Connect with us

ព័ត៌មានជាតិ

តើជនជាតិដើម និង ពូនង រស់បែកគ្នាពីជនជាតិខ្មែរនៅពេលណា?​

បានផុស

នៅ

បច្ចុប្បន្ន កម្ពុជាមានជនជាតិដើមភាគតិចចំនួន ២៤ ក្រុមនៅទូទាំងខេត្តចំនួន ១៥ ក្នុងនោះ ខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ មានប្រជាជនជាជនជាតិដើមភាគតិចខ្ពស់ជាងគេ។ ក្រុមជនជាតិដើមភាគតិចទាំងនេះត្រូវបានកំណត់អត្តសញ្ញាណតាមរយៈភាសារបស់ពួកគេ។​ ក្រុមជនជាតិដើមនៅកម្ពុជា មានដូចជា ពូនង ព្រៅ ជង ចារាយ កាចក់ កាវ៉ែត ខិ ខោញ កួយ គ្រឹង ក្រោល ល្អិន លុន មិល ព័រ រដែ សំរែ សួយ ស្ពុង ស្ទៀង ថ្នូន និងទំពួន។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើជនជាតិដើម និងជនជាតិ ពូនង រស់បែកគ្នាពីជនជាតិខ្មែរនៅពេលណា?

លោក អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋាន អភិរក្ស និងបុរាណវិទ្យា បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា កាលជាង ២ ពាន់ឆ្នាំមុន ពោលគឺនៅ ពីរ បីរយឆ្នាំមុនគ្រិស្តសករាជ នៅលើផែនដីខ្មែរ មានជនជាតិភាគតិចរស់នៅច្រើន ប្រហែល ៣០ ទៅ ៥០ក្រុមផ្សេងៗគ្នា។ ក្នុងជនជាតិភាគតិចទាំងអស់នោះ មានអម្បូរខ្លះនិយាយភាសាដូចខ្មែរ ដែលគេហៅថា អម្បូរ​ អូស្ត្រូអាស្ត្រាទិក ឬក៏ក្រោយមកគេហៅថា អម្បូរ មន-ខ្មែរ។

លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍បន្តថា ក្រោយមក ពេលអ្នកជំនួញ អ្នកផ្សព្វផ្សាយសាសនា និងពេលប្រពៃណីព្រាហ្មណ៍របស់ឥណ្ឌាហូរចូលមកខ្មែរ ជនជាតិភាគតិចមាន ពូនង ជាដើមនោះ មិនទទួល អត់ប្រាស្រ័យ អត់និយាយជាមួយជនជាតិថ្មី គឺជនជាតិឥណ្ឌានោះទេ គឺមានតែខ្មែរតែមួយគត់ដែលព្រមទទួលអរិយធម៌ថ្មី ហើយវិវឌ្ឍក្លាយជាខ្លួនឯង។

អតីតអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ រូបនេះ បានបន្តថា៖ “ពេលហ្នឹងហើយ ទើបគេអាចបែងចែកដាច់ថា ជនជាតិជាខ្មែរ និងជនជាតិដទៃ ព្រោះជនជាតិទាំងនោះឈប់រស់នៅផ្ដុំក្បែរគ្នា ដោយពួកគេរត់ទៅនៅឆ្ងាយៗឱ្យផុតពីឥទ្ធិពលរបស់ឥណ្ឌា​​”។

លោក អ៊ឹម សុខរិទ្ធី មានប្រសាសន៍បន្ថែមថា ពេលនោះដែរ ខ្មែរមានឥទ្ធិពលបង្កើតជារដ្ឋ រហូតក្លាយជាចក្រភពមួយដែលពឹងផ្អែកលើជំនួញសមុទ្រ​ ពាក់ព័ន្ធជាមួយឥណ្ឌា និងចិនជាដើម។ ចិនហៅខ្មែរថា ហ្វូណន ដែលមានន័យថា នគរចម្រុងចម្រើនរុងរឿងនៅខាងត្បូង ព្រោះចិន គិតថា ប្រទេសខ្លួនឯងស្ថិតនៅកណ្ដាលផែនដី។

ប្រធាននាយកដ្ឋាន អភិរក្ស និងបុរាណវិទ្យា ដដែលនេះ បញ្ជាក់បន្តថា ជនជាតិទាំងអស់រស់នៅជាមួយគ្នា នៅផ្ដុំគ្នា អត់ទាន់ផ្ដាច់ពីគ្នា ដែលមុនទទួលឥទ្ធិពលឥណ្ឌា មិនមានមធ្យោបាយណាបែងចែកថា អ្នកណាជាជនជាតិខ្មែរ អ្នកណាជាជនជាតិ​អ្វីទេ។

លោក អ៊ឹម សុខរិទ្ធី ពន្យល់ថា៖ “ឧទាហរណ៍ពេលយើងធ្វើកំណាយស្រាវជ្រាវ ប៉ះផ្នូរ ឬឆ្អឹងខ្មោចសម័យបុរេប្រវត្តិ យើងមិនអាចកំណត់ថាជាឆ្អឹងរបស់ជនជាតិខ្មែរ ជាចាម ជ្វា លាវបានទេ គឺអាចនិយាយបានថា ជាឆ្អឹងរបស់មនុស្សដើមនៅនគរខ្មែរ។ ខុសពីប្រទេសខាងលិច ខាងកើត ពេលគេជីកឃើញឆ្អឹងខ្មោចបុរាណ នៅលើទឹកដីគេបច្ចុប្បន្ន គេថា ហ្នឹងជាឆ្អឹងជនជាតិថៃ ហ្នឹងជាឆ្អឹងជនជាតិវៀតណាម។ ដើម្បីឱ្យស្គាល់ថា តើឆ្អឹងនោះជាជនជាតិអ្វី ទាល់តែស្រាវជ្រាវតាម DNA”។

គួរបញ្ជាក់ថា ជនជាតិពូនង ត្រូវបានប៉ាន់ប្រមាណប្រហែលមានចំនួនជាង ១ លាននាក់ រស់នៅនៅក្នុងដែនដីដូនតារបស់គេ​បច្ចុប្បន្ន​ មាននៅក្នុងកម្ពុជា ឡាវ និងវៀតណាម។ ជនជាតិដើមពូនង គឺជាឈ្មោះមួយហៅទូទៅ សំដៅទៅ​ក្រុមជនជាតិដើមនេះ ដែលមានអនុអម្បរតូចៗដោយការសម្គាល់តាមគ្រាមភាសារបស់ពួកគេ ពីតំបន់មួយ​ទៅតំបន់មួយ និងពីអនុអម្បូរមួយទៅអនុអម្បូរមួយទៀត។ ឧទាហរណ៍ អនុអំបូរ ពូនងពូនរ (Bunong Bunor) ពូនងនង (Bunong Nong) ពូនងកាហោ (Bunong Kaho) ពូនងរាអូង (Bunong Ra Ong) ពូនងក្រោល (Bunong Krol) ជាដើម។

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម