Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលបន្ថែមថវិកា ៥០លានដុល្លារ ជួយទ្រទ្រង់វិស័យ SME នៅកម្ពុជា ក្នុងវិបត្តិកូវីដ

បានផុស

នៅ

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានឲ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចបន្ថែមថវិកាចំនួន ៥០លានដុល្លារ ដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា សម្រាប់បន្តគម្រោងហិរញ្ញប្បទាន ដំណាក់កាលពីទី២ ដែលធ្វើឲ្យបដិភាគរបស់រាជរដ្ឋាភិបាល មានចំនួនកើនដល់ ១២០លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបន្ដថា សហគ្រាសធុនតូច និងមធ្យម បានចូលរួមដល់ការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជា និងការបង្កើតការងារជាច្រើនដល់ពលរដ្ឋ ព្រមទាំងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនភាពធន់របស់សេដ្ឋកិច្ចជាតិទៅនឹងវិបត្តិផងដែរ។ សហគ្រាសធុនតូច និងមធ្យមមានប្រមាណ ៩៨% នៃអាជីវកម្មទាំងអស់ នៅកម្ពុជា និងបានចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ៥៨% និងផ្តល់ការងារប្រមាណ ៧៣% នៃចំនួនកម្លាំងពលកម្មសរុប នៅកម្ពុជា។

លោករដ្ឋមន្រ្តីថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវកញ្ចប់ថវិកាចំនួន ១០០លានដុល្លារអាមេរិក សម្រាប់គាំទ្រការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ នៅថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០២២។

លោកបន្តថា ថវិកា ១០០លានដុល្លារ នឹងត្រូវប្រើប្រាស់ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម ដោយក្នុងនោះ ៥០លានដុល្លារ សម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម ដែលវិស័យទាំងពីរនេះ សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ។

បើតាមលោករដ្ឋមន្រ្តី ការងើបឡើងវិញនៃជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ក្នុងប្រទេស បានបង្កជាបញ្ហាប្រឈមមួយ ដែលអាចនឹងរាំងស្ទះការងើបឡើងវិញ នូវសកម្មភាពពាណិជ្ជកម្ម-ធុរកិច្ច និងបង្កឲ្យមានការភ័យខ្លាចដល់សាធារណជន។

បញ្ហាការហូរចូលទំនិញពីក្រៅប្រទេសច្រើនលើសលប់ ក៏ធ្វើឲ្យប៉ះពាល់ដល់វិស័យ SME នៅក្នុងស្រុកផងដែរ។

លោកឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា បានគូសបញ្ជាក់ថា ដើម្បីឲ្យវិស័យ SME កម្ពុជារីកចម្រើន រាជរដ្ឋាភិបាល ត្រូវតែទប់ស្កាត់ទំនិញនាំចូលពីក្រៅប្រទេស និងចូលរួមបំផុសគំនិតពលរដ្ឋឲ្យជួយគាំទ្រទំនិញក្នុងស្រុក ដើម្បីជួយវិស័យ SME ងើបឡើងវិញបានលឿន ក្រោយវិបត្តិកូវីដ-១៩។

សហគ្រាសធុនតូច និងមធ្យម(SME) នៅកម្ពុជា មានប្រមាណជាង ៥៣ម៉ឺនសហគ្រាស កំពុងដំណើរការអាជីវកម្ម នៅក្នុងឆ្នាំ ២០២១។ លោកឧកញ៉ា បានឲ្យដឹងថា ក្នុងចំណោមសហគ្រាសជាង ៥៣ម៉ឺននេះ សហគ្រាសដែលបានចុះបញ្ជីមានតែជាង ៤ម៉ឺនសហគ្រាសប៉ុណ្ណោះ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម