ព័ត៌មានជាតិ
អាជីវករ៖ ទំនិញលើទីផ្សារឡើងថ្លៃស្ទើរគ្រប់មុខចន្លោះពី ៥០០រៀល ទៅ ៤,០០០រៀល
ទំនិញនៅលើទីផ្សារចាប់ផ្តើមឡើងថ្លៃជាបណ្តើរៗ ចន្លោះពី ៥០០រៀល ទៅ ៤០០០រៀល ទៅតាមមុខទំនិញ។ ស្របពេលដែលពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិនឈានជិតមកដល់ ទំនិញនៅលើទីផ្សារមានការប្រែប្រួលតម្លៃគួរកត់សម្គាល់។
អ្នកស្រី ណាលីន អាជីវករលក់ទំនិញគ្រប់មុខនៅផ្សារព្រៃទា រាជធានីភ្នំពេញ បានឲ្យដឹងថា ទំនិញនៅលើទីផ្សារចាប់ផ្តើមឡើងថ្លៃជាបណ្តើរហើយ។ អ្នកស្រីបញ្ជាក់ថា ប្រភេទភេសជ្ជៈឡើងថ្លៃចន្លោះពី ៣០០០រៀលទៅ ៤០០០រៀល ក្នុង១កេះ។ ចំណែកទំនិញផ្សេងទៀត ដូចជា នំកញ្ចប់ បន្លែ ផ្លែឈើ និងសាច់ជ្រូកជាដើម កើនតម្លៃពី ៥០០រៀលឡើងទៅ ទៅតាមមុខទំនិញ។ អ្នកស្រី បានឲ្យដឹងទៀតថា ការឡើងថ្លៃនេះ ទើបកើតឡើងនៅក្នុងសប្តាហ៍នេះប៉ុណ្ណោះ។
ដូចគ្នានេះ អាជីវករមួយរូប នៅផ្សារសាលាលេខ៥ ខេត្តកំពង់ឆ្នាំង សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងដែរថា ទំនិញឡើងថ្លៃដោយសារតម្រូវការរបស់ប្រជាពលរដ្ឋ។ អាជីវកររូបនេះ បញ្ជាក់ថា អ្នកលក់បានតំឡើងថ្លៃទំនិញរបស់ខ្លួន ព្រោះដឹងថា ប្រជាពលរដ្ឋមានតម្រូវការត្រូវតែទិញ ជាពិសេសអីវ៉ាន់ដែលទាក់ទងនឹងបុណ្យចូលឆ្នាំចិន។ «តាមពិតអីវ៉ាន់ខ្លះ តម្លៃថេរ តែអ្នកលក់គាត់ឆ្លៀតឱកាសតំឡើងថ្លៃខ្លួនឯង»។ ទោះយ៉ាងណា អាជីវកររូបនេះ អះអាងថា ខ្លួនមិនតំឡើងថ្លៃទំនិញចាស់នោះទេ ពោលគឺលក់ឡើងថ្លៃតែទំនិញណា ដែលយកចូលថ្មីហើយឡើងថ្លៃប៉ុណ្ណោះ។
កន្លងមកការឡើងថ្លៃទំនិញនៅក្នុងឱកាសបុណ្យទានសំខាន់ៗ ជាពិសេសការឡើងថ្លៃលើសេវាដឹកជញ្ជូន ត្រូវបានរដ្ឋាភិបាលអះអាងថា ដោយសារកម្ពុជា ជាប្រទេសសេដ្ឋកិច្ចទីផ្សារសេរី។
ទោះយ៉ាងណា ការឡើងថ្លៃទំនិញនេះ នៅមានកម្រិត និងមិនទាន់មានការប្រតិកម្មពីពលរដ្ឋនៅឡើយ។
យោងតាមរបាយការណ៍បូកសរុបការងារឆ្នាំ២០២១ និងដាក់ទិសដៅការងារឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា អតិផរណារួមសម្រាប់ឆ្នាំ២០២២នេះ អាចនឹងមានអត្រា២,៦% ខណៈអតិផរណារួមក្នុងឆ្នាំ២០២១ បានហក់ឡើងរហូតដល់៣% ហើយកាលពីឆ្នាំ២០២០ អត្រានេះស្ថិតក្នុងរង្វង់២,៩%។
របាយការណ៍ដដែល បានឲ្យដឹងថា អតិផរណារួមក្នុងអត្រា ២,៦%នេះ ត្រូវបានព្យាករណ៍ដោយផ្អែកទៅលើកំណើនក្រុមថ្លៃម្ហូបអាហារនឹងបន្តថយចុះមកវិញ ដោយសារមានការជំរុញជាចម្បងដូចជាភាពប្រសើរឡើងនៃការផ្គត់ផ្គង់។ ការបន្តងើបឡើងវិញនៃប្រាក់ចំណូលពលរដ្ឋ និងកំណើនថ្លៃក្រុមទំនិញ និងសេវាកម្ម ដែលពាក់ព័ន្ធនឹងប្រេងឥន្ទនៈនឹងថយចុះតម្លៃមកវិញ ព្រមទាំងអត្រាប្តូរប្រាក់ផ្លូវការបន្តមានស្ថិរភាព ក្នុងរង្វង់៤ ០៧៥រៀល ក្នុង១ ដុល្លារអាមេរិក៕
ដោយ៖ ទួន សុផល
-
ចរាចរណ៍៤ ថ្ងៃ ago
ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស សុំឲ្យគ្រប់គ្នាអហោសិកម្ម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចតេជោ ហ៊ុន សែន សម្រេចជួយកសាងកុដិ-ទិញដីពង្រីកវត្តសម្រាប់ព្រះសង្ឃ និងកូននេនសីហា
-
បច្ចេកវិទ្យា២៣ ម៉ោង ago
កុំពឹងផ្អែកលើប្រព័ន្ធសន្តិសុខ App ធនាគារទាំងស្រុង ត្រូវពង្រឹងសុវត្ថិភាពបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រូបភាពបុរសម្នាក់លើឆ្នេរ អង់គ្លេស ក្លាយជាព័ស្តុតាងថា បានឆ្លងភពចូលមកឆ្នាំ ១៩៤៣
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
មន្រ្តីក្រសួងបកស្រាយវីដេអូរថភ្លើងបើកលើផ្លូវជាតិ ពលរដ្ឋសង្ស័យបើកខុសបច្ចេកទេស
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
ទំនាយលោកយាយ Baba Vanga ជិតក្លាយជាការពិតមួយទៀតហើយ