Connect with us

ព័ត៌មានជាតិ

បទយកការណ៍ខ្លី៖ ការចម្លងបេតិកភណ្ឌជាតិមួយ ឬពិភពលោក មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

បានផុស

នៅ

បេតិកភណ្ឌពិភពលោក គឺជាអ្វីៗដែលជាវត្ថុរូបិយ និង អរូបិយ របស់មនុស្សជាតិ ទាំងវប្បធម៌ និងធម្មជាតិ។ ចំពោះ សម្បត្តិវប្បធម៌រូបិយ មានដូចជាសំណង់ផ្សេងៗ ប្រាសាទបុរាណ ឬ វត្តអារាម។ល។ រីឯ សម្បត្តិវប្បធម៌អរូបិយ វិញរួមមាន សិល្បៈ របាំ ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្បត្តិបេតិកភណ្ឌពិភពលោករូបិយល្បីៗមួយចំនួន ដូចជាប្រាសាទអង្គរវត្តកម្ពុជាជាដើម ត្រូវបានសាងសង់ចម្លងឡើងវិញ ដើម្បីដាក់តាំង ឬតម្កល់នៅបណ្ដាប្រទេសនានាជុំវិញពិភពលោក​ ដែលការចម្លងនោះ មានទាំងការសុំអនុញ្ញាត និងមិនបានសុំអនុញ្ញាត។ តើការចម្លងបេតិកភណ្ឌរូបិយរបស់ជាតិមួយ ឬរបស់ពិភពលោក មានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ?

លោក ឡុង កុសល អ្នកនាំពាក្យរបស់អាជ្ញាធរជាតិអប្សរា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ការចម្លងបេតិកភណ្ឌពិភពលោក ក៏ដូចជាប្រាសាទអង្គរវត្តរបស់កម្ពុជា ធ្លាប់មានតាំងពីយូរមកហើយ។ ដូចកាលឆ្នាំ ១៩៣១ ក៏មានការចម្លងប្រាសាទអង្គរវត្ត​ តាំងពិព័រណ៍អន្តរជាតិ នៅទីក្រុងបារីស ប្រទេសបារាំង ក៏ដូចជា ប្រាសាទអង្គរវត្តចម្លងនៅប្រទេសចិនជាដើម ប៉ុន្តែ​នោះជាការស្នើសុំ និងសហការ ដោយការស្រឡាញ់ លើកតម្លៃ ចង់ជួយផ្សព្វផ្សាយអរិយធម៌ខ្មែរ។

លោក ឡុង កុសល មានប្រសាសន៍ថា ក្នុងការចម្លងប្រាសាទ មានចំណុចវិជ្ជមាន និងអវិជ្ជមាន។ ការចម្លងបេតិកភណ្ឌពិភពមិនមែនជារឿងអាក្រក់ទេ ប៉ុន្តែក្នុងករណីធ្វើដោយមិនមានការអនុញ្ញាត គឺមានផលអវិជ្ជមាន។

លោក ឡុង កុសល មានប្រសាសន៍បន្តថា៖ “ទី១ ការភ័ន្តច្រឡំពីមហាជន ទី២ អ្នកលួចចម្លង គឺអសីលធម៌ ព្រោះធម្មតាកន្លែងដែលគួរអនុញ្ញាតឱ្យចម្លង គឺប្រទេសម្ចាស់បេតិកភណ្ឌនឹងអនុញ្ញាត​​បាន ហើយថែមទាំងផ្ដល់ព័ត៌មាន និងអ្នកជំនាញ ទៅជួយរៀបចំដើម្បីឱ្យកសាងបានត្រឹមត្រូវតាមទម្រង់ និងក្បួនខ្នាត។ កសាងដោយមិនបានការអនុញ្ញាត គឺសមិទ្ធផលចេញមកមិនល្អ មិនច្បាស់លាស់”។

ពិតណាស់ សម្បត្តិវប្បធម៌ ជា បេតិកភណ្ឌជាតិ ត្រូវបានគេបានចាត់ទុកថា គឺជា របស់មួយមានតម្លៃខ្លាំងណាស់ មិនអាចកាត់ថ្លៃបាន ពីព្រោះ វត្ថុទាំងអស់នោះ គឺ តំណាងឱ្យ អត្តសញ្ញាណ ឬ ជា ដួងព្រលឹងរបស់ជាតិសាសន៍នីមួយៗ។ ចំណែកសម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោក ត្រូវបានគេចាត់ទុកថាជា វត្ថុមួយដ៏ខ្ពង់ខ្ពស់ និង មានតម្លៃបំផុត មិនអាចកាត់ថ្លៃបាន ពីព្រោះ វត្ថុនេះ គឺជា កេរមរតករបស់មនុស្សជាតិជំនាន់មុនៗ ដែលបានសាងទុកមកជាយូរអង្វែង។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា បើបរទេសយកជ្រុងណា ផ្នែកណានៃសម្បត្តិបេតិកភណ្ឌជាតិមួយ សម្រាប់ធ្វើការផ្សព្វផ្សាយ ឬលើកកម្ពស់ការផ្សព្វផ្សាយវប្បធម៌ប្រទេសដើម នោះជាការណ៍ល្អ។ ប៉ុន្តែបើធ្វើទៅ នាំឱ្យប៉ះពាល់កិត្យានុភាពនៃតម្លៃបេតិកភណ្ឌជាសាកល នោះមិនបានទេ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ថា៖ “ប្រទេសមួយសាងសង់អត្តសញ្ញាណនៃប្រទេសមួយ ដោយមិនបានសុំសិទ្ធិអនុញ្ញាត ហើយយកទៅផ្សព្វផ្សាយ ថាមកលេងត្រឹមប្រទេសខ្ញុំបានហើយ មិនបាច់ទៅប្រទេសដើមទេ នោះគឺជាការប្រកួតប្រជែងដោយមិនស្មោះត្រង់ ដែលប្រទេសម្ចាស់បេតិកភណ្ឌនោះ មានសិទ្ធិប្ដឹងទាមទារសិទ្ធិផលប្រយោជន៍បាន”។

រអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខាងលើ បញ្ជាក់ថា សម្រាប់អ្វីដែលជាបេតិកភណ្ឌពិភពលោក បើប្រទេសណាមួយ សាងសង់ឡើងក្នុងគោលដៅមិនគិតលើអាជីវកម្ម មិនកេងផលចំណេញ ជាទម្រង់នៃការផ្សព្វផ្សាយលើកកម្ពស់ និងលើកកិត្យានុភាពជាតិម្ចាស់បេតិកភណ្ឌដើម គឺមិនមានច្បាប់ណានៃអង្គការយូណេស្កូ ថ្កោលទោសនោះទេ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ថា៖ “យើងគួរមើលចំណុចវិជ្ជមាន បើគេសាងសង់ ហើយមិនបានសុំច្បាប់អនុញ្ញាតមែន ប៉ុន្តែបើផ្ដល់ផលវិជ្ជមានដល់កិត្យានុភាពជាតិយើងច្រើន យើងមិនគួរប្រកាន់ទេ។ ប៉ុន្តែបើគេធ្វើទៅមានការប៉ះពាល់ បាត់បង់ផលប្រយោជន៍ ប៉ះពាល់កិត្យានុភាពជាតិ នោះរដ្ឋាភិបាលនឹងទាមទារយកផលប្រយោជន៍ និងកិត្យានុភាពជាតិវិញ”។

លោកបណ្ឌិត ស៊ុ ឈុំប៊ុន អនុប្រធាន រាជបណ្ឌិតសភាកម្ពុជា បានមានប្រសាសន៍ ថា ផលចំណេញ គឺ កម្ពុជាអាចមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងបានការទទួលស្គាល់ពីអន្តរជាតិ ថាជាប្រទេសដែលមានសម្បត្តិវប្បធម៌ អារ្យធម៌ ដ៏រុងរឿង ដែលមានអាយុកាលដ៏ចំណាស់យូរលង់ជាងគេ។

លោក ស៊ុ ឈុំប៊ុន មានប្រសាសន៍ថា៖ “សម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក គឺ អន្តរជាតិការពារ គេមិនត្រឹមតែការពារទេ គឺ គេរកថវិកាមកជួសជុលទៀត។ ឧទាហរណ៍ដូចករណី ព្រះវិហារ ខាង យូណេស្កូ បានដាក់ជំនាញការ ដើម្បីធ្វើការជួសជុល និងធ្វើការអភិរក្ស”។

គួរបញ្ជាក់ថា ថ្មីៗនេះ មានប្រតិកម្មពីមហាជន ទាក់ទងនឹង ប្រទេសថៃ និងវៀតណាម ដែលបានសាងសង់ប្រសាទអង្គរចម្លង។ ទាក់ទងករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការតាមដាន និងទាក់ទងសួរនាំបញ្ជាក់តាមផ្លូវការទូតផងដែរ។ កន្លងមកធ្លាប់មានប្រទេសមួយចំនួនបានសុំអនុញ្ញាតពីកម្ពុជាដើមធ្វើប្រាសាទខ្មែរចម្លង ពិសេសប្រាសាទអង្គរវត្ត សម្រាប់ដាក់នៅឧទ្យាន ឬកន្លែងកម្សាន្តដើម្បីបង្ហាញបេតិកភណ្ឌរបស់អាស៊ី​អាគ្នេយ៍ ដូចជាប្រទេសចិនជាដើម។​ ប្រាសាទអង្គរវត្តក៏បានសាងសង់នៅប្រទេសប៊ែលហ្សិក ប្រទេសបារាំង និងប្រទេសអឺរ៉ុបមួយចំនួនផងដែរ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម