នេះជាការបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានលទ្ធផល នៃកិច្ចប្រជុំកំពូលនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក- ACMEC) លើកទី៩ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ ដែលនៅក្នុងកិច្ចប្រជុំនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំកំពូលនេះ តាមរយៈប្រព័ន្ធវីដេអូ ។
ក្រោមមូលបទ “ភាពជាដៃគូដើម្បីការតភ្ជាប់ និងភាពរឹងមាំ” ថ្នាក់ដឹកនាំអេកម៉ិក បានអះអាង សាជាថ្មីពីការប្តេជ្ញាចិត្តដ៏មុតមាំ ដើម្បីទាញយកឱ្យបានពេញលេញនូវសក្ដានុពលសេដ្ឋកិច្ចដ៏ធំសម្បើមរបស់អនុតំបន់ ព្រមទាំងរៀបចំផែនការសកម្មភាព ដើម្បីសម្រេចបាននូវសហគមន៍អេកម៉ិក ដែលកាន់តែតភ្ជាប់ វៃឆ្លាត មានចីរភាព និងរឹងមាំ ដោយឈរលើស្មារតីភាពជាអ្នកជិតខាងល្អ និងមិត្តភាពប្រពៃណី ក្នុងការសម្រេចឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព។
ថ្នាក់ដឹកនាំអេកម៉ិកបានកោតសសើរកម្ពុជា ដែលជាប្រធានសម្រាប់រយៈពេលពីរឆ្នាំ ក្នុងការជំរុញនូវគោលដៅរួមរបស់ប្រទេសសមាជិក ដើម្បីសម្រចបាននូវវិបុលភាព និងសុខុមាលភាពរបស់ប្រជាជន ស្ថិតក្នុងកាលៈទេសៈដ៏ប្រឈម ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាសន្តិសុខមិនមែនប្រពៃណីនានា មកលើជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងអនុតំបន់។
ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំបានឯកភាពគ្នាបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែង ថ្នាក់ជាតិ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌយន្តការ ដែលដឹកនាំដោយអាស៊ាន ជាមួយដៃគូក្រៅតំបន់ និងអង្គការអន្តរជាតិ ជាពិសេសអង្គការសុខភាពពិភពលោក ដើម្បីធានាឱ្យបាននូវ វ៉ាក់សាំងជាទំនិញសាធារណៈ និងការទទួលបានសេវាកម្មវេជ្ជសាស្ត្រក្នុងតម្លៃសមរម្យសម្រាប់ប្រជាជន។
ពាក់ព័ន្ធនឹងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ថ្នាក់ដឹកនាំបានពិភាក្សាពីមធ្យោបាយនិងគោលការណ៍សហការដែលប្រទេសសមាជិកអាចជំរុញការតភ្ជាប់ពហុវិស័យប្រកបដោយសុវត្ថិភាព និងសន្តិសុខ និងដោះស្រាយបញ្ហានានាដែលបណ្តាលមកពីជំងឺកូវីដ-១៩ មកលើការបំលាស់ទី និងខ្សែចង្វាក់តម្លៃ សកល ព្រមទាំងធានាឱ្យបានគ្រប់គ្រាន់នូវការការពារសង្គម និងប្រជាជនដែលរងផលប៉ះពាល់។
ចំពោះទិសដៅអនាគត ថ្នាក់ដឹកនាំបានគូសបញ្ជាក់ពីសារៈសំខាន់នៃប្រសិទ្ធភាព និងនិរន្តរភាព របស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសមាជិកនិងដៃគូអភិវឌ្ឍន៍អេកម៉ិក ដែលក្នុងនោះ ជប៉ុនបានស្នើធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពិសេសអេកម៉ិកនៅក្នុងឆ្នាំ២០២១ ស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១៣ និងទន្ទឹងរង់ចាំនូវដំណើរការយន្តការនៃមូលនិធិអភិវឌ្ឍន៍ អេកម៉ិក ក៏ដូចជាប្រតិបត្តិការដែលមានប្រសិទ្ធភាពរបស់គណៈកម្មាធិការសម្របសម្រួលសសរស្តម្ភ អេកម៉ិក ដើម្បីពន្លឿនការអនុវត្តគម្រោងអាទិភាពគន្លឹះដែលអាចនាំមកនូវផលប្រយោជន៍ជាក់ស្តែង ព្រមទាំងបំពេញនូវតម្រូវការពិតប្រាកដរបស់ប្រជាជននៅក្នុងអនុតំបន់។
នាឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែកទស្សនៈថា ប្រទេសអេកម៉ិកត្រូវបន្តធ្វើការដោយបុរេសកម្មជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ទស្សនៈ វ៉ាក់សាំងពហុភាគីនិយម (Vaccine Multilateralism) ដើម្បីធានាការទទួលបាននូវវ៉ាក់សាំងជំងឺ កូវីដ-១៩ ប្រកបដោយសមធម៌ និងសុវត្ថិភាព។ លើសពីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញឱ្យប្រទេសសមាជិកចូលរួមជាមួយកម្ពុជា និងថៃ ដើម្បីផ្តល់វិភាគទានដោយស្ម័គ្រចិត្តទៅក្នុងមូលនិធិអភិវឌ្ឍន៍អេកម៉ិក ដែលកម្ពុជាក៏បានសន្យាផ្តល់វិភាគទានចំនួន ៧ លានដុល្លារអាមេរិក សំដៅធានានូវភាពរលូននៃការអនុវត្តគម្រោងអាទិភាពនានា។
ក្នុងន័យនេះ សម្តេចតេជោ បានអំពាវនាវ ដល់ប្រទេសសមាជិកគាំទ្រការបង្កើតលេខាធិការដ្ឋានអេកម៉ិក ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសេដ្ឋកិច្ចឌីជីថលដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការបង្កើនសក្តានុពលទីផ្សារ ដែលគ្មានដែនកំណត់ សម្រាប់សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs) ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងសកម្មភាពផ្សេងទៀតតាមប្រព័ន្ធអ៊ីនធឺណិត ដោយពុំចាំបាច់ធ្វើដំណើរ ឬបន្លាស់ទីនោះទេ។ បណ្តាប្រទេសអេកម៉ិក គួរស្វែងរកយុទ្ធសាស្ត្រពិពិធកម្មដើម្បីលើកកម្ពស់ការបំពេញបន្ថែមលើពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសទាក់ទងនឹងឱកាស ទីផ្សារថ្មីក្រោមកិច្ចព្រមព្រៀងអាសិប (RCEP) ដែលទើបត្រូវបានចុះហត្ថលេខាថ្មីៗនេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានគូសរំលេចនូវភាពចាំបាច់ដើម្បីពង្រឹងការតភ្ជាប់រវាងប្រជាជននិងប្រជាជនតាម រយៈការសហការជិតស្និទក្នុងការធានានូវការធ្វើដំណើរតាមបែបពពុះ (Travel Bubbles) ក្នុងចំណោមប្រទេសជាសមាជិកអេកម៉ិក ។
ថ្នាក់ដឹកនាំ បានបញ្ចប់កិច្ចប្រជុំ ដោយបានអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ នៃកិច្ចប្រជុំកំពូលអេកម៉ិកលើកទី៩ ដែលក្នុងនោះមានឯកសារចំនួន០៣ ជាឧបសម្ព័ន្ធ៖ (១) ឯកសារលក្ខខណ្ឌយោងស្តីពីមូលនិធិអភិវឌ្ឍន៍អេកម៉ិក (២) ឯកសារទស្សនាទានស្តីពីយន្តការការងារនៃគណៈកម្មាធិការសម្របសម្រួលអេកម៉ិកនៃផែនការមេអេកម៉ិកឆ្នាំ២០១៩-២០២៣ និង (៣) បញ្ជីគម្រោងអាទិភាពរបស់ប្រទេសអេកម៉ិក៕
ដោយ ៖ កោះកែវ