​ពិធី​ក្រុង​ពាលី ​មុនដំណើរការ​សាងសង់​ស្ពាន​បេតុង និង​ស្ពាន​ខ្សែកាប​តំបន់​អភិវឌ្ឍ​ន៏​កោះ​នរា – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

​ពិធី​ក្រុង​ពាលី ​មុនដំណើរការ​សាងសង់​ស្ពាន​បេតុង និង​ស្ពាន​ខ្សែកាប​តំបន់​អភិវឌ្ឍ​ន៏​កោះ​នរា

Published

on

រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​រៀប​ចំ​ពិធី​ក្រុង​ពាលី​ជា​កិច្ច​ចាប់​ដំណើរ​ការ​សាងសង់​ស្ពានបេតុង​ពី​ផ្លូវជាតិ​លេខ​១​ទៅកាន់​តំបន់​អភិវឌ្ឍន៍​កោះ​នរា និង​ស្ពាន បេតុង​ខ្សែកាប​ពី​តំបន់​កោះនរា ទៅកាន់​ទីក្រុង​រណប​កោះ​ពេជ្រ​ស្ថិតនៅ​សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ​។

ពិធី​តាម​បែប​សាសនា​នេះ ​ធ្វើឡើង​កាល​ពី​រសៀល​ថ្ងៃ​ទី​២៤​តុលា ដោយមាន​ការ អញ្ជើញ​ចូលរួម​ពី​លោក ​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី ក្នុង​ន័យ​សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី សុំ​សេចក្តី​សុខ​ចម្រើន​នៅមុន​ពេល​បើក​ការដ្ឋាន​សាងសង់​ស្ពានបេតុង​នេះ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៥​តុលា​ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គ​មហា សេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី ហ៊ុនសែន​។​ សមិទ្ធផល​ថ្មី​នេះ​នឹង​លេចចេញ​ជា​រូបរាង នា​ពេល​ឆាប់ៗ​ខាងមុខ​ក្នុង​មុខ​នាទី​ ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ​ក្នុង​ការ​ធ្វើដំណើរ​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ដ៏​មមាញឹក​ក្នុង​រាជធានី​ភ្នំពេញ ​ជាពិសេស​បន្ថយ​បន្ទុក​លំហូរ​ចរាចរ​នៅ​ស្ពាន​ព្រះមុនីវង្ស ច្បារអំពៅ ក៏​ដូច​មហាវិថី​ព្រះ​នរោត្តម​ផង​ដែរ​។

ជា​មួយ​គ្នា​នេះ​សំណង់​ស្ពាន​ឆ្លងទន្លេ​មួយ​នេះ​ក៏​សមស្រប​ទៅ​នឹង​ការ​អភិវឌ្ឍ​ន៏​យ៉ាង​ឆាប់រហ័ស​របស់​រាជធានី​ភ្នំពេញ​រួម​ទាំង​កំណើន​សេដ្ឋ កិច្ច ,​កំណើន​ប្រជាពលរដ្ឋ​ក៏​ដូច​កំណើន​យានយន្ត​ក្នុង​ទីក្រុង​នា​សម័យ​សន្តិភាព​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនា​ប​តិ​តេ​ជោ​ហ៊ុនសែន ជា​ប្រមុខ​។​ក្រោម​អនុសាសន៍​របស់​សម្តេច​តេ​ជោ និង​ការដឹកនាំ​អនុវត្ត​ផ្ទាល់​របស់លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ធ្វើ​ឲ្យ​សមិទ្ធផល​ជាច្រើន​នៅ​ក្នុង​ទីក្រុង​មាន ហេដ្ឋារចនាសម្ព័ន្ធ ,​សំណង់​សាធារណៈ​,​ សំណង់​ស្ពាន​អាកាស​ថ្មើរជើង​ជាច្រើន​កន្លែង​ទៀត​។ វិបត្តិ​ជំងឺ​កូ​វីដ​.១៩ និង​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​យាយី​ភូមិសាស្ត្រ មួយ​ចំនួន​របស់​រាជ​ធានី​ភ្នំពេញ មិនបាន​បន្ទច់បង្អាក់​ដំណើរ​ការសាងសង់ និង​ដំណើរការ​អភិវឌ្ឍ​ន៏​ទីក្រុង​នោះ​ឡើយ​។​

លោក ​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា គម្រោង​សាងសង់​ស្ពានបេតុង​ខ្សែកាប​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ ឆ្លងកាត់​គម្រោង​អភិវឌ្ឍន៍​កោះ​នរា ទៅកាន់​ផ្លូវជាតិ​លេខ១៖

១. អំពី​គម្រោង​សាងសង់​ស្ពាន​ខ្សែកាប​ត​ភ្ជាប់​ពី​ទីក្រុង​រណប​កោះ​ពេជ្រ ទៅកាន់​គម្រោង​អភិវឌ្ឍន៍​កោះ​នរា​ប្រវែង​សរុប ៨២៤​ម៉ែត្រ ទទឹង ២៤.៥​ម៉ែត្រ បណ្តោយ​ស្ពានបេតុង​អារ​មេ ប្រវែង ៤៨៣​ម៉ែត្រ​ ​សសរ​ស្ពាន​មាន​គម្លាត ២០​ម៉ែត្រ​+២១​ម៉ែត្រ​+១០៨​ម៉ែត្រ​+១៨០​ម៉ែត្រ​+១០៨​ម៉ែត្រ​+២៣​ម៉ែត្រ​+២៣​ម៉ែត្រ ។​ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​ត្រើយ​ខាង​កោះ​ពេជ្រ ប្រវែង ២៤៩​ម៉ែត្រ​។ ផ្លូវ​ត​ភ្ជាប់​ក្បាលស្ពាន​កោះនរា ប្រវែង ៩២​ម៉ែត្រ។ ជា​ស្ពាន​ចរាចរ​ទ្វេ​ទិស មាន​គន្លង​សម្រាប់​រថយន្ត​ចំនួន ២​ទៅ និង​គន្លង​ចំនួន​២​មក ដែល​១​គន្លង​មាន​ទទឹង ៣.២៥​ម៉ែត្រ និង​មាន​គន្លង​សម្រាប់ទោ​ចក្រយានយន្ត​ចំនួន ១​ទៅ និង​គន្លង​ចំនួន ១​មក ដែល​មាន​ទទឹង ១.២៥​ម៉ែត្រ​សងខាង។​

​ល្បឿន​សុវត្ថិភាព ៤០​គីឡូម៉ែត្រ​/​ម៉ោង ជម្រាល​ទទឹង​ស្ពាន ២% ។ សសរ​សម្រាប់​ព្យួរ​ខ្សែកាប​មាន​កម្ពស់ ៦០​ម៉ែត្រ គិត​ពី​ផ្ទៃ​តួ​ស្ពាន​ទៅលើ​អាកាស​។ សសរ​ស្ពាន​សម្រាប់​ព្យួរ​ខ្សែកាប​មាន​ចំនួន ២ ដែល​សសរ​ស្ពាន​នីមួយៗ​ប្រើប្រាស់​គ្រឹះ​ខួង​ខំ​នួន ១៨​ដើម មាន​ទំហំ​អង្កត់ផ្ចិត ២​ម៉ែត្រ គ្រឹះ​ខួង​សសរ​ទី​១​មាន​ជម្រៅ ៥៩.៤០​ម៉ែត្រ និង​សសរ​ទី​២​មាន​ជម្រៅ ៧៣.៤០​ម៉ែត្រ​។ ផ្នែក​ខាង​កោះ​ពេជ្រ​មាន​សសរ​ចំនួន ៣ និង​ផ្នែក​ខាង​កោះ​នរា ​មាន​សសរ​ចំនួន ៣​។ ជើង​តាង​ស្ពាន​មាន​ទំហំ​២៤.៣​ម៉ែត្រ​x១៧.៧​ម៉ែត្រ​x៤.៥​ម៉ែត្រ​។

​កម្ពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន ៨​ម៉ែត្រ​នៅ​រដូវវស្សា​នីវ៉ូទឹក​ខ្ពស់​បំផុត កម្ពស់​អតិបរមា​នាវា​ឆ្លងកាត់​ក្រោម​ស្ពាន ១៨​ម៉ែត្រ នៅ​រដូវប្រាំង​នីវ៉ូទឹក​ទាប​បំផុត ។ គម្លាត​ពី​សសរ​ស្ពាន​ខ្សែកាប មាន​ប្រវែង ១៨០​ម៉ែត្រ​។ សសរ​ស្ពាន​ខ្សែកាប​នីមួយៗ​មាន​ខ្សែកាប​ចំនួន​១​ជួរ ១៦​ដើម​សងខាង ក្នុង​១​ដើម​ មាន​ភ្ជាប់​ខ្សែកាប​តូចៗ​ពី ២៧​ដើម ទៅ​៣១​ដើម ដែល​មាន​អង្កត់ផ្ចិត ១៥.២​មី​លី​ម៉ែត្រ​​សសរ​ស្ពាន​ខ្សែកាប​ទាំង​២ មាន​ឆ្លាក់​ចម្លាក់​រចនាបថ​ខ្មែរ​។ មាន​បំពាក់​បង្គោល​ភ្លើង​បំភ្លឺ​ស្ពាន រៀបចំ​បណ្តាញ​លូ​អម​សងខាង​ផ្លូវ​ក្បាលស្ពាន ដាក់​ស្លាក​សញ្ញា​ចរាចរ និង​លាប​គំនូស​ចរាចរ​។ គម្រោង​ចំណាយ​សាងសង់ ៣៨.០០០.០០០​ដុល្លារ​អាមេរិក ។​រយៈពេល​សាងសង់ ៣៥​ខែ​។ សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា OCIC​។

២. អំពី​គម្រោង​សាងសង់​ស្ពានបេតុង​អារ​មេ​ត​ភ្ជាប់​ពី​កោះ​នរា ទៅ​ផ្លូវជាតិ​លេខ ១ បណ្តោយ​ស្ពាន​សរុប​ប្រវែង ៦០​ម៉ែត្រ ទទឹង​ស្ពាន ២១​ម៉ែត្រ បណ្តោយ​ស្ពានបេតុង ៤៥​ម៉ែត្រ ផ្លូវ​គល់​ស្ពាន​សងខាង ១៥​ម៉ែត្រ​រយៈពេល​សាងសង់ ១២​ខែ៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖ ​សិស្ស​វិទ្យាល័យ​ទួល​ទំពូង​ ក្លាយ​ជា​ម្ចាស់​ជ័យ​លាភី​ ការប្រកួតប្រជែង​ដេញដោល យុវជន​ថ្នាក់​ជាតិ​ឆ្នាំ​២០២០

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម