Connect with us

ព័ត៌មានជាតិ

មន្ត្រីសិទ្ធិមនុស្សកម្ពុជា ៖ កម្ពុជាមានលំហប្រជាធិបតេយ្យល្អ និងការបញ្ចេញមតិដោយសេរី

បានផុស

នៅ

មន្ត្រីនាំពាក្យ នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ជារូបភាពដ៏អាក្រក់មួយ ដែលក្រុមអង្គការសង្គមស៊ីវិលមួយចំនួន តែងតែទៅពឹងពាក់បរទេស ឲ្យមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ប៉ុន្តែជាគោលការណ៍ គឺគ្មានប្រទេសណាមួយ អាចទៅបង្គាប់បញ្ជាប្រទេសណាមួយ បាននោះទេ។

ការលើកឡើងនេះ បន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួន បានលើកឡើងអំពីការព្រួយបារម្ភ នៃការធ្លាក់ចុះការគោរពសិទ្ធិមនុស្ស និងសេរីភាពនៃការបញ្ចេញមតិ ក្នុងប្រទេសកម្ពុជា នៅក្នុងជំនួបជាមួយលោកស្រី Amanda Milling រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី របស់ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ។ លើសពីនេះទៀត ក្រុមអង្គការសង្គមស៊ីវិល ក៏ចង់ឲ្យចក្រភពអង់គ្លេស មានវិធានការជាក់ស្ដែង ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិនៅកម្ពុជា ផងដែរ។ ក៏ប៉ុន្តែ មន្ត្រីសិទ្ធិមនុស្ស របស់រាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា សេរីភាពបញ្ចេញមតិ ការគោរសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មានភាពល្អប្រសើរ។

លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៣ ខែមករានេះថា លោកស្រី Amanda Milling រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី របស់ចក្រភពអង់គ្លេស អញ្ជើញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា គឺជាការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិ​បត្តិការ លើវិស័យមួយចំនួនដូចជា៖ សេដ្ឋកិច្ច,ការទូត, និងជាពិសេសក្នុងភាពជាអ្នកដឹកនាំអាស៊ាន របស់កម្ពុជា នៅឆ្នាំ ២០២២នេះ។ ដូច្នេះចក្រភពអង់គ្លេស បន្ទាប់ពីបានចាកចេញពីសហភាពអឺរ៉ុប បានពង្រឹងប្រទេសរបស់ខ្លួន ឲ្យក្លាយជាប្រទេសមហាអំណាច ហើយចង់ឲ្យមានភាពស្មើគ្នាដូចប្រទេសផ្សេងៗទៀត ដែលជាឧទាហរណ៍៖ កិច្ចប្រជុំអាស៊ាន-ចិន, អាស៊ាន-កូរ៉េ, អាស៊ាន-អាមេរិក, ហើយនៅខាងមុខអាច នឹងមានកិច្ចប្រជុំអាស៊ាន-អង់គ្លេស ផងដែរ។

លោក កត្តា អ៊ន បានឲ្យដឹងបន្តថា អ្វីដែលជាដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ី នៃចក្រភពអង់គ្លេស មិនមានការជះឥទ្ធិពលអ្វី មកលើការដឹកនាំរបស់កម្ពុជានោះទេ។ ម្យ៉ាងទៀត ព្រះរាជាណាចក្រអង់គ្លេស និងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសរាជានិយម ប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យដូចគ្នា។ ដូច្នេះបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជា កំពុងមានភាពរីកចំរើន ក្នុងបរិបទនៃលំហរ​​លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាពិសេសសេរីភាពក្នុងការបញ្ចេញមតិ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា ចំពោះអ្វីដែលក្រុមអង្គការសង្គមស៊ីវិលមួយចំនួន លើកឡើងដដែលៗ ថា ស្ថានភាពសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិនៅកម្ពុជា មានការធ្លាក់ចុះនោះ គឺដោយសារតែពួកគេឲ្យនិយមន័យ នៃសេរីភាពបញ្ចេញមតិមានការខុសឆ្គង។ អ្វីដែ​លក្រុមអង្គការសង្គមស៊ីវិល ចង់លើកឡើងគឺថា មនុស្សអាចប្រើសេរីភាពគ្រប់បែបយ៉ាងទាំងអស់ ដោយ​មិនពិនិត្យមើល នៅក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញនោះទេ ដោយនៅក្នុងរដ្ឋធម្មនុញ្ញ គឺបានចែងអំពីការផ្ដល់សិទ្ធិសេរីភាព ដល់មនុស្សដោយសេរី តែក្នុងរដ្ឋធម្មនុញ្ញដដែល ក៏បានកំណត់ថា ការប្រើប្រាស់សិទ្ធិសេរីភាព ត្រូវមានការទទួលខុសត្រូវ ចំពោះមុខច្បាប់ ចំពោះសិទ្ធិអ្នកដទៃ។ ដូច្នេះ​ ត្រូវមានព្រំដែននៃការប្រើប្រាស់សិទ្ធិសេរីភាពបញ្ចេញមតិ។

លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ការអនុវត្តច្បាប់ ចំពោះអ្នកបញ្ចេញមតិ ដែលរំលោភបំពានច្បាប់ និងអ្នកបញ្ចេញមតិប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ ព្រមទាំងអ្នកបញ្ចេញមតិប៉ះពាល់សន្តិសុខជាតិ សណ្ដាប់ធ្នាប់សាធារណៈ សុទ្ធតែបទល្មើស ដែលចែងក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

លោកថា «អញ្ចឹងហើយ បុគ្គលដែលប្រើប្រាស់ សេរីភាពហួសព្រំដែនបែបហ្នឹង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ក្រុមអង្គការសង្គមស៊ីវិល គាត់អត់យល់ពីបញ្ហាហ្នឹង គាត់យល់ថា អ្នកបញ្ចេញមតិឲ្យតែមានចំណាត់ការផ្លូវច្បាប់ ទៅលើអ្នកបញ្ចេញមតិ គាត់ថាអាហ្នឹងជាការបិទសេរីភាពបញ្ចេញមតិ អាហ្នឹងជារឿងមួយខុសឆ្គងណាស់ ខ្ញុំសួរទៅវិញថា តើអង្គការសង្គមស៊ីវិល ឲ្យមនុស្សបញ្ចេញមតិដោយអនាធិបតេយ្យ ដែរឬទេ? ចុះអង្គការសង្គមស៊ីវិលហ្នឹង បើសិនជាមនុស្សបញ្ចេញមតិ ប្រឆាំងនឹងអង្គការសង្គមស៊ីវិល ធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ អង្គការសង្គមស៊ីវិល ធ្វើឲ្យប៉ះពាល់ផ្ទៃក្នុង ឬមួយកិត្តិយស សេចក្ដីថ្លៃថ្នូរ របស់អង្គការសង្គមស៊ីវិល សួរថា អាហ្នឹងសេរីភាពបញ្ចេញ ដែលអង្គការសង្គមស៊ីវិល ចង់បានដែរឬទេ? ដូច្នេះវាមិនមានអ្វី ដែលជាការបិទសិទ្ធិសេរីភាព បញ្ចេញមតិ ឬក៏សេរីភាពបញ្ចេញធ្លាក់ចុះ ឬក៏លទ្ធិប្រជាធិបតេយ្យធ្លាក់ចុះទេ»។

លោក កត្តា អ៊ន បានបញ្ជាក់បន្ថែមថា នៅក្នុងប្រទេសកម្ពុជា មានលំហរប្រជាធិបតេយ្យល្អ និងមានការបញ្ចេញមតិដោយសេរី ហើយមិនត្រឹមតែដោយសេរីទេ គឺចង់ហួសព្រំដែនទៅទៀត ពោលគឺចង់ក្លាយទៅជាអនាធិបតេយ្យទៅទៀត។ ដូច្នេះ ទើបរាជរដ្ឋាភិបាល ប្រើប្រាស់តួនាទីនៃការអនុវត្តច្បាប់ ប្រឆាំងចំពោះតែបុគ្គលណា ដែលប្រព្រឹត្តល្មើសច្បាប់តែប៉ុណ្ណោះ ហើយបុគ្គលរាប់លាននាក់ផ្សេងទៀត ដែលគោរពច្បាប់ គឺពួកគេប្រើប្រាស់សិទ្ធិសេរីភាព បញ្ចេញមតិដោយត្រឹមត្រូវ ហើយមិនមានការអនុវត្តច្បាប់ ទៅលើពួកគេឡើយ៕

អត្ថបទ៖ ឃួន សុភ័ក្រ  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម