Connect with us

ព័ត៌មានជាតិ

អាល្លឺម៉ង់ជួយកសិករកម្ពុជា ផលិតកសិផលតាមស្តង់ដារនាំចេញទៅអឺរ៉ុប

បានផុស

នៅ

លោក Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្រុមអ្នកជំនាញការអាល្លឺម៉ង់នឹងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយពង្រឹងសមត្ថភាពប្រជាកសិករកម្ពុជាឱ្យចេះផលិតកសិផលមានលក្ខណៈស្តង់ដារដើម្បីនាំចេញទៅអាល្លឺម៉ង់ និងអឺរ៉ុប។         

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់បានលើកឡើងបែបនេះ ខណៈលោកបានដឹកនាំក្រុមអ្នកជំនាញការអាល្លឺម៉ង់ចូលជួបពិភាក្សាការងារជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅចុងសប្តាហ៍នេះ។

លោកឯកអគ្គរដ្ឋទូតបានជម្រាបជួនលោករដ្ឋមន្ត្រីថា ក្រុមអ្នកជំនាញការអាល្លឺម៉ង់ទាំងនេះមកពីក្រុមហ៊ុនឯកជនអាល្លឺម៉ង់ធំៗដែលបាន និងកំពុងធ្វើការវិនិយោគ និងនាំចេញផលិតផលកសិកម្មកម្ពុជាទៅទីកាន់ផ្សារអាល្លឺម៉ង់ ដៃគូអភិវឌ្ឍន៍ និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា។

លោក ឯកអគ្គរដ្ឋទូតបានបន្តថា ពួកគេបានត្រៀមខ្លួនជាស្រេច ដើម្បីរួមគ្នាសហការជាមួយក្រសួងលើការងារមួយចំនួនមានជាអាទិ៍ ការលើកកម្ពស់សមត្ថភាពប្រជាកសិករ និងសហគមន៍កសិកម្ម ការប្រើប្រាស់ជី និងថ្នាំកសិកម្ម ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការងារអនាម័យ និងភូតគាមអនាម័យស្របតាមស្តង់ដារអាល្លឺម៉ង់ និងអឺរ៉ុប តម្លៃនៃការដឹកជញ្ជូនផលិតផលកសិកម្ម។

លោក វេង សាខុន បានស្វាគមន៍ និងរីករាយចំពោះការសិក្សា ស្រាវជ្រាវ និងជាពិសេសបំណងចង់ជួយជំរុញការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារអាល្លឺម៉ង់ និងអឺរ៉ុប។

លោករដ្ឋមន្ត្រីបន្ថែមថា ដើម្បីឱ្យការងារនេះទទួលបានជោគជ័យ ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធស្របតាមអភិក្រម រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍។ មួយវិញទៀត ត្រូវជំរុញ និងបំពេញខ្សែច្រវាក់តម្លៃបន្ថែមសំដៅលើការងារកែច្នៃ វេចខ្ចប់ និងឃ្លាំងត្រជាក់ប្រកបដោយគុណភាព សុវត្ថិភាព និងស្តង់ដារ។

លោករដ្ឋមន្ត្រីបានស្នើឱ្យក្រុមអ្នកជំនាញការអាល្លឺម៉ង់ សហការជាមួយមន្ត្រីជំនាញរបស់ក្រសួងពិភាក្សា និងរួមគ្នាអនុវត្តការងារនេះ ដើម្បីជាប្រយោជន៍ដល់សង្គម-សេដ្ឋកិច្ចជាតិ និងជាពិសេសប្រជាកសិករកម្ពុជា។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះវិស័យកសិកម្ម ប្រទេសអាល្លឺម៉ង់បាន និងកំពុងបន្តជួយឧបត្ថម្ភគាំទ្រដល់អនុវិស័យសំខាន់ៗសំដៅ ទី១. ពង្រឹងសមត្ថភាពមន្ត្រី និងពង្រីកសមត្ថភាពសហគមន៍កសិកម្ម ទី២. ការលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិកម្ម ទី៣. ការធ្វើឱ្យប្រសើរឡើងនូវការធ្វើកសិពាណិជ្ជកម្មក្នុងតំបន់អាស៊ី ទី៤. ជួយជំរុញដល់ការគ្រប់គ្រងសហគមន៍ស្រះជម្រកត្រី និងការអភិវឌ្ឍវារីវប្បកម្ម ទី៥. ការងារអភិរក្សតំបន់ដីសើមទន្លេមេគង្គ ទី៦. ការងារទប់ស្កាត់ ស្រាវជ្រាវ និងវិភាគជំងឺឆ្កែឆ្កួតដែលអាចឆ្លងពីសត្វមកមនុស្ស មនុស្សទៅសត្វ។

លោករដ្ឋមន្ត្រីបានចាត់ទុកការឧបត្ថម្ភគាំទ្រទាំងអស់នេះគឺពិតជាបានចូលរួមចំណែកយ៉ាងធំមួយជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិម្មនៅកម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម