ព័ត៌មានជាតិ
ម៉ាស៊ីនស្វ័យប្រវត្តិ ថតជាប់សត្វព្រៃជិតផុតពូជ នៅភូមិសាស្រ្ត ៣ ខេត្តជាប់គ្នា
ក្រសួងបរិស្ថាននៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នេះ បានបង្ហាញពីទិន្នន័យនៃវត្តមានសត្វព្រៃជាច្រើនប្រភេទនៅក្នុងតំបន់ការពារធម្មជាតិរបស់ប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា សត្វព្រៃជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែងចំនួន ១០ ប្រភេទ ត្រូវបានកត់សម្គាល់តាមរយៈទិន្នន័យប្រមូលបានពីរូបថតម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលមន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានអនុវត្តសិក្សាក្រោមការគាំទ្រពីគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន។
យោងតាមលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថានពីចុងខែតុលាឆ្នាំ២០២១ ដល់ដើមខែមករា ឆ្នាំ២០២២ នេះ ក្រសួងបរិស្ថានបានរកឃើញវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ការគំរាមកំហែងចំនួន ១០ប្រភេទ រួមមាន៖ ដំរីអាស៊ី ខ្ទីង ប្រើសស្បូវ កែះ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ឆ្កែព្រៃ ជ្រូកពោន ឬជ្រូកព្រុល សំពោចកលឿង និងស្វាត្រោស និងប្រភេទថនិកសត្វ បក្សីមួយចំនួនទៀតមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា ក្នុងការសិក្សាស្រាវជ្រាវនេះ ក្រុមមន្ត្រីជំនាញក្រសួងបរិស្ថានបានដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ៤៩ទីតាំងដែលក្នុងនោះក្នុងដែនជម្រកសត្វព្រៃនៅខេត្តពោធិ៍សាត់ចំនួន ២៣ គ្រឿង ខេត្តបាត់ដំបងចំនួន ១៦ គ្រឿង និងខេត្តកោះកុងចំនួន១០ គ្រឿង ក្នុងគោលបំណងដើម្បីបង្កើនចំណេះដឹងពីវិធីសាស្រ្តសិក្សា និងប្រមូលទិន្នន័យជីវៈចម្រុះ និងស្វែងរកវត្តមាននិងអវត្តមានប្រភេទសត្វមានដោយកម្រ ជិតផុតពូជ ទទួលរងគ្រោះថ្នាក់ និងរងការគំរាមកំហែង ក៏ដូចជាវាយតម្លៃស្ថានភាពនិងរបាយសត្វព្រៃសំខាន់ៗ។
កាលដែលជ្រើសរើសដែនជម្រកសត្វព្រៃស្ថិតក្នុងភូមិសាស្រ្តពោធិ៍សាត់ បាត់ដំបង និងខេត្តកោះកុង ដើម្បីដាក់ម៉ាស៊ីថតស្វ័យប្រវត្តិនេះ ត្រូវបានឯកឧត្តម នេត្រ ភក្ត្រា ឱ្យដឹងថា ដោយសារតែតំបន់ការពារធម្មជាតិនេះគ្របដណ្តប់ដោយប្រភេទព្រៃស្រោង ពាក់កណ្តាលស្រោង ព្រៃល្បោះ លាយឡំដោយព្រៃឫស្សី និងវាលស្មៅ។ លើសពីនេះទៀត ទីតាំងភូមិសាស្រ្តក្នុងដែនជម្រកសត្វព្រៃក្នុងភូមិសាស្ត្រខេត្តទាំង ៣ នេះ មានអូរបឹងបួរ ស្ទឹងជាប្រភពទឹក ដែលជាទីជម្រកប្រសើរសម្រាប់សត្វព្រៃ និងសម្រាប់ជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលចាំបាច់តម្រូវឱ្យមានការគ្រប់គ្រង និងអភិរក្សស្របតាមគោលការណ៍ណែនាំ និងបច្ចេកទេស។
ជាមួយដំណឹងដ៏ល្អនៃការរកឃើញវត្តមានសត្វព្រៃកម្រជាច្រើននេះ ក្នុងនាមក្រសួងបរិស្ថាន ឯកឧត្តមរដ្ឋលេខាធិការបានអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់ សូមចូលរួមទាំងអស់គ្នាដើម្បីបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ការប្រើប្រាស់ផលិតផលពីសត្វព្រៃ ការជួញដូរសត្វព្រៃ ដែលសុទ្ធសឹងអាចបង្កហានិភ័យខ្ពស់ដល់សុខភាពមនុស្ស ហើយមកចូលរួមការពារ និងថែរក្សាធនធានធម្មជាតិ និងជីវៈចម្រុះរបស់កម្ពុជានេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
នេះជាលើកទី២ក្នុងក្របខណ្ឌនៃគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា មន្ត្រីជំនាញនៃក្រសួងបរិស្ថាន បានប្រមូលទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្តិទទួលបានរូបភាព និងវិដេអូសត្វព្រៃក្នុងតំបន់ការពារធម្មជាតិ។ ការប្រមូលទិន្នន័យលើកទី១ ធ្វើឡើងកាលពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២១ នៅដែនជម្រកសត្វព្រៃក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ បន្ទាប់ពីបានដាក់ជាច្រើនខែរួចមក។ រូបភាពសត្វព្រៃជិតផុតពូជរងការគំរាមកំហែង និងមានដោយកម្រមួយចំនួន ដូចជាសត្វដំរីអាស៊ី ខ្លាពពក ខ្លាំឃ្មុំតូច ខ្ទីង ប្រើសដែលថតបានភាគច្រើនដើរជាហ្វូង និងមានកូនតូចៗជាច្រើន ពិសេសសត្វដំរីព្រៃក្នុងមួយហ្វូងមានកូនតូច ដំរីជំទង់ និងពេញវ័យក្នុងមួយក្រុមៗមានដំរីព្រៃចន្លោះពី១០ ទៅ២០ក្បាល។
គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលបានចាប់ផ្តើមអនុវត្តជាផ្លូវការនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ និងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ គម្រោងនេះចែកជា ៥ សមាសភាគ៖ ១) ការពង្រឹងសមត្ថភាពក្នុងការរៀបចំផែនការ និងការគ្រប់គ្រងតំបន់ទេសភាពក្នុងតំបន់ការពារធម្មជាតិ ២) ពង្រឹងឱកាសសម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ និងច្រវាក់តម្លៃអនុផលព្រៃឈើ ៣) ជំរុញនូវការតភ្ជាប់ខ្សែផ្លូវចេញចូលនៅតាមជនបទ ៤) ការគ្រប់គ្រងគម្រោង ការត្រួតពិនិត្យ និងការវាយតម្លៃ និង ៥) ការឆ្លើយតបទៅនឹងគ្រោះអាសន្ន៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ