Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ៖ សមិទ្ធិផលនានានៅវត្តសត្ថាធម្មវិហារ បានរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា

បានផុស

នៅ

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា សមិទ្ធិផលនានានៅវត្តសត្ថាធម្មវិហារ បានចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ។

លោកជំទាវ ម៉ែន សំអន បានថ្លែងបែបនេះ ខណៈពេលតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពជាអញ្ជើញជាអធិបតី ក្នុងពិធីពុទ្ធាភិសេក ព្រះអង្គប្រក់នាគកម្ពស់ទាំងនាគ ១៥ម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលមានទីតាំងនៅវត្តសត្ថាធម្មវិហារ (ភ្នំពោន) ស្ថិតនៅភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែបនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២។

លោកជំទាវ បាននាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនដល់អង្គពិធី និងបានថ្លែងអំណរព្រះគុណ ព្រះកែបធម្មសម្រាន្តមុនី ផាត់ ធួក ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសមុទ្ទទេវរង្សី ព្រះមេគណខេត្តកែប និងជាចៅអធិការ វត្តសត្ថាធម្មវិហារ (ភ្នំពោន) ដែលបានដឹកនាំ កសាង និងអភិវឌ្ឍន៍នៅក្នុងវត្ត។

លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណសប្បុរសជនទាំងក្នុង និងក្រៅប្រទេសទាំងអស់បានរួមគ្នាកសាងសមិទ្ធិផលជាច្រើនទៀត នៅក្នុងវត្ត ជាពិសេសសូមថ្លែងអំណរគុណដល់ ឧបាសិកា នាង ហួន និងលោកជំទាវ ទ្រី សុខា ព្រមទាំងបុត្រ ដែលមានសទ្ធាជ្រះថ្លា ក្នុងការកសាងបញ្ចប់រួចរាល់ជាស្ថាពរព្រះអង្គប្រក់នាគដ៏ស្គឹមស្គៃ ដើម្បីជាទីគោរសក្ការៈ។

លោកជំទាវបន្តទៀតថា តាមរយៈសមិទ្ធផលជាច្រើនៅក្នុងវត្ត នឹងប្រែក្លាយវត្តនេះ ទៅជាវត្តរមណីយដ្ឋានពុទ្ធសាសនា វប្បធម៌ ដែលជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិមកថ្វាយបង្គំព្រះ និងទស្សនា ដោយការផ្តិតយករូបភាពដ៏ស្រស់ត្រកាលនៅលើកំពូលភ្នំ ដែលពោរពេញទៅដោយសមុទ្រជុំវិញខៀវស្រងាត់ និងមានទីតាំងស្ថិតក្នុងភូមិសសាស្ដ្រអំណោយផលល្អ ដូចជា មានព្រៃព្រឹក្សា មានដើមកោងកាងដែលមានជីវៈចម្រុះ ផ្ដល់នៅផលប្រយោជន៍ប្រព័ន្ធអេកូឡូស៊ី មានឆ្នេរខ្សាច់យ៉ាងល្អស្អាត និងអាកាសធាតុល្អបរិសុទ្ធ។ ម៉្យាងទៀត តាមរយៈ វត្តនេះ ក៏បានលើកស្ទួយដល់ការអភិវឌ្ឍន៍ខេត្ត និងលើកកម្ពស់សោភណ្ឌភាពរបស់ខេត្តកែប បានថែមមួយកម្រិតទៀត។

លោកជំទាវក៏បានអំពាវនាវឲ្យ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវតែប្រុងប្រយ័ត្នខ្ពស់ និងចូលរួមគោរពតាមគោលការណ៍ របស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង កំពុងតែរីករាលដាលនៅពាសពេញពិភពលោក តែម្ដង៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម