Connect with us

ព័ត៌មានជាតិ

លោក កែវ រ៉េមី ៖​ប្រទេសកម្ពុជា នៅតែឈានមុខនៅអាស៊ី លើ​ការ​គោរព​សិទ្ធិមនុស្ស​

បានផុស

នៅ

ការលើកឡើងរបស់​លោក កែវ រ៉េមី បាន​ធ្វើឡើងចំពេលដែល​កម្ពុជា​​អបអរសាទរខួបលើកទី៧២ នៃទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០ ធ្នូ ២០២០ ក្រោមប្រធានបទ “សិទ្ធិ និងសន្តិភាព” ដែល​ទិវានេះ កម្ពុជាតែងតែ​ធ្វើឡើងជារៀងរាល់ឆ្នាំ​ ក្រោយពីអង្គការសហប្រជាជាតិ (UN) បានប្រ​កាស​ឲ្យប្រើតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ​១៩៤៨ ដើម្បីលើកស្ទួយសិទ្ធិសេរីភាពរបស់មនុស្សជាតិគ្រប់រូប នៅលើពិភពលោក។​

លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្រី្ត និងជាប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា​ បានអះ​អាងថា កម្ពុជា គឺជាប្រទេសឈានមុខគេនៅអាស៊ី ដែលទទួលយក​លិខិតុបករណ៍​សិទ្ធិមនុស្ស​សំខាន់ៗ​ចំ​នួន​៨ ក្នុងចំណោម០៩ ខណៈ​រដ្ឋធម្មនុញ្ញ​កម្ពុជា មិន​មាន​ច្បាប់​ប្រ​ហារ​ជីវិត និងបាន​អនុញ្ញាត​ឲ្យមានវត្តមាន​អ្នករាយកាណ៍ពិសេស របស់ឧត្តមស្នងការ​អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស​នៅកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក កែវ រ៉េមី ​លើកឡើងថា នៅ​ក្នុងរបប​ប្រល័យ​ពូជសាសន៍​ប៉ុលពត (១៩៧៥-១៩៧៩) គឺ​ប្រជាពល​រដ្ឋ​មិន​មានសិទ្ធិសេរីភាពអ្វីទាំងងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យា​បាល​ជំងឺ សិទ្ធិជំនឿសាសនា ​និងសិទ្ធិប្រកបការងារជាដើម​ ​ ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់​ប្រុស​ស្រី ធ្វើការហួសកម្លាំងឈឺស្លាប់ដោយគ្មានពេទ្យ និងថ្នាំព្យាបាល ព្រមទាំងបានសម្លាប់ចោលអស់​ជាង៣​លាន​នាក់ នៅក្នុងរយៈពេលតែ​៣ឆ្នាំ​៨ខែ និង២០ថ្ងៃ​ប៉ុណ្ណោះ តែក្រោយពេលប្រទេសជាតិ ត្រូវបានរំដោះ​រួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី​៧ មករា ១៩​៧៩ គឺសិទ្ធិសេរីភាពរបស់ពលរដ្ឋត្រូវ​បាន​ទទួលពេញលេញឡើងវិញ និងធ្វើឱ្យកម្ពុជាកាន់តែ​រីកចម្រើន​ជឿនលឿន​រហូតដល់​សព្វថ្ងៃ​នេះ។

លោក កែវ រ៉េមី ​បញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា ​​បាន​យកចិត្តទុកដាក់ខ្ពស់បំផុតមិនឱ្យប្រជាជន ណាម្នាក់ស្លាប់ដោយសារតែអត់បាយ នេះជាការលើក​ស្ទួយនូវ​សិទ្ធិរស់រានមានជីវិត។ ក្រៅពីនេះទៀតយើងសង្កេតឃើញស្ថានភាពជំងឺកូវីដ-១៩ ក៏ដូចជាស្ថានភាពទឹកជំ​នន់ រាជរដ្ឋាភិបាល ព្រមទាំងការងារកាក​បាទ​ក្រហមកម្ពុជា យុវជន កងទ័ព ក្រុមការងារមនុស្សធម៌ និង​ថ្នាក់​ដឹកនាំទាំងអស់រួមកម្លាំងគ្នា ដើម្បីជួយដល់ប្រជា​ជនរងគ្រោះឱ្យទាន់ពេលវេលា នេះជាចំណុចសំខាន់​មួយដែលរាជរដ្ឋាភិបាល បាន​លើកស្ទួយ​សិទ្ធិរស់រានមានជីវិត ហើយ​ក្រៅពីនេះ រាជរដ្ឋាភិបាល ក៏បាន​​ទម្លាក់​នូវកញ្ចប់ថវិកា ដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្រ១ ក្រ២ ក្នុងទំហំទឹកប្រាក់ជាង​២៥លាន​ដុល្លារ ជារៀងរាល់ខែ។

លោក កែវ រ៉េមី បានបន្ថែម​ថា ច្បាប់កម្ពុជា​មានលក្ខណៈល្អប្រសើរ រដ្ឋធម្មនុញ្ញ បានបង្ហាញ​ពីទោសប្រហារ​ជីវិតមិនមាន ជំពូកទី៣ នៃរដ្ឋធម្មនុញ្ញទាំងមូល សឹងតែនិយាយពី​បញ្ហាសិទ្ធិមនុស្ស​ទាំងអស់ ហើយ​ក្រៅពី​នេះ អ្វីដែលសំខាន់បំផុត គឺ​លិខិតុបករណ៍​សិទ្ធិមនុស្សសំខាន់ៗចំនួន០៩ ដែលជា​លិខិតុបករណ៍​​គោល​របស់​សិទ្ធិមនុស្ស កម្ពុជាបាន​អនុម័តទទួលយកចំនួន០៨ នៅលើ០៩ ដែលជាចំណុចមួយសឹង​តែ១០០​ភាគរយ ដែលជានាំមុខនៅក្នុងតំបន់អាស៊ី ។នេះជាចំណុចជាក់ស្តែងយើងសង្កេតឃើញនូវការវាយ​តម្លៃ​ខ្ពស់​។

លោក កែវ រ៉េមី បានគូសបញ្ជាក់ថា ថ្មីៗនេះ​សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ​បាន​អនុញ្ញាត​ បន្តអាណត្តិរបស់​ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ដែលនឹងផុតអាណត្តិរបស់ខ្លួន​នៅក្នុងខែ១២​នេះ ផងដែរ៕

អត្ថបទ៖  កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម