Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាល ចុះកិច្ចព្រមព្រៀង​ស្ថាបនាវារី​អគ្គិសនី​ស្ទឹង​តាតៃ​លើ និង​ខ្សែ​បញ្ជូន​ ២ ខ្សែ តម្លៃ​ជាង ៧០០លានដុល្លារ

បានផុស

នៅ

ភ្នំពេញ៖ រដ្ឋាភិបាល​តាម​រយៈ​ក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរអគ្គិសនីកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគក្រោមរូបភាពសាងសង់-ដំណើរការ-ផ្ទេរ លើគម្រោងវិនិយោគវិស័យថាមពលចំនួន ០២ គឺគម្រោងសាងសង់វារីអគ្គិសនីស្ទឹងតាតៃលើ និងខ្សែបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុលចំនួន ២ ខ្សែ ដោយ ១ ខ្សែពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងមួយទៀតពីខេត្តបាត់ដំបងទៅព្រំដែនថៃ ដែលមានតម្លៃសរុប​ជាង៧០០លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀងទាំងនេះបានធ្វើឡើងកាលពីថ្ងៃទី៨ខែធ្នូឆ្នាំ២០២០ នៅទីស្តីការក្រសួងក្រោមអធិនតីភាពលោក ស៊ុយ សែមរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

បើតាមក្រសួងរ៉ែនិងថាមពល គម្រោងសាងសង់វារីអគ្គិសនីស្ទឹងតាតៃលើ ត្រូវបានចុះហត្ថលេខាជាមួយក្រុមហ៊ុន China National Heavy Machinery Corporation របស់ចិន។ ចំណែកគម្រោង “ខ្សែបញ្ចូនអគ្គិសនី ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ” ចុះហត្ថលេខាជាមួយក្រុមហ៊ុន Schneitec ដែលនឹងវិនិយោគលើគម្រោងខ្សែបញ្ជូនទាំង ២ នេះ ក្រោមរូបភាពវិនិយោគសាងសង់ដំណើរការផ្ទេរ (Build-Operation-Transfer)។

ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើបន្ទាប់ពីគណៈរដ្ឋមន្ត្រីបានឯកភាពលើគម្រោងទាំងពីរខាងលើនេះ កាលពីថ្ងៃទី ២៣ ខែតុលាឆ្នាំ២០២០កន្លងទៅ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើដែលមានវិនិយោគក្នុងតម្លៃជាង៣៨៩ លានដុល្លារគឺជាគម្រោងមួយដែលមានសក្ដានុពលវារីអគ្គិសនី ប្រើប្រភពទឹករបស់ស្ទឹង២គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។ ប្រភពទឹកដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនីនៅអគារថាមពលដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែបតាមបំពង់ទួណែលបង្ហូរទឹកក្រោមដី។

គម្រោងនេះផ្ដល់សម្បទានរយៈពេល ៣៩ឆ្នាំ ក្នុងនោះ៤ឆ្នាំសម្រាប់ការសាងសង់ និង៣៥ឆ្នាំសម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាននៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឱ្យអគ្គិសនីកម្ពុជាគឺជាមធ្យម ៥២៧លានគីឡូវ៉ាត់ម៉ោង ហើយលក់ក្នុងតម្លៃ ៧,៩២សេនអាម៉េរិក ក្នុង១គីឡូវ៉ាត់ម៉ោង។

ឯគម្រោងសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុលពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ ដែលមានប្រវែង ១៩៩, ៥២ គីឡូម៉ែត្រក្រោមទុនវិនិយោគជាង ៣៣០ លានដុល្លារ និងគម្រោងវិនិយោគខ្សែបណ្តាញបញ្ជូនអគ្គិសនី ៥០០ គីឡូវ៉ុលប្រវែង ១០៧ គីឡូម៉ែត្រពីខេត្តបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ ក្នុងទំហំទឹកប្រាក់វិនិយោគជិត ១១១ លានដុល្លារ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម