Connect with us

ព័ត៌មានជាតិ

ដឹងកាន់តែលម្អិត ពី ជនជាតិដើមភាគតិច ឞូនង​ ដែលមានកំណើតជាង ២ ០០០ ឆ្នាំ

បានផុស

នៅ

ឞូនង​ គឺជាក្រុមប្រជាជនជនជាតិដើមដែលរស់នៅក្នុងប្រទេស កម្ពុជា ឡាវ និងវៀតណាម។ ពួកគេត្រូវបានចាត់ថ្នាក់ជាក្រុមអំបូរមនុស្ស “មន-ខ្មែរ” ដែលមានទីដែនដីដូនតាចាប់ពីភាគឦសាននៃ​ប្រទេស​កម្ពុជា ពីភូមិភាគខ្ពង់រាប កណ្តាលនៃប្រទេស​វៀតណាម រហូតដល់ជ្រោយនៃសមុទ្រចិនខាងត្បូង និងនៅភាគត្បូង នៃ ប្រទេសឡាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពេលដ៏យូរ​លង់ណាស់មកហើយ ប្រមាណជាង ២ ០០០ ឆ្នាំមកនេះ ឞូនង ត្រូវបានចិន​ហៅក្រុមជនជាតិដើមនេះថា “ហ្វូណន” (ដើមឡើយកម្ពុជរដ្ឋ មាន​នគរហ្វូណន ឬ នគរភ្នំ) វៀតណាម ឬយាគណាម ហៅថា “មនង” ខ្មែរហៅពួកគាត់ថា “ព្នង” ចំណែកឡាវ ហៅពួកគេថា “ម៉យ”។ ផ្ទុយទៅវិញ ជនជាតិដើមឞូនង ហៅខ្លួនឯងថា “ឞូនង”។ ភាគច្រើនពួកគេរស់នៅ ខេត្តមណ្ឌលគិរី និងមួយចំនួនទៀត មាននៅខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។

សព្វថ្ងៃនេះ ឞូនង រស់នៅបែកខ្ញែកនៅតាមផ្នែកខ្លះនៃពិភពលោក ដោយសារសង្គ្រាម បញ្ហាផ្លាស់ប្តូរ​សង្គម ​និងនយោបាយពីអតីតកាល។ ឧទាហរណ៍នៅក្នុងសម័យសង្គ្រាមឥណ្ឌូចិន និងបញ្ហាបច្ចុប្បន្ន​ទាក់​ទងនឹង​សកលភាវូបនីយកម្មពិភពលោក តម្រូវការសេដ្ឋកិច្ចសង្គម។

ឞូនង ត្រូវបានប៉ាន់ប្រមាណប្រហែលមានចំនួនជាង ១ លាននាក់ រស់នៅនៅក្នុងដែនដីដូនតារបស់គេ​បច្ចុប្បន្ន​ មាននៅក្នុងកម្ពុជា ឡាវ និងវៀតណាម។ ជនជាតិដើមឞូន៝ង គឺជាឈ្មោះមួយហៅទូទៅ សំដៅទៅ​ក្រុមជនជាតិដើមនេះ ដែលមានអនុអំបូរតូចៗដោយការសំគាល់តាមគ្រាមភាសារបស់ពួកគេ ពីតំបន់មួយ​ទៅតំបន់មួយ និងពីអនុអំបូរមួយទៅអនុអំបូរមួយទៀត។ ឧទាហរណ៍ អនុអំបូរ ឞូន៝ងឞូន៝រ (Bunong Bunor) ឞូនងនង (Bunong Nong) ឞូនងកាហោ (Bunong Kaho) ឞូនងរាអូង (Bunong Ra Ong) ឞូនងក្រោល (Bunong Krol) ជាដើម។

ឞូនង បច្ចុប្បន្ននេះ ប្រឈមទៅនឹងបញ្ហាសេដ្ឋកិច្ចសង្គម និងនយោបាយជាច្រើន។ នៅក្នុងបញ្ហាសង្គម ពួកគេរងនូវការហូរចូលនូវអ្នកចំណូលថ្មីមានដូចជា ខ្មែរទំនាបកណ្តាល វៀតណាម និងឡាវ មកនៅក្នុង​ដែនដីដូនតារបស់គេដែលជាទូទៅទាញយកធនធានធម្មជាតិដែលមានកំណត់របស់ពួកគេដូចជា ទឹក ដីធ្លី និងធនធានធម្មជាតិ។ ពេលខ្លះ ការទាញយកផល និងអនុផលពីដែនដីដូនតារបស់ពួកគេនេះ មិនបានទាំងសុំការឯកភាព ឬផ្តល់ប្រយោជន៍ត្រលប់ទៅជនជាតិដើមឞូន៝ងនោះទេ ជារឿយៗពួកគេត្រូវបានបណ្តេញ​ចេញជាដើម។ ជាងនេះទៅទៀត ជនជាតិដើមឞូន៝ងកំពុងរងឥទ្ធិពលពីសាសនា សំខាន់ពីរ គឺសាសនាគ្រឹះ និងសាសនាព្រះពុទ្ធ ខណៈជនជាតិដើមមានសាសានបូរាណដើមរបស់ខ្លួន តាំងពី​យូរលង់ណាស់​មក​ហើយ។ 

គួរកត់សម្គាល់កំហុសឆ្គងជាយូរយាណាស់មកហើយនៃការហៅឈ្មោះជនជាតិដើមឞូនង តាមសំណេរ​របស់សង្ឃរាជ ជួន ណាត ថា ក្រុមជនជាតិដើមនេះគឺជាអំបូរ​​មនុស្សរស់នៅតំបន់ភ្នំ​ដូចនេះ ដូចនេះខ្មែរ ត្រូវហៅថា “ព្នង” ។ តាមពិត​ជនជាតិដើមឞូនងនេះ មិនមែនរស់នៅតែនៅតំបន់ភ្នំប៉ុណ្ណោះទេ ព្រោះគេក៏​រស់នៅនៅតាមតំបន់វាលទំនាប​ផងដែរ តួយ៉ាងនៅកម្ពុជា គឺតាំងពីបុរមបុរាណមក គាត់រស់នៅតាមបណ្តាខេត្ត​មួយចំនួន​ដូចជា​កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង (ឥឡូវរកមិនទាន់ឃើញ ដោយសារពួកគាត់បានក្លាយជាខ្មែរ) ស្ទឹងត្រែង ក្រចេះ។ បន្ថែមលើសូរស័ព្ទ ឞូនង ឬ ពូណង នេះវិញ ដោយសារខ្មែរមានតែសូរ “ប” ដែលអក្សរ​ខ្មែរមិនមាន សូរស័ព្ទ អក្សរ “ឞ” (មិនមែន “ម” ទេ នេះជាអក្សរ ឞូនងថ្មី ដែលក្រសួងអប់រំ ឯកភាពបាន​រៀបចំឱ្យមានអក្សរ​ជនជាតិដើម ឞូន៝ង ចាប់ពីឆ្នាំ ២០០០ មក) មានសូរធ្ងន់ជាង “ប”​។

ព្យញ្ជនៈឞូន៝ងមាន៖ ក ខ គ ង ច ឆ ជ ញ ដ ត ថ ទ ម ប ផ ព ម យ យ្ស រ ល វ ឞ ស ហ អ អ្យ។ ចំណែកស្រៈឞូន៝ងមាន៖ ា ិ ី ឹ ឺ ុ ូ ើ ៀ េ ែ ៃ ោ ៅ ៝។

ជាទូទៅ បើខ្មែរ ហៅ “ព្នង” និងឡាវហៅ “ម៉យ” ទៅកាន់ពួកគេ អ្នកអាចនឹងមិនត្រូវបានចម្លើយ ឬពួកគាត់នឹងមិនចង់និយាយរក ឬឆ្លើយឆ្លងជាមួយនឹងអ្នកឡើយ ដោយសារទី១ មិនចាំសូរស័ព្ទ ទី២ មានលក្ខណៈជាការរើស​អើង ពីព្រោះពាក្យ “ព្នង” និង “ម៉យ” នេះ មានអត្ថន័យបែប​ជាការមើលងាយ និងរើសអើងចំពោះ​ពួកគាត់។ ចិនហៅ “ហ្វូណន” វៀតណាមហៅ “មនង” បែបត្រឹម​ត្រូវជាងទៅវិញ។ ដូចនេះយើងត្រូវហៅគាត់ឱ្យត្រូវ និងចំ គឺហៅ​គាត់ថា “ឞូនង” (ឬ “ពូណង” ជាពីរពាក្យ) មិនមែន១ពាក្យ “ព្នង” ឬ “ភ្នង” ទេ។

គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ធានាដល់ប្រជាពលរដ្ឋគ្រប់រូបនូវសិទ្ធិស្មើៗគ្នា ដោយមិនប្រកាន់ ជាតិសាសន៍ ពណ៌សម្បុរ ភេទ ភាសា និងជំនឿខាងសាសនា ឡើយ។ កម្ពុជាបានបោះឆ្នោតគាំទ្រសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពី សិទ្ធិនៃជនជាតិដើមភាគតិច នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅក្នុងឆ្នាំ ២០០៧៕

“កម្ពុជាថ្មី” និងបង្ហាញទំនាក់ទំនង ជនជាតិដើមភាគតិច “ឞូនង” ជាមួយ អាណាចក្រខ្មែរ តាំងពីមុនគ្រិស្តសករាជ ជាបន្តទៀត។

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា១០ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ១១ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ១៤ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ១៧ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម