Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារចាត់ទុកសហជីពជាដៃគូដ៏សំខាន់ក្នុងការចូលរួមការពារសិទ្ធិនិងផលប្រយោជន៍​កម្មករ​

បានផុស

នៅ

លោកបណ្ឌិត អ៊ិត ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានចាត់ទុក​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា​ជា​ដៃគូមិនអាច​ខ្វះ​បានក្នុងការ​ចូលរួមចំណែក​ការ​ការពារ​សិទ្ធិផលប្រយោជន៍​ជូន​កម្មករនិយោជិត និង​លើកកម្ពស់​ការគោរព​ច្បាប់​ស្តីពី​ការងារ និង​ច្បាប់​ស្តីពី​សហជីពឱ្យ​កាន់តែ​ល្អ​ប្រសើរឡើង​ ស្របទៅនឹង​គោលដៅ​ចម្បង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា(CCNU) អាណត្តិ​ទី​៧ (២០២២-២០២៣) នា​ព្រឹក​ថ្ងៃទី​៥ ខែមករា​នេះ សំដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​អាណត្តិ​មុនៗ ព្រមទាំង​សមាជិក សមាជិកា​ទាំងអស់​របស់​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា (CCNU) ដែល​បាន​ចូលរួមចំណែក​គ្រប់​សកម្មភាព និង​ស្មារតីធ្វើឱ្យ​អង្គការ​វិជ្ជាជីវៈ​មួយ​នេះ​ទទួលបាន​នូវ​លទ្ធផល​ជា​វិជ្ជមាន​រហូតមកដល់​ពេលនេះ។​

លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា ​សមិទ្ធផល​ដែល​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុ​ជាសម្រេច​បាន​ដូចជា ការរៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​ច្បាស់លាស់​,សកម្មភាព​ការងារ​ទាំង​ក្នុង​រោងចក្រ សហគ្រាស​, កិច្ចសហប្រតិបត្តិការ​ក្នុង​កម្រិត​តំបន់ និង​អន្តរជាតិ​, និង​ការដាក់ចេញ​នូវ​ទិសដៅ​ការងារ​បន្ត​, ព្រមទាំង​ការ​ប្តេ​ជា​ចិត្ត​របស់ថ្នាក់ដឹកនាំ CCNU បាន​ឆ្លុះបញ្ចាំង​ឱ្យ​កាន់តែច្បាស់​អំពី​ភាព​រីកចម្រើន​,ការយកចិត្តទុកដាក់​, ទំនួល​ខុសត្រូវ​, និង​ភាពចាស់ទុំ​ក្នុងការ​ដឹកនាំ​របស់ ថ្នាក់ដឹកនាំCCNU ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ចៀស​មិន​ផុតពី​ការចូលរួម​យ៉ាងសកម្ម​របស់សមាជិក សមាជិកា​ផងដែរ​។​

លោករដ្ឋមន្ត្រី​បានផ្ដល់​នូវ​អនុសាសន៍​ចំនួន​៥​ចំណុច​ដល់​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុ​ជារួមមាន៖​

១-​ត្រូវ​គិតពី​ប្រយោជន៍​រួម មាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អតាមរយៈ​ការដឹកនាំ​ដោយ​តម្លាភាព មានការ​ចាត់ចែង​ការងារ​ច្បាស់លាស់ដើម្បី​ភាព​រីកចម្រើន​រួម​របស់​អង្គភាព និង​បម្រើ​ផលប្រយោជន៍​ជូន​ប្រទេសជាតិ​មាតុភូមិ​។​

២-ត្រូវ​ពង្រឹង​ការផ្សព្វផ្សាយ​ដល់​កម្មករនិយោជិត​ដែលជា​សមាជិក​ឱ្យបាន​យល់ច្បាស់​អំពីច្បាប់​ស្ដីពី​ការងារ និង​ច្បាប់​ស្ដីពី​សហជីព ព្រមទាំង​ប្រកាស និង​សេចក្តីណែនាំ​នានា ដែល​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដាក់ចេញ​។ ជាមួយគ្នានេះក៏ត្រូវ​ពង្រីក​សមាជិក​បន្ថែមទៀតប៉ុន្តែ​សូមកុំ​ដណ្ដើម​សមាជិក​គ្នា​ដែលជា​ចំណុចរសើប​មួយ​នាំឱ្យមាន​ទំនាស់​បាក់បែកសាមគ្គី​គ្នា​។​

៣- ត្រូវ​បណ្តុះបណ្តាល ណែនាំ​ដល់​ថ្នាក់ដឹកនាំ​សហជីព​មូលដ្ឋានត្រូវ​សិក្សា​ឱ្យបាន​ច្បាស់លាស់​អំពី​ការចុះ​អនុសញ្ញា​រួមថា​តើ​ចង់បាន​លក្ខខណ្ឌ​អ្វីខ្លះ​ទាក់ទង​នឹង​ការងារ​រោងចក្រ សហគ្រាស គ្រឹះស្ថាន​ដោយ​មិនឱ្យ​ឃ្លាតឆ្ងាយ​ពី​ច្បាប់​ស្តីពី​ការងារ និងចៀសវាង​ការដឹកនាំនិង​ចូលរួម​ធ្វើបាតុកម្ម​ខុសច្បាប់​។​

៤- ត្រូវ​ពង្រឹង និង​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​សហជីពទាំង​ក្នុង​តំបន់ និង​ក្រៅ​តំបន់ ដើម្បី​កៀគរ​ការគាំទ្រ​ទាំង​ផ្នែក​សម្ភារ ថវិកានិង​ការបណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​នានា​។​

៥-​ផ្សព្វផ្សាយ​អោយបាន​ទូលំទូលាយ​ដល់​កម្មករនិយោជិត​អំពី​ការរស់នៅ​ជាមួយCOVID-19 ដោយ​អនុវត្ត​នូវ​វិធាន​សុខាភិបាល និង​អនុវត្ត ៣​កុំ ៣​ការពារ​។​

លោក តុល ផាន់​មឿង ប្រធាន​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជាអាណត្តិ​ទី​៦​បានឱ្យដឹងថា កន្លងមក CCNUបាន​ដើរតួរ​សំខាន់​ក្នុងការ​រក្សាបាន​នូវ​ការលើកកម្ពស់​លក្ខខណ្ឌ​ការងារ និង​សុខដុម​នីយកម្ម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ ការការពារ​សិទ្ធិ​ប្រយោជន៍​ជូន​កម្មករនិយោជិត​,ការចូលរួម​លើកកម្ពស់​ការ​គោរព​ច្បាប់​ស្តីពី​ការងារ និង​ច្បាប់​ស្តីពី​សហជីពប្រកបដោយ​មនសិការ​វិជ្ជាជីវៈ និង​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​។​

លោក​បាន​បន្តថា​រហូត​មកដល់​បច្ចុប្បន្ន CCNUមាន​សមាជិក​ជា​សហភាព​កើនឡើង​ដល់​ចំនួន ១៦, គណៈអចិន្ត្រៃយ៍​ចំនួន ២៧​នាក់​,សមាជិក​ក្រុមប្រឹក្សាភិបាល​ចំនួន ១៣៣​នាក់​, សហព័ន្ធ​សហជីព​ចំនួន ១១៤,សមាគម​ចំនួន ៩, អង្គការ​ចំនួន ៦, សហជីព​មូលដ្ឋានចំនួន ១០៨៩និង​សមាជិក​ដែលជា​កម្មករ​កម្មការិនី​សរុប​ចំនួន​ជាង ៧០​ម៉ឺន​នាក់​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម