Connect with us

ព័ត៌មានជាតិ

ព្រឹត្តិការណ៍​ធំៗនៅកម្ពុជា ដែលបានកើតឡើងនៅឆ្នាំ​២០២០

បានផុស

នៅ

​នៅឆ្នាំ​២០២០នេះ មាន​ព្រឹត្តិការណ៍​ធំៗ និងចាប់​អារម្មណ៍​ជាច្រើន បាន​កើតឡើងនៅក្នុង​ប្រ​ទេស​​កម្ពុជា ហើយ​ព្រឹត្តិការណ៍​ទាំងនោះ​បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ ក៏ដូចជា​ជីវភាព​​រស់នៅប្រចាំថ្ងៃ​របស់ប្រជាពលរដ្ឋ ប៉ុន្តែក្នុងចំណោម​ព្រឹត្តិការណ៍​ទាំងនោះ ក៏មាន​ព្រឹត្តិការណ៍​ខ្លះធ្វើឲ្យពិភពលោក ក៏ដូច​ជា​អន្តរជាតិ ​ចាប់អារម្មណ៍​ និងស្គាល់កម្ពុជាផងដែរ​ ដែល​ព្រឹត្តិការណ៍​ទាំងនោះ​​​មានដូចជា៖ 

ទី១, បាក់រលំអគារ​កម្ពស់​៦ជាន់​​នៅខេត្តកែប៖ ​

អគារ​កម្ពស់​៦ជាន់ កំពុងស្ថិតនៅក្នុងការសាងសង់ ស្ថិត​នៅ​ក្រុងកែប បានបាក់រលំ​នៅវេលាម៉ោង​៤ និង១៥នាទី រសៀល ថ្ងៃទី៣ ខែមករា ឆ្នាំ​២០២០​ មានទីតាំងស្ថិត​នៅ​ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប​ ដែល​បណ្ដាល​ឲ្យមនុស្ស​រងគ្រោះសរុប​៥៩នាក់​ ហើយ​​​សំ​ណង់​អគារនេះជា​កម្មសិទ្ធិ​របស់ឈ្មោះ ឯក សារុន ជាប្តី និងឈីវ សុធី ជាប្រពន្ធ​។

នៅថ្ងៃទី០៥ ខែមករា​ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​អញ្ជើញ​ទៅ​មើលផ្ទាល់នៅទីតាំងកើតហេតុ និងថ្លែងប្រកាសបិទប្រតិបត្តិការ​ជួយសង្រ្គោះក្នុងករណី​បាក់រលំ​អគារ​នោះ ហើយ​តុល្យការចុងក្រោយជនរងគ្រោះសរុបទាំងអស់៥៩នាក់ ចេញពីគំនរអគារនៅខេត្តកែប ក្នុង​នោះ​មាន​ជនរងគ្រោះស្លាប់៣៦ នាក់បានស្លាប់ (ស្រី១៤នាក់) នៅមានជីវិត២៣នាក់ (ប្រុស១៥ ស្រី​៨នាក់)។

នៅក្នុង​ហេតុការណ៍​បាក់រលំអគារនេះ ក្រៅពីទៅកាន់ទីតាំងអគារបាក់រលំ​ សម្ដេច​ក៏បានអញ្ជើញ​ទៅកាន់​មន្ទីរពេទ្យសាកសួរ​សុខទុក្ខ​ជនរងគ្រោះ ដែលយកចេញពីគំនរអគារបាក់រលំផងដែរ។ នៅរសៀលថ្ងៃទី០៥ ខែមករា ​សម្តេចតេជោ ហ៊ុន សែន បានចេញលិខិតថ្លែងអំណរព្រះរាជគុណ​ដល់​ព្រះមហាក្សត្រ​ ព្រះករុណា​ជា​អម្ចាស់​ជីវិតលើត្បូង និងសម្តេចម៉ែ ព្រមទាំង​សប្បុរសជន​ទាំងអស់ ដែលបានចូលរួមជួយ​ឧបត្ថម្ភ​ដល់​ជនរងគ្រោះ ក្នុង​ព្រឹត្តិការណ៍​បាក់​រលំអគារ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទី២, កម្ពុជា​បាន​រកឃើញ​ករណីជំងឺកូវីដ១៩៖ ​

ប្រទេសកម្ពុជា បាន​រកឃើញ​ករណីជំងឺកូវីដ១៩ ដំបូង​បំផុត​នៅថ្ងៃទី​២៧  ខែមករា ឆ្នាំ​២០២០​។ ​​គិត​​មក​​ដល់ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅ​កម្ពុជា មាន​អ្នកជំងឺកូវីដ-១៩​​សរុបចំនួន​៣៥៦នាក់ (ស្រ្តី​៨៣នាក់ និងបុរស​២៧៣នាក់)​។ ក្នុងនោះព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស​ មានចំនួន​​៣០៧នាក់ (ស្មើនឹង​៨៦,២៥ភាគរយធៀប​នឹងចំនួនអ្នកមានវីរុសកូវីដ-១៩ទាំងអស់)។ នៅក្នុងចំនួននេះ មានស្រី​៦៣នាក់ និងបុរស ២៤៤នាក់៕​

ប្រទេសកម្ពុជា បាន​រកឃើញ​ករណីជំងឺកូវីដ១៩
កម្ពុជា​បាន​រកឃើញ​ករណីជំងឺកូវីដ១៩

​ទី៣, នាវា​ទេសចរណ៍​ខ្នាត​យក្ស​របស់​សហរដ្ឋ​អាមេរិក​ឈ្មោះ Westerdam ចូលចត​៖

កប៉ាល់​ទេសចរណ៍ Westerdam មានដឹកមនុស្សសរុបជាង​​២,២០០នាក់ ក្នុងនោះអ្នកដំណើរ​១,៤៥៥នាក់ និងបុគ្គលិក​កប៉ាល់​ចំនួន​៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រ​ទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែ​ត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឲ្យ​ចូលចតឡើយ ដោយសារតែការ​ព្រួយបារម្ភ​ថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុក​វីរុសកូរ៉ូណាថ្មី (Covid-19)​​ ហើយបន្ទាប់ពីទទួលបានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​ Westerdam បាន​មកចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅវេលាម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ដែលការ​អនុញ្ញាត​ឲ្យ​ចូល​ចត​នេះ​ធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់មិនមានអ្នកណាម្នាក់ ផ្ទុកមេរោគកូរ៉ូណាថ្មី ឬ Covid-19 នោះ​ទេ។​​

បន្ទាប់ពីទទួលបាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការឲ្យនាវាទេសចរណ៍ខ្នាតយក្ស របស់​សហរដ្ឋ​អាមេរិក មួយគ្រឿង ឈ្មោះ Westerdam ​ចូលចត ក្រុមហ៊ុន Holland America Line និង​អ្នកដំណើរ ដែល​កំពុងស្ថិតនៅលើនាវា Westerdam បានសរសេរសារនៅលើ Facebook ដោយសូមថ្លែងអំណរ​គុណ​យ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរកម្ពុជា ដែលបានគាំទ្រ និង​អនុញ្ញាត​ឲ្យកប៉ាល់របស់ខ្លួន​បាន​ចូល​ចតនៅ​កំពង់ផែ​ព្រះសីហនុ។​​​

សម្ដេច​តេជោ ហ៊ុន សែន ​​បាន​មាន​ប្រសាសន៍​ថា ការ​អនុញ្ញាត​ឲ្យនាវាទេសចរណ៍របស់អាមេរិក​ចូលចត​កម្ពុជា ដើម្បីបំបាត់ជំងឺភ័យខ្លាច និងគ្មានការរើសអើង​ពូជសាសន៍​។ ​ ការអនុញ្ញតឲ្យចូលនេះ បង្ហាញពីការ​លុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោក​​ ហើយកម្ពុជាគ្មានឡើយ​ការ​រើសអើង​ពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន​ដោយត្រូវ​សហការ​គ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះ​ដោយមិនខ្វល់ពីជាតិសាសន៍ ទោះបី​ជាតិ​សាសន៍​ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និង​សន្ដានចិត្ត​របស់​កម្ពុជា សម្រាប់មនុស្ស​លើ​ពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ បើគេមិនទទួល គឺកម្ពុជាទទួល, កម្ពុជាក៏​ចង់​បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ តែធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌​ក៏គ្មានព្រំ​ដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយ​ស្មារតីទទួលខុសត្រូវ”៕​

ទី៤,​ ​ជំនន់​ទឹកភ្លៀង​​ឆ្នាំ២០២០​៖

ប្រទេស​កម្ពុជា ​បាន​រងផលប៉ះពាល់យ៉ាង​ធ្ងន់ធ្ងរ​ដោយជំនន់ទឹកភ្លៀង​​ឆ្នាំ​២០២០ ចាប់ពី​ខែកញ្ញា ដល់​ខែតុលា ​​​ហើយបើតាម​ទិន្នន័យ​ផល​ប៉ះពាល់​ខូចខាត ​ចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់​ថ្ងៃទី២៧ ខែតុលា​​ ជំនន់ទឹកភ្លៀង​នេះ បានធ្វើឲ្យប៉ះពាល់​​២០ រាជធានី-ខេត្ត ដែលស្មើ​១២១ ក្រុង, ​ស្រុក, ខណ្ឌ​។ ក្នុងនោះមាន ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ត្បូងឃ្មុំ ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ។

ប៉ះពាល់​ប្រជាជនប្រមាណ១៤៩,៨៥៧គ្រួសារ ស្មើប្រមាណ៥៩៩,៤២៨នាក់។ ប្រជាជន​ជម្លៀស​ប្រ​មាណ​១១,៨៩៦គ្រួសារ ស្មើប្រមាណ​​៤៧,៥៨៤នាក់ ប្រជាជន​ស្លាប់​​៤៤នាក់​។ ផ្ទះប៉ះពាល់ប្រមាណ​១៣៤,០០៣ខ្នង និង​ខូចខាត​៦៣ខ្នង។ សាលារៀនលិចទឹកប្រមាណ​៩៥១កន្លែង និងវត្តលិចទឹកប្រមាណ​៣០៧កន្លែង។ ស្រូវលិចទឹកប្រមាណ​២៨៤,៩៦១ហិកតា និងដំណាំរួមផ្សំលិចទឹក ៩៧,០២៩ហិកតា។ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៦២៧ គ​.ម។ ផ្លូវលំជនបទលិចទឹកប្រមាណ​១,៦៨៥ ​គ.ម។ ទំនប់​ប៉ះពាល់ប្រមាណ​៤៩ គ.ម។ប្រឡាយមេ ​​ប៉ះពាល់ប្រមាណ​២៧១គ.ម​។ ប្រឡាយ​​រង ​​ប៉ះពាល់​ប្រមាណ​២៧២គ.ម​​។ ប្រ​ឡា​យស្រោចស្រព ប៉ះពាល់ប្រមាណ​១៤៦​គ.ម និង​ច្រាំងទន្លេ ប៉ះពាល់​២១៩៥​​ គ.ម។

សូមបញ្ជាក់ថា ក្រោយពីរងផល​​​​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដោយជំនន់ទឹកភ្លៀង​​ឆ្នាំ២០២០ សម្ដេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា ​បាន​បញ្ចេញ​ថវិកា​ដែលបាន​បម្រុង​ទុក និង​​បញ្ជា​ឲ្យ​អាជ្ញាធរ ​ចាត់វិធានការ​ស្តា​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​ខូចខាត​ទាំង​នោះ​ឡើង​វិញ​ជាបន្ទាន់៕

ទី៥, ព្រឹត្តិការណ៍​០៣ ខែវិច្ឆិកា៖

នៅថ្ងៃទី០៣ ខែវិច្ឆិកា ​រដ្ឋ​មន្ត្រី​ការ​បរទេស និង​ពាណិជ្ជ​កម្ម​​ហុងគ្រី ​លោក Peter Szijjarto ​បាន​ធ្វើដំណើរ​បំពេញ​ទស្សនកិច្ច​​មក​ប្រទេស​កម្ពុជា ដែល​ព្រឹត្តិការណ៍នេះ ត្រូវបាន​សម្ដេច​តេជោ ហ៊ុន សែន បាន​ដាក់ឈ្មោះថា ជា​ព្រឹត្តិការណ៍​០៣ ខែ​វិច្ឆិកា ​ដែល​​នោះក្នុងដំណើរ​បំពេញ​ទស្សនកិច្ច​​ បាន​ផ្ទុះ​ការរីករាលដាលជំងឺកូវីដ-១៩ ជាថ្មី ខណៈដែលកម្ពុជា បាន​ស្ងប់ស្ងាត់​ទៅ​ហើយ។ នៅក្នុង​ព្រឹត្តិការណ៍​នោះ​ មាន​មនុស្សជាង២០០០នាក់ ដែល​ពាក់ព័ន្ធ​ ទាំងផ្ទាល់ និងប្រយោល ត្រូវបាន​ធ្វើ​តេស្ត ហើយបាន​រកឃើញវិជ្ជមាន​ចំនួន៤នាក់៕

​ទី៦, ព្រឹត្តិការណ៍​សហគមន៍​ ២៨ វិច្ឆិកា៖

ព្រឹត្តិការណ៍​សហគមន៍ ថ្ងៃទី២៨ ខែវិច្ឆិកា ត្រូវបាន​រកឃើញដំ​បូង​លើ​គ្រួ​​សារលោក ឆែម សាវុធ អគ្គនាយក នៃ​អគ្គនាយក​ដ្ឋាន​​ពន្ធនាគារ​ ​​ហើយបាន​រីករាលដាល​យ៉ាង​ខ្លាំង និង​មាន​មនុស្សជាច្រើននាក់ ​​បាន​ឆ្លងជំងឺកូវីដ-១៩ ​។

ក្រោយពី​ផ្ដើម​ហេតុការណ៍​នេះ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ដាក់​ចេញ​នូវ​វិធានការណ៍​ជាបន្តបន្ទាប់ ដើម្បី​ទប់ស្កាត់។ ទោះជាយ៉ាងណា​​ សម្រាប់អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​ ​មកដល់ថ្ងៃទី០៩ ខែធ្នូ ក្រសួង​បាន​ធ្វើតេស្តសរុប​​ចំនួន​៣,៧៩២សំណាក ​ដោយឡែក មាននៅសល់​វត្ថុសំណាក ចំនួន​៣,៧២៥សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្ត ហើយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។ ដូច្នេះសរុបពីថ្ងៃទី​​២៨ ខែវិច្ឆិកា ​​ដល់ថ្ងៃទី១០ ខែ​​ធ្នូ ​មានមនុស្ស​​ចំនួន​​៣៩នាក់ ហើយដែលត្រូវបាន​រកឃើញ​មាន​វិជ្ជមានវីរុសកូវីដ-១៩៕

ទី៧, សម្ដេច​តេជោ ហ៊ុន សែន ប្រកាសទិញវ៉ាក់សាំងប្រឆាំង​កូវីដ១៩ ចំនួន១លានដូស ដើម្បី​ចាក់ជូន​ប្រជាពលរដ្ឋដោយមិនគិតថ្លៃ៖ ​

​កាលពីល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន បានណែនាំ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិ​បាល និង​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ត្រៀម​បម្រុង​ថវិកា​សម្រាប់​ទិញវ៉ាក់សាំងប្រឆាំងកូវីដ-១៩ យកមកចាក់ជូនប្រជាជនដោយឥតគិតថ្លៃ ប៉ុន្តែ​ដោយស្ថិតក្នុង​ស្ថានភាពដែលប្រទេសកម្ពុជា នៅ​ខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីទាំង២រូប ពិភាក្សា​ជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំង​ពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជា​ជនកម្ពុជា ហើយសម្តេចសង្ឃឹមថា ដៃគូអភិវឌ្ឍន៍នឹងផ្តល់ជំនួយដល់ប្រជាជនកម្ពុជា ឬយ៉ាងហោចក៏លក់​ក្នុងតម្លៃថោក​សមរម្យ​។​

ក្រោយពីមានគម្រោងនេះ ចលនានៃការចូលរួមបានចេញមកយ៉ាងគ្រឹកគ្រេង ពីសំណាក់ឧក​ញ៉ាល្បីៗ​នៅ​កម្ពុជា  បន្ទាប់មកក៏មានមន្ត្រីរាជការ នៅតាមក្រសួង ស្ថាប័ននានា របស់រាជរដ្ឋាភិបាល ​មានព្រះសង្ឃ និង​ប្រជាពលរដ្ឋជាច្រើនទៀត ​ក៏បានចូលរួមផងដែរ។ សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន បានចាត់​ទុក​ចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកានេះថា ជាខឿនការពារ​សុខភាពរបស់​ប្រជាជន។

បើតាម​គម្រោង​ ជាជំហានដំបូងរាជរដ្ឋាភិបាល បានត្រៀមថវិកាសម្រាប់ការទិញ១​លានដូស (មួយលាន​ដូស​) ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែង ដែលមាន​ហានិភ័យ​ខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូស ចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវ​ការ​ចាក់២ដូស) ក្នុងពេលកម្ពុជា មានប្រជាជន១៦ លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុង​នោះមនុស្ស​ប្រមាណ១០លា​នាក់ ត្រូវការចាក់វ៉ាក់សាំង​​​៕

​អត្ថបទ ៖ ​កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម