Connect with us

ព័ត៌មានជាតិ

មេឃុំត្បូងក្រពើ ចំណាយប្រាក់ឧបត្ថម្ភរបស់ខ្លួន ទៅជួយពលរដ្ឋក្នុងឃុំដែលមានជំងឺ

បានផុស

នៅ

លោក គៀង សេងគី មេឃុំត្បូងក្រពើ នៃស្រុកសន្ទុក ខេត្តកំពង់ធំ បានចំណាយថវិកាផ្ទាល់ខ្លួន ដែលទទួលបានការឧបត្ថម្ភ ពីក្រុមប្រឹក្សាឃុំចំនួន ១លាន ១សែនរៀល ក្នុងមួយខែ សម្រាប់ទុកជាមូលនិធិជួយទៅដល់ប្រជាពលរដ្ឋ ដែលមានជំងឺប្រចាំកាយ និងទទួលមរណភាពជាដើម។

លោក គៀង សេងគី មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដ របស់ររដ្ឋបាលខេត្តកំពង់ធំ» នាព្រឹកថ្ងៃទី ២០ ខែមករានេះថា ក្រុមប្រឹក្សាឃុំត្បូងក្រពើ តែងតែចុះទៅសួរសុខទុក្ខប្រជាពលរដ្ឋ ដែលមានជំងឺប្រចាំកាយទៅដល់ផ្ទះពួកគាត់ម្ដង។ លោកមេឃុំត្បូងក្រពើ យល់ថា ការងារនេះ គឺជាការងារសំខាន់ ហើយមិនមានការប្រកាន់និន្នាការនយោបាយ​ ឬក៏ប្រកាន់អ្នកមាន ឬអ្នកក្រនោះឡើយ។

លោកបន្ថែមថា ការចុះទៅសួរសុខទុក្ខនេះ គឺជាការលើកទឹកចិត្តមួយដ៏សំខាន់ របស់អាជ្ញាធរមូលដ្ឋាន ជាមួយប្រជាពល រដ្ឋ និងបង្ហាញអំពីភាពជិតស្និទ្ធជាមួយគ្នា ផងដែរ។ ការចុះទៅនេះ គឺក្រុមប្រឹក្សាឃុំតែងតែឧបត្ថម្ភអង្ករ ១០គីឡូក្រាម និងថវិកាចំនួន ១០ម៉ឺនរៀល។ ចំពោះថវិកា ១០ម៉ឺនរៀលនេះ មិនមែនជាថវិកាមូលនិធិឃុំនោះឡើយ តែជាការថវិការបស់លោកមេឃុំត្បូងក្រពើ តែម្ដង។

លោក គៀង សេងគី បានឲ្យដឹងទៀតថា «ហើយថវិកា ១០ម៉ឺនរៀលនេះ ខ្ញុំក៏សូមជម្រាបដែរថា យើងមិនមានមូលនិធិឃុំ សម្រាប់ចែកសួរសុខទុក្ខ ដល់គ្រួសារក្រីក្រទេ ថវិកានេះ គឺជាការថវិកាផ្ទាល់របស់ខ្ញុំបាទ គឺខ្ញុំបាទតែងតែគិតថា ប្រាក់ឧបត្ថម្ភរបស់ខ្ញុំបាទ លើកបន្តិចចុះ ប្រាក់ឧបត្ថម្ភក្រុមប្រឹក្សាឃុំ ១លាន ១សែននេះ គឺខ្ញុំអត់យកមកចាយទេ គឺខ្ញុំរក្សាទុកជាកញ្ចប់ មូលនិធិប្រចាំឆ្នាំផ្ទាល់ខ្លួនខ្ញុំ ខ្ញុំចាយតែប្រាក់សោធននិវត្តន៍ ដែលខ្ញុំជាមន្ត្រីចូលនិវត្តន៍ គឺខ្ញុំប្រើប្រាក់ហ្នឹង ហើយនិងមុខរបរផ្សំ»។

សូមជម្រាបថា លោក គៀង សេងគី បានធ្វើជាមេឃុំជាច្រើនអាណត្តិមកហើយ ពោលគឺតាំងពីឆ្នាំ ១៩៨៨​មកម្លេះ។ ប្រជាពលរដ្ឋក្នុងឃុំត្បូងក្រពើ នៃស្រុកសន្ទុក ខេត្តកំពង់ធំ មានការគោរពស្រលាញ់ និងពេញចិត្ត នូវការដឹកនាំរបស់លោក គៀង សេងគី ស្ទើរតែគ្រប់គ្នា៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម