សិស្សវិទ្យាល័យទួលទំពូង ទទួលបានចំណាត់ថ្នាក់លេខ១ ក្លាយជាម្ចាស់ជ័យលាភីនៃការប្រកួតប្រជែងដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២០ ខណៈជ័យលាភីចំណាត់ថ្នាក់លេខ២បានទៅលើវិទ្យាល័យជាស៊ីមសាមគ្គី។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្ររវាងវិទ្យាល័យទួលទំពូង និងវិទ្យាល័យជាស៊ីមសាមគ្គីនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា។ ប្រធានបទដែលត្រូវលើកយកមកពិភាក្សា នៅក្នុងវគ្គផ្តាច់ព្រ័ត្រនេះ គឺការបង្កើតសាលារៀនជំនាន់ថ្មី គឺជាយន្តការដ៏មានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍសមត្ថភាពយុវជន នាយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤,០។
លោកស្រី ស្រូយ សុជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានយុវជន បានមានប្រសាសន៍ថាការប្រកួតប្រជែងដេញដោលយុវជនថ្នាក់ជាតិឆ្នាំ២០២០នេះ មានសិស្សថ្នាក់ទី១១មកពីវិទ្យាល័យរដ្ឋនិងឯកជនប្រមាណ៤០សាលា បានដាក់ពាក្យប្រកួតប្រជែង ក្នុងនោះក្រសួងជ្រើសរើសបានសាលាចំនួន១៦ និងមានការប្រកួតជម្រុះជាបន្តបន្ទាប់តាំងពីខែកក្កដាកន្លងមករហូតមកដល់ការប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។ លោកស្រីបានបន្តថា នៅទីបំផុតក្រសួងបានរកឃើញម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើសិស្សមកពីវិទ្យាល័យទួលទំពូង និងចំណាត់ថ្នាក់លេខ២មកពីវិទ្យាល័យជាស៊ីមសាមគ្គី។ លោកស្រីបានបន្ថែមទៀតថា ចំពោះរង្វាន់ដែលទទួលបាន គឺសិស្សបានជ័យលាភីលេខ១ ទទួលបានមេដៃមាសម្នាក់ៗ១គ្រឿង ប័ណ្ណសរសើរ កុំព្យូទ័រយួរដៃម្នាក់១គ្រឿង អមដោយទឹកប្រាក់ចំនួន៤លានរៀល។ចំណែកចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់និងប័ណ្ណសរសើរអមដោយទឹកប្រាក់៣លានរៀល។
លោកស្រី ស្រួច សុជាតិ បានបន្តទៀតថា ការរៀបចំការប្រកួតជជែកដេញដោលនេះ គឺដើម្បីឆ្លើយតបតាមគោលនយោបាយស្តីពី ការអភិវឌ្ឍយុវជនកម្ពុជា និងកំណែទម្រង់ស៊ីជម្រៅ របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយកំណត់យកសិស្សថ្នាក់ទី១១ នៅតាមគ្រឹះស្ថានសិក្សារបស់រដ្ឋ និងឯកជន នៅក្នុងរាជធានីភ្នំពេញ ជាគោលដៅអតិភាព។ ជាងនេះទៀត លោកស្រីបានបញ្ជាក់ថា គោលបំណងសំខាន់នៃការជជែកដេញដោលថ្នាក់ជាតិនេះ គឺចង់ឲ្យយុវជន ប្រើប្រាស់នូវវប្បធម៌សន្ទនា តាមរយៈការជជែកដេញដោល ក្នុងការរួមចំណែកដោះស្រាយ បញ្ហាជាតិ និងបញ្ហាផ្សេងៗដែលពួកគេជួបប្រទះ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ លោក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណ ដល់ក្រុមការងារយុវជនថ្នាក់កណ្តាល CPP ក្នុងការជួយឧបត្ថម្ភ ដើម្បីសង្គ្រោះប្រជាជន