Connect with us

ព័ត៌មានជាតិ

ខេត្ត​កោះកុង ជា​ធុង​អាគុយ មាន​ទំនប់វារីអគ្គិសនីច្រើនជាងគេ​

បានផុស

នៅ

ភ្នំពេញ ​៖ ​គិតត្រឹមឆ្នាំ២០២២នេះ ខេត្តកោះកុងមានទំនប់វារីអគ្គិសនីច្រើនជាងគេរហូតដល់ទៅ​ ៤ កន្លែង ដែលមានអនុភាព​សរុបចំនួន ៧៥២ មេហ្កាវ៉ាត់ក្នុងនោះមានវារីអគ្គិសនីចំនួន ៣ បានដាក់ដំណើរការហើយនៅសល់ ១ ទៀត កំពុងដំណើរការសាងសង់គ្រោងបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ។

លោក ពេជ ស៊ីយ៉ុន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកោះកុងបានមានប្រសាសន៍ថា បច្ចុប្ប្ននេះខេត្តកោះកុងមានវារីអគ្គិសនីចំនួន៤រួមមានវារីអគ្គិសនីគីរីរម្យ៣ ដែលមានអានុភាព១៨មេហ្កាវ៉ាត់ វារីអគ្គិសនីស្ទឹងតាតៃមានអានុភាព ២៤៦ មេហ្កាវ៉ាត់ វារីអគ្គិសនីឬស្សីជ្រុំមានអានុភាព៣៣៨មេហ្កាវ៉ាត់ និងវារីអគ្គិសនីស្ទឹងតាតៃលើដែលមានអានុភាព១៥០មេហ្កាវ៉ាត់ ដែលបានចាប់ផ្តើមសាងសង់ជាផ្លូវការនៅក្នុងត្រីមាសទី៤នៃឆ្នាំ២០២១កន្លងទៅនេះ ហើយគ្រោងបញ្ចប់នៅឆ្នាំ ២០២៦ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរបាយការណ៍របស់ក្រសួងរ៉ែនិងថាមពលបានឱ្យដឹងថា វារីអគ្គិសនីគិរីរម្យ៣ មានអានុភាពផលិតអគ្គិសនី ១៨ មេហ្កាវ៉ាត់ បានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៣ ស្ថិតនៅតាមដងស្ទឹងពង្រួល ដែលជាដៃមួយរបស់ព្រែកកំពង់សោម ក្នុងឃុំដងព្រែក ស្រុកស្រែអំបិល ខេត្តកោះកុង ដែលវិនិយោគដោយក្រុមហ៊ុន CETIC International Hydropower Development Co., Ltd.។

វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម មានអានុភាពផលិតអគ្គិសនី ៣៣៨ មេហ្កាវ៉ាត់ និងបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៥ ស្ថិត​នៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង វិនិយោគដោយក្រុមហ៊ុន China Huadian Lower Stung Russei Chrum Hydro-Electric Project (Cambodia) Co., Ltd.។

វារីអគ្គិសនីស្ទឹងតាតៃ មានអានុភាពផលិតអគ្គិសនី ២៤៦ មេហ្កាវ៉ាត់ និងបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០១៥ មានទីតាំងនៅឃុំតាតៃ ស្រុកកោះកុង និងមានទីតាំងទំនប់ព្រមទាំងអាងទឹក ស្ថិតនៅក្នុងឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុងដែលក្រុមហ៊ុនវិនិយោគ Cambodian Tatay Hydropower Limited។

លោកប្រធានមន្ទីររ៉ែនិងថាមពលបានបន្តទៀតថា វារីអគ្គិសនីស្ទឹងតាតៃលើដែលមានអានុភាព១៥០មេហ្កាវ៉ាត់ មានទីតាំងនៅស្រុកថ្មបាំង ខេត្តកោះកុងដែលវិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation ។

កាលពី​ថ្ងៃទី​៨ ​ខែធ្នូ ​ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ​ក្រសួង​រ៉ែ និង​ថាមពល អគ្គិសនី​កម្ពុជា​ និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន China National Heavy Machinery Corporation របស់​ចិន លើ​គម្រោង​សាងសង់​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានអនុម័ត​លើ​គម្រោង​នេះ​រួច​មក។

​គម្រោង​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ​លើ​ ដែល​មាន​វិនិយោគ​ក្នុង​តម្លៃ​ជាង​៣៨៩ លាន​ដុល្លារ​គឺជា​គម្រោង​មួយ​ដែល​មាន​សក្ដានុពល​វា​រី​អគ្គិសនី ប្រើ​ប្រភព​ទឹក​របស់​ស្ទឹង​២​គឺ​ស្ទឹង​កែប និង​ស្ទឹង​តា​តៃ ដោយ​សាងសង់​ទំនប់ ​២ កាត់​ស្ទឹង​ទាំង​២ បង្កើត​ជា​អាង​ស្តុក​ទឹក​២ ភ្ជាប់​គ្នា​ទៅវិញទៅមក ដោយ​ទួ​ណែ​ល​បង្ហូរទឹក​ក្រោម​ដី​។

ប្រភព​ទឹក​ដែល​ត​ភ្ជាប់​គ្នា​នេះ គ្រោង​ទម្លាក់​យក​មក​ផលិត​ថាមពល​អគ្គិសនី​នៅ​អគារ​ថាមពល ​ដែល​មាន​អានុភាព​សរុប ១៥០​មេ​ហ្គា​វ៉ា​ត់ ស្ថិតនៅ​ចម្ងាយ ១៣​គីឡូម៉ែត្រ ក្រោម​ទំនប់​ទឹកស្ទឹង​កែប​តាម​បំពង់​ទួ​ណែ​ល​បង្ហូរទឹក​ក្រោម​ដី​។

គម្រោង​នេះ​ផ្ដល់​សម្បទាន​រយៈពេល ៣៩​ឆ្នាំ ក្នុង​នោះ​៤​ឆ្នាំ​សម្រាប់​ការសាងសង់ និង​៣៥​ឆ្នាំ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម​។​ បរិមាណ​មូលដ្ឋាន​នៃ​ថាមពល​អគ្គិសនី​ផលិត​ប្រចាំឆ្នាំ​ លក់​ឱ្យ​អគ្គិសនី​កម្ពុជា​គឺជា​មធ្យម ៥២៧​លាន​គីឡូវ៉ាត់ម៉ោង ហើយ​លក់​ក្នុងតម្លៃ ៧,៩២​សេន​អាមេរិក ក្នុង​១​គីឡូវ៉ាត់ម៉ោង​។

គួរបញ្ជាក់ថា ក្រៅពីខេត្ត​កោះកុង មានទំនប់វារីអគ្គិសនីជាច្រើនទៀតដែលកំពុងដំណើរការនៅកម្ពុជារួមមានទំនប់វារីអគ្គិសនី គីរីរម្យ១មានអនុភាព១២ មេហ្គាវ៉ាត់ស្ថិតក្នុងខេត្តកំពង់ស្ពឺ ទំនប់វារីអគ្គិសនីកំចាយ មានអនុភាព១៩៣ មេហ្គាវ៉ាត់ស្ថិតក្នុងខេត្តកំពត ដែលបានចាប់ដំណើរការនៅឆ្នាំ ២០១១ ទំនប់វារីអគ្គិសនី ស្ទឹងអាតៃមានអនុភាព១២០ មេហ្គាវ៉ាត់ ស្ថិតក្នុងខេត្តពោធិ៍សាត់ ដែលបានចាប់ដំណើរការនៅឆ្នាំ ២០១៣  និងទំនប់វារីអគ្គិសនីសេសានក្រោម២មានអនុភាព៤០០ មេហ្គាវ៉ាត់ស្ថិតក្នុងខេត្តស្ទឹងត្រែង បានចាប់ផ្ដើមដំណើរការជាផ្លូវការក្នុងឆ្នាំ ២០១៨។

លោក ហេង គន្ធលាង អ្នកនាំពាក្យក្រសួងរ៉ែនិងថាមពលបានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២២នេះមិនមានក្រុមហ៊ុនវិនិយោគថ្មីស្នើសុំសាងសង់ទំនប់វារីអគ្គិសនីនោះទេ ពោលគឺមានគម្រោងចាស់ចំនួនពីរកំពុងដំណើរការសាងសង់រួមមាន ទំនប់វារីអគ្គិសនីស្ទឹងពោធិ៍សាត់ ដែលមានអនុភាព៨០មេហ្គាវ៉ាត់នៅខេត្តពោធិសាត់ និងគម្រោងវារីអគ្គិសនីស្ទឹង​តាតៃលើនៅខេត្តកោះកុងដែលមានអានុភាព១៥០មេហ្កាវ៉ាត់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម