នៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេស ទទួលបាននូវកម្មវិធីអាទិភាព១របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៦នេះ ដើម្បីជាការវិនិយោគរយៈពេលវែងលើធនធានមនុស្សរបស់កម្ពុជា និងការកាត់បន្ថយអត្រាមរណភាពមាតា និងទារក ត្រូវបានបញ្ចេញសកម្មភាពគ្រប់រាជធានីខេត្តពេញៗមួយថ្ងៃរយៈពេល២ថ្ងៃមកនេះ គេឃើញស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ក្នុងគ្រួសារក្រីក្រ មកទទួលការចុះឈ្មោះថ្មីជាបន្តបន្ទាប់ និងការទទួលឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជាហូរហែផងដែរ ក្រោយពេលក្រសួងជំនាញធ្វើការជូនដំណឹងរួចមក។
តាមសេចក្តីរាយការណ៍របស់នាយកដ្ឋានសុខុមាលភាពនៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា សម្រាប់ថ្ងៃនេះ សកម្មភាពរបស់នាយកដ្ឋានបានទទួលព័ត៌មានស្ដីពីការចុះឈ្មោះថ្មី ការផ្តល់ជូនស្រី្តមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ តាមមូលដ្ឋានសុខាភិបាលនិងឃុំ សង្កាត់រួមជាមួយការពិនិត្យបញ្ជីឈ្មោះជាដើម។សកម្មភាពប្រចាំថ្ងៃនៃការទទួលផលរបស់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រ នៅក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្រី្តមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ ដោយការចុះឈ្មោះថ្មីនៅតាមឃុំ សង្កាត់ និងការពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស ដែលជាកម្មវិធីអាទិភាព១របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦នេះ ដើម្បីជាការវិនិយោគរយ:ពេលវែងលើធនធានមនុស្សរបស់កម្ពុជា និងការ កាត់បន្ថយអត្រាមរណភាពមាតា និងទារក ។
ផ្អែកតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១ ៦-២០២៥) រាជរដ្ឋាភិបាលបានផ្ទេរការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ពីក្រសួងសុខាភិបាលទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីគ្រប់គ្រង និងអនុវត្តឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ចាប់ពីនៅខែមករា ឆ្នាំ២០២០តទៅ ។
កម្មវិធីនេះ ត្រូវបានប្រើប្រាស់យន្តការអនុវត្តជាលក្ខណៈអន្តរស្ថាប័ន ដែលមានការចូលរួមពីក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្នុងនោះនៅថ្នាក់ជាតិមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម។ នៅថ្នាក់រាជធានីខេត្ត មានរដ្ឋបាលរាជធានី ខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរសុខាភិបាលរាជធានី ខេត្ត និងនៅថ្នាក់ឃុំ សង្កាត់ មានរដ្ឋបាលឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ៕
អត្ថបទ៖ វិមាន