អតិថិជនប្រតិកម្មធនាគារ ABA គិតសេវា ៥០ដុល្លារ ក្នុងការបង្កកលុយពេលផ្ទេរខុសគណនី
Connect with us

ព័ត៌មានជាតិ

អតិថិជនប្រតិកម្មធនាគារ ABA គិតសេវា ៥០ដុល្លារ ក្នុងការបង្កកលុយពេលផ្ទេរខុសគណនី

បានផុស

នៅ

អតិថិជន បានប្រតិកម្មទៅនឹងគោលការណ៍របស់ធនាគារ ABA ដែលគិតសេវាចំនួន ៥០ដុល្លារ ក្នុងការបង្កកលុយក្នុងគណនី ពេលអតិថិជនផ្ទេរលុយខុស។ សាធារណជនលើកឡើងថា ការទារសេវា ៥០ដុល្លារ ជាថ្នូរនឹងការបង្កកលុយក្នុងគណនីនេះ មានកម្រិតខ្ពស់ពេក ដែលក្រុមហ៊ុនគួរពិចារណាឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី សឿង សុថារី ជាអតិថិជនរបស់ក្រុមហ៊ុន ABA បានផ្ទេរថវិកាអស់មួយចំនួនច្រឡំចូលគណនីផ្សេង។ ភ្លាមៗអ្នកស្រី បានស្នើសុំកិច្ចអន្តរាគមន៍ពីធនាគារ ABA ដើម្បីបង្កកលុយនៅក្នុងគណនី ដែលអ្នកស្រីផ្ទេរច្រឡំនេះ។ ភ្នាក់ងារធនាគារ បានប្រាប់អ្នកស្រីថា ត្រូវគិតសេវាចំនួន ៥០ដុល្លារ ក្នុងការបង្កកនេះ។

អ្នកស្រីលើកឡើងថា « ខ្ញុំគិតថា ការកាត់សេវា ៥០ដុល្លារនេះ គឺប៉ះពាល់អារម្មណ៍អតិថិជនខ្លាំងណាស់ មិនមែនមានតែខ្ញុំទេ អ្នកផ្សេងក៏គេគិតដូច្នេះដែរ…ធនាគារគួរពិចារណាគិតក្នុងតម្លៃទាបជាងនេះ បើធៀបនឹងធនាគារផ្សេង នៅពេលដែលអតិថិជនជួបបញ្ហាអ៊ីញ្ចឹង គេអត់មានកាត់សេវាពីអតិថិជនទេ គេព្យាយាមសម្រួលជូនអតិថិជនឲ្យអស់លទ្ធភាព ដើម្បីរក្សាអតិថិជនរបស់គេ»។

អ្នកស្រី សឿង សុថារី បន្ថែមថា អ្នកដែលផ្ទេរខុសក្នុងចំនួនទឹកលុយច្រើន ត្រូវតែបង្ខំចិត្តបង់ថ្លៃសេវា បើពុំដូច្នោះនឹងខាតបង់ថវិការទាំងអស់ ដែលផ្ទេរច្រឡំនេះ ព្រោះខាងធនាគារមិនមានដំណោះស្រាយនោះទេ បើមិនផ្តល់សេវាដូចការកំណត់។ ដោយឡែកប្រសិនបើលុយដែលផ្ទេរច្រឡំនេះ ក្រោម ៥០ដុល្លារ នោះអតិថិជននឹងចោលលុយនេះ ព្រោះថ្លៃសេវាច្រើនជាងតម្លៃលុយដែលផ្ទេរខុសនោះ។ អ្នកស្រីសង្កត់ធ្ងន់ថា មិនគួរមានរឿងនេះកើតឡើងចំពោះអតិថិជន ដែលបានបង់សេវារាល់ឆ្នាំហើយ ត្រូវមកបង់សេវាខ្ពស់លើបញ្ហានេះ បន្ថែមទៀតនោះទេ។

ក្រោយអ្នកស្រី សុថារី បង្ហោះនៅលើបណ្តាញសង្គមពាក់ព័ន្ធបញ្ហានេះ មានសាធារណជន បានបញ្ចេញមតិប្រតិកម្មជាច្រើនផងដែរ។ ក្នុងនោះ គណនីឈ្មោះ Sreylin Sreng បានបញ្ចេញមតិថា« ការផ្ទេរលុយខុស ឬផ្ញើខុស នៅតាមធនាគារ គេអត់ដែលយកសេវាពីអតិថិជនទេ ខ្ញុំវេរខុសដែរតា តែគ្រាន់តែយើងចាំប្រហែល ៣-៤ថ្ងៃ ទើបខាងធនាគារគេផ្ទេរលុយចូលកុងយើងវិញ»។

ឆ្លើយតបនឹងបញ្ហានេះ ភ្នាក់ងារធនាគារ ABA បានប្រាប់កម្ពុជាថ្មីថា ប្រសិនបើកើតមានបញ្ហានេះ អតិថិជន អាចទាក់ទៅបុគ្គលដែលយើងវេរលុយខុសនេះ តាមវិធីណាក៏ដោយ ឲ្យគេវេរត្រឡប់មកវិញ គឺមិនអស់សេវានោះទេ។ ប៉ុន្តែប្រសិនបើលោកអ្នកស្នើសុំធនាគារឲ្យបង្កកលុយក្នុងគណនី ខាងធនាគារនឹងគិតសេវា ២.៥ភាគរយយ៉ាងតិច ស្មើនឹង ៥០ដុល្លារ។ ខាងធនាគារ សង្កត់ធ្ងន់ថា គ្មានគោលការណ៍សម្រួលបញ្ចុះតម្លៃសេវាទាបជាងនេះនោះទេ៕ ដោយ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម