Connect with us

ព័ត៌មានជាតិ

អ្នក​រត់​កង់​បី​ត្អូញត្អែរ​រក​លុយ​មិន​បាន ក្រោយ​ផ្ទុះជំងឺ​កូ​វីដ​១៩ ក្នុង​សហគមន៍

បានផុស

នៅ

​អ្នក​រត់​រ៉ឺម៉ក​ បាន​រៀបរាប់​ពីមុខ​របរ​របស់​ពួកគាត់​ ដោយសារ​គ្មាន​ភ្ញៀវ​ដឹក​ ក្រោយ​ផ្ទុះ​ជំងឺ​កូវីដ-១៩ ក្នុង​សហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ចាន់ ដា​រ៉ូ អ្នក​រ៉ឺម៉ក រស់នៅ​ភូមិ​២២​ សង្កាត់​បឹងកក់​ទី​២ ​ខណ្ឌ​ទួលគោក ​បាន​រៀប​រាប់​ថា ​ចាប់​តាំង​ពី​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ​នា​ព្រឹត្តិការ​ថ្ងៃ​ទី​២៨​វិច្ឆិកា​ ដែល​ឆ្លង​រាលដាល​ដល់​សហគមន៍​រួចមក​ គឺ​ធ្វើ​ឲ្យ​មនុស្សម្នា​លែង​ចេញ​ដើរ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​រត់​​រ៉ឺម៉ក​សឹង​រកលុយ​ទិញ​បាយ​ហូប​មិនបាន​។​មូល​ហេតុ ដែល​លោក​ហ៊ាន​និយាយ​បែបនេះ​ ព្រោះ​ភ្ញៀវ​ដែល​ធ្លាប់​ជិះ​គាត់​មិន​ហ៊ាន​ចេញ​ពី​ផ្ទះ​ ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​​-១៩​នេះ​។​ ដោយឡែក​ភ្ញៀវ​ដទៃ​ទៀត​ ក៏​លែង​ហ៊ាន​ជិះ​ព្រោះ​អ្នកបើកបរ​និង​អ្នក​ជិះ​វា​ស្ថិតនៅ​កៀក​គ្នា​ពេក​។

​លោក ជា សារុន រស់នៅ​ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ព្រឹត្តិការ​ថ្ងៃ​ទី​២៨​វិច្ឆិកា​មក​ គឺ​ធ្វើ​ឲ្យ​អ្នក​រត់​រ៉ឺម៉ក​​សឹង​រកលុយ​ដាក់​ហោប៉ៅ​មិនបាន ​រហូតដល់​ផ្អាក​ការ​រក​ស៊ីមួយ​រយៈ ព្រោះ​គ្មាន​អ្នក​ជិះ​។ ​ពី​មុន​មក​សង្ឃឹម​ដឹក​ម៉ូយ​ស្ត្រីៗ​បម្រើ​តាម​ហាង​រួម​ទាំង​ភ្ញៀវ​ចេញពី​ផឹក​ស៊ី​ពេលយប់​តែ​ដល់​បិទ​ហាង​និង​ខារ៉ាអូខេ​មក​ ស្រាប់តែ​បាត់​ភ្ញៀវ​សូម្បីតែ​ម្នាក់​ក៏​គ្មាន​។​

​លោក​បាន​បន្ត​ថា កាលដែល​ពុំ​មាន​អ្នកដើរ​លេង​ដូច​រាល់ថ្ងៃ​ គឺ​ដោយសារតែ​ភ័យខ្លាច​ឆ្លង​ជំងឺ​កូ​វីដ​​​-១៩ គ្រប់ៗ​គ្នា​ ហើយ​កុំ​ថា​តែ​អ្នក​ជិះ​ សូម្បី​អ្នក​រត់​​រ៉ឺម៉ក ក៏​ភ័យខ្លាច​ឆ្លង​ជំងឺ​ពី​អ្នក​ជិះ​ដែរ​។ ​សរុប​សេចក្តី​មក​ គឺ​អ្នក​រត់​​រ៉ឺម៉ក សុខចិត្ត​ផ្អាក​របរ​នេះ​មួយ​រយៈ​ទម្រាំ​ជំងឺ​កូ​វីដ​នេះ​ បាន​ស្រាកស្រាន្ត​សិន​។

​គួរ​បញ្ជាក់​ថា ​ចាប់​តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ​ព្រឹត្តិការ​ថ្ងៃ​ទី​២៨​វិច្ឆិកា​មក​ គឺ​កុំថាឡើយ​អ្នករត់​​​រ៉ឺម៉ក ​អ្នក​ប្រកប​របរ​ដទៃ​ទៀត​ ក៏​មានការ​ត្អូញត្អែរ​ពី​រក​ប្រាក់កម្រៃ​ ចូល​ផ្ទះ​មិនបាន​ទាល់តែសោះ​។​ ជំងឺ​កូ​វីដ​១៩​នេះ ​សាហាវ​ហួស​ពី​ការ​រំពឹងទុក​ទៅទៀត ដូច្នេះ​ហើយ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ នាំគ្នា​ថែរក្សា​អនាម័យ​រៀងៗ​ខ្លួន​ចៀស​ឲ្យ​ផុត​ពី​ការ​ផ្ទុក​និង​ឆ្លង​ជំងឺ​នេះ​៕

អត្ថបទ៖ ​ន​រា

សូមចុចអាន៖ ​ហាមឃាត់​មន្ត្រី​រដ្ឋាករ​ទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ​មិន​ឲ្យ​ត​ទឹក​ស្អាត​ចូល​ក្នុង​ភូមិ ព្រោះ​ខ្លាច​បាត់​ចំណូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម