរួម​ក្នុង​មហោស្រព​នេះ ដែល​មាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១០ ដល់​ថ្ងៃទី​១២ ខែធ្នូ ក្នុង​ខេត្តសៀមរាប​។ កម្មវិធី​ពិសេសៗ ក្នុង​ព្រឹត្តិការណ៍​នេះ​រួមមាន​ការសម្តែង​សិល្បៈ ដោយមាន​ការចូលរួម​ពី​សិល្បៈករ សិល្បៈការ​នី​ជាច្រើន រួម​ទាំង​តន្ត្រីករ អ្នក​គូរគំនូរ អ្នកនិពន្ធ និង​អ្នករបាំ​ជាដើម​។ ព្រឹ​ត្ដិ​ការណ៍​ដ៏​លេច​ធ្លោរ​បំផុត​មួយ​ក្នុងចំណោម​ព្រឹត្តិការណ៍​ផ្សេងៗ គឺ​ការ​បង្ហើរខ្លែងប្រពៃណី​កម្ពុជា​ដែល​ហៅថា ខ្លែងឯក​ខ្មែរ ដែល​បាន​ចាប់យក​ចំណាប់អារម្មណ៍​របស់​អន្ដរជាតិ​។

អ្នក​រៀបចំ​មហោស្រព​សិល្បៈ​អន្តរជាតិ​អង្គរ ដែល​តំណាង​ដោយ​ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បាន​រៀប​ចំ​មហោស្រព​សិល្បៈ​នេះ ក្រោម​ការ​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ខេត្តសៀមរាប ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទាំង​នៅ​ថ្នាក់ជាតិ និង​អន្ដរជាតិ​។ អ្នក​ឧបត្ថម្ភ​ព្រឹ​ត្ដិ​ការណ៍​មហោស្រព​សិល្បៈ​អន្ដរជាតិ​អង្គរ​ឆ្នាំ​២០២១ នេះ រួមមាន ស្រា​បៀរ​អង្គរ ទឹកបរិសុទ្ធ​អង្គរ​ពូ​រ៉ូ ធនាគារ​កាណាឌីយ៉ា ធនាគារ​ហ្វី​លី​ព សហព័ន្ធ​ស្វ៊ី​ស មូលនិធិ​វប្បធម៌ និង​ទេសចរណ៍ Chengdu​។

ក្រុមហ៊ុន Cambodian Arts and Festival Enterprise Co. Ltd បានរៀបចំ​ផែនការ​រួចហើយ​សម្រាប់​ព្រឹត្ដិការណ៍​មហោស្រព​ឆ្នាំក្រោយ ដែល​គ្រោង​រួមបញ្ចូល​ទាំង Mozart at Angkor​។ ដោយ​ផ្អែកលើ​ល្ខោន​អូ​ប៉េ​រ៉ា​ដ៏​ពេញនិយម​ជា​សកល​របស់ Mozart ក្នុង​រឿង “The Magic Flute” វា​នឹង​ក្លាយជា​ការសម្ដែង​ចម្លង​ពី​សាច់រឿង​ដើម ដោយមាន​ការចូលរួម​ពី​អ្នកចម្រៀង តន្ដ្រីករ និង​អ្នករបាំ​ក្លា​ស៊ី​ក​អន្ដរជាតិ​ជាច្រើនរូប​។

កម្មវិធី​ប្រគំ​តន្ដ្រី​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​បណ្ដាញ​ផ្សព្វផ្សាយ​អន្ដរជាតិ​ជាច្រើន​នៅ​អំឡុងពេល​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ជាស​កល ដែល​មានន័យថា រាល់​ការសម្ដែង​នៅ​ទីសាធារណៈ​ត្រូវបាន​កំហិត​ដោយសារ​បញ្ហា​សុខភាព និង​សុវត្ថិភាព​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម