Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត​ថា គុណធម៌​របស់​សមាជិក​បក្សម្នាក់ៗ​ គឺជា​កត្តា​ជោគជ័យ​របស់​បក្ស

បានផុស

នៅ

លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ ក.២៦.១៣ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារនានា ដែលសម្រេចក្នុងឆ្នាំ២០២១ កន្លងមកនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្ត និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ក.២៦.១៣ នៅទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិតណាស់ ទោះបីមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែអង្គការចាត់តាំងបក្សចំណុះគណៈកម្មការ ក.២៦.១៣ គ្រប់លំដាប់ថ្នាក់ ជាពិសេសអង្គការចាត់តាំងនៅតាមមូលដ្ឋាន បានបន្តបំពេញសកម្មការងារលើគ្រប់វិស័យបានជាប់ជាប្រចាំដូចភ្លៀងរលឹម ទាំងភារកិច្ចស្នូល និងកិច្ចការជីវភាពបក្ស ជាពិសេសការចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរដែនដីក្នុងការទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ-១៩។

ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត បានឯកភាពចំពោះការដាក់ចេញនូវទិសដៅការងារសម្រាប់ឆ្នាំ២០២២នេះ ដែលជាឆ្នាំដ៏សំខាន់ពោរពេញដោយភារកិច្ចយ៉ាងមមាញឹកសម្រាប់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មការ ក.២៦.១៣ គ្រប់រូប ពីព្រោះទន្ទឹមនឹងការណ៍ ដែលកម្ពុជាត្រូវបំពេញភារកិច្ចក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ កម្ពុជាក៏ត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលបានដំណើរការយ៉ាងទៀងទាត់ រាប់ចាប់តាំងពីអាណត្តិទី១ ក្នុងឆ្នាំ២០០២ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។

លោក ហ៊ុន ម៉ាណែត “គុណធម៌របស់សមាជិកបក្សម្នាក់ៗ គឺជាកត្តាជោគជ័យរបស់បក្សយើង ដូច្នេះទោះក្នុងរូបភាពជាក្រុម ឬជាបុគ្គល យើងត្រូវបន្តធ្វើអំពើល្អបម្រើប្រជាជន ស្មោះត្រង់ជាមួយប្រជាជន និងនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ រួមទាំងការយកចិត្តទុកដាក់លើសុខទុក្ខ និងការជួយសម្រួលដោះស្រាយការលំបាកជូនអ៊ំពូមីងអតីតយុទ្ធជន ដើម្បីជាការតបស្នងសងគុណចំពោះពលិកម្មដែលពួកគាត់បានបំពេញក្នុងបុព្វហេតុជាតិ មាតុភូមិ”។

ទន្ទឹមនេះ ការចូលរួមចំណែកផ្សព្វផ្សាយ និងចែករំលែកអំពីស្នាដៃ និងសមិទ្ធផលនានារបស់បក្ស ក៏ដូចជារបស់ថ្នាក់ដឹកនាំ និងសមាជិកបក្ស ក៏ជាកិច្ចការសំខាន់ផងដែរ ដើម្បីធ្វើយ៉ាងឱ្យប្រជាជនយើងអាចសម្រេចចិត្តបានត្រឹមត្រូវដោយបន្តផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព និងនិរន្តរភាពនៃសន្តិភាពសម្រាប់អ្នកជំនាន់ក្រោយ ដូចប្រសាសន៍សម្តេចតេជោ ប្រធានគណបក្ស បានមានប្រសាសន៍ថា “គ្រប់កាលៈទេសៈណាក៏ដោយ គណបក្សប្រជាជនត្រូវតែឈ្នះ ដើម្បីបន្តដឹកនាំប្រទេស ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍរាប់សិបឆ្នាំតទៅមុខទៀត”។

លោក ហ៊ុន ម៉ាណែត លើកឡើងដែរថា នៅចំពោះមុខការរាតត្បាតនៃជំងឺកូវីដ-១៩ ជាង២ ឆ្នាំកន្លងមកនេះ កម្ពុជាមានករណីឆ្លងជាង១២ ម៉ឺននាក់ ហើយករណីស្លាប់ជាង៣ពាន់នាក់ ប៉ុន្តែនៅចំពោះមុខស្ថានភាពដ៏គ្រោះថ្នាក់នេះ សម្តេចតេជោ ប្រធានគណបក្ស បានធ្វើការសម្រេចចិត្តដ៏ច្បាស់លាស់ និងត្រឹមត្រូវដាក់ចេញនូវវិធានការគ្រប់បែបយ៉ាងប្រកបដោយប្រសិទ្ធភាព ទាំងការទប់ស្កាត់, ការព្យាបាល និងការចាក់វ៉ាក់សាំង រហូតអាចអាចសង្គ្រោះអាយុជីវិតប្រជាជនយើងចាស់ក្មេងបានជាង១១ ម៉ឺននាក់ ពីមាត់ជ្រោះមរណៈ។ ទាំងនេះ មិនមែនជាការចៃដន្យនោះទេ ប៉ុន្តែជាវីរភាពរបស់ សម្តេចតេជោ នៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩។

លោក ហ៊ុន ម៉ាណែត អះអាងថា ទោះក្នុងកាលៈទេសៈស្មុគ្រស្មាញយ៉ាងណា ក៏សម្តេចអាចគ្រប់គ្រងស្ថានការណ៍ក្នុងការដឹកនាំបញ្ជា ដោយអាចធ្វើការសម្រេចចិត្តអារកាត់ ប្រកបដោយការពិចារណាវិនិច្ឆ័យគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព និងប្រកបដោយការទទួលខុសត្រូវ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម