Connect with us

ព័ត៌មានជាតិ

បទយកការណ៍៖ ឱកាស ក្នុងបញ្ហាប្រឈម ពេលកម្ពុជាចូលជាភាគី អនុសញ្ញាទីក្រុងប៊ែន សិទ្ធិអ្នកនិពន្ធ

បានផុស

នៅ

អនុសញ្ញាទីក្រុងប៊ែន គឺជាអនុសញ្ញាគោល ឬមូលដ្ឋានផ្នែកសិទ្ធិអ្នកនិពន្ធ ដែលមានវិធានអនុវត្តនឹងគ្របដណ្តប់លើអនុសញ្ញា និងសន្ធិសញ្ញាទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការ WIPO ​(World Intellectual Property Organization)។ កម្ពុជា នឹងចូលជាភាគីពេញសិទ្ធិ​ នៃអនុសញ្ញាទីក្រុងប៊ែន ស្តីពី កិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈឆ្នាំ១៨៨៦ វិសោធនកម្មឆ្នាំ១៩៧៩ ដែលនឹងត្រូវអនុវត្តជាធរមាននៅថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២២ ដ៏ខ្លីខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ ព្រះរាជាណាចក្រកម្ពុជា ថ្វីដ្បិតតែការចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន នេះ មានគុណសម្បត្តិ ប៉ុន្តែក៏ប្រឈមនឹងមានគុណវិបត្តិមួយចំនួនផងដែរ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍ។

តើមូលហេតុអ្វី បានជាកម្ពុជាចូលជាភាគី នៃអនុសញ្ញាទីក្រុងប៊ែន?

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ  រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌  និងវិចិត្រសិល្បៈ មានប្រសាសន៍ថា កាលពីឆ្នាំ២០១៨ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយកម្ពុជាដើម្បីចូលជាសមាជិកនៃអនុសញ្ញា សន្ធិសញ្ញា ដែលកម្ពុជាពុំទាន់បានចូល ហើយពេលនោះកម្ពុជាមិនទាន់ចូលជាភាគីនៃសន្ធិសញ្ញា ឬអនុសញ្ញាណាមួយរបស់អង្គការ WIPO​ (World Intellectual Property Organization) នៅឡើយទេ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បង្ហាញមូលហេតុកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន បន្តថា៖ “នេះជាកាតព្វកិច្ចរបស់កម្ពុជាដែលជាសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក WIPO​ (World Intellectual Property Organization)  និងជាពិសេសជាសមាជិក​អង្គការពាណិជ្ជកម្មពិភពលោក WTO (World Trade Organization) ដែលត្រូវឱ្យកម្ពុជាចូល​ជាសមាភាគីនៃអនុសញ្ញា សន្ធិសញ្ញាទាំងអស់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គការ WIPO​ (World Intellectual Property Organization)”។

រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ បញ្ជាក់មូលហេតុបន្ថែមថា ការណ៍ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ដើម្បីឱ្យកម្ពុជាចូលជាសមាជិក​គណៈកម្មាធិការសម្របសម្រួលរបស់អង្គការ WIPO​ (World Intellectual Property Organization) ហៅកាត់ថា COCO (WIPO Coordination Committee )​ ហើយសម្រេចឱ្យកម្ពុជាចូលជាសមាជិកនៃគណៈកម្មាធិការ នៅថ្ងៃទី០៨ ខែតុលា​ ឆ្នាំ២០២១។ ត្រង់ចំណុចនេះ បើសិនជា កម្ពុជាមិនជាភាគីនៃអនុសញ្ញាទីក្រុងប៊ែនទេ យើងមិនអាចជាសមាជិក COCO​ បានទេ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍បន្តថា៖ “សមាគមអាស៊ាន សល់តែកម្ពុជា និងភូមា ហើយថ្មីៗនេះ គឺកិច្ចព្រមព្រៀងស្តីពី ភាពជាដៃគូតំបន់សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ RCEP (Regional Comprehensive Economic Partnership) រវាងអាស៊ាន និងដៃគូដូចជាចិន ជប៉ុន កូរ៉េ អូស្រ្តាលី និងណូវែលហ្សឺឡង់ ក៏ជំរុញខ្លាំងដែរ ដែលក្នុងនោះ មានមាត្រាមួយនៃផ្នែកកម្មសិទិ្ធបញ្ញា ឱ្យសមាជិកនៃកិច្ចព្រមព្រៀងនេះ ចូលជាភាគីនៃអនុសញ្ញានេះ”។

តើមានបញ្ហាប្រឈមអ្វីខ្លះ បើកម្ពុជាមិនចូលជាភាគី នៃអនុសញ្ញាទីក្រុងប៊ែន?

លោក ស៊ឹម សត្តា ប្រធាននាយកដ្ឋាន សិទ្ធអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែល មានប្រសាសន៍ថា បើកម្ពុជាមិនចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន និងពិបាកអនុវត្តកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធបញ្ញាក្នុងតំបន់ ដែលដាក់ចេញដោយសមាគមប្រជាជាតិអាស៊ានហៅកាត់ថា AWGIPC (ASEAN Working Group on IP Cooperation) និងកិច្ចសហប្រតិបត្តិការផ្នែកកម្មសិទ្ធិបញ្ញាទូទៅលើពិភពលោក ជាពិសេសកិច្ចចរចារពាណិជ្ជកម្ម ឬសាកលភាវូបនីយកម្ម ព្រោះកិច្ចប្រជុំកន្លងមក គេតែងតែជំរុញឱ្យកម្ពុជាចូលជាភាគីនៃអនុសញ្ញានេះ។

លោក ស៊ឹម សត្តា មានប្រសាសន៍ ​អំពីបញ្ហាប្រឈមបន្តថា៖ “ការអនុវត្តសិទ្ធអ្នកនិពន្ធ និងសិទ្ធិ​ប្រហាក់ប្រហែលនៅកម្ពុជា និងបរទេស មានបញ្ហាលំបាក ដោយប្រជាជនយើង​យក​ស្នាដៃ​បរទេស​មកប្រើប្រាស់ដោយពុំគិតថ្លៃ ដោយពុំចាំបាច់បង្កើតស្នាដៃខ្លួនឯង ដែលជាហេតុនាំឱ្យផលិតផល​វប្បធម៌បរទេសជះឥទ្ធិពលខ្លាំងក្លានៅកម្ពុជា”។

ប្រធាននាយកដ្ឋាន សិទ្ធអ្នកនិពន្ធ និងសិទ្ធប្រហាក់ប្រហែល រូបនេះ លើកបញ្ហាប្រឈមបន្តថា បើកម្ពុជាមិនចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន នឹងធ្វើឱ្យសង្គមវប្បធម៌ ប្រព័ន្ធអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យាមិនមានការអភិវឌ្ឍ ព្រោះពុំមានការបង្កើតថ្មីដែលធ្វើឱ្យឧស្សហកម្មវប្បធម៌ខ្មែរ​ពុំអាចប្រគួតប្រជែងជាមួយគេបាន។ ជាមួយគ្នានេះ កម្ពុជានៅបន្តការប្រើប្រាស់ស្នាដៃ​បរទេស​យ៉ាងអាណាធិបតេយ្យ ធ្វើឱ្យបាត់បង់នូវកិត្យានុភាពជាតិ។

តើមានគុណប្រយោជន៍អ្វីខ្លះ នៅពេលកម្ពុជាចូលជាភាគី នៃអនុសញ្ញាទីក្រុងប៊ែន?

លោក ឯក ប៊ុនថា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ មានប្រសាសន៍ថា កម្ពុជានឹងទទួលបាននូវគុណប្រយោជន៍ជាច្រើនដូចជា ទទួលបានកិត្តិយសខ្ពស់ស្មើមុខ ស្មើមាត់នឹងគេលើឆាកអន្តរជាតិ, ទទួលបានជំនួយបច្ចេកទេស អភិវឌ្ឍន៍ធនធានមនុស្ស ផលិតផលវប្បធម៌និងបច្ចេកវិទ្យាទំនើប, ទាក់ទាញទេសចរណ៍ ការវិនិយោគ និងអភិវឌ្ឍឧស្សាហកម្មឆ្នៃប្រឌិតផ្នែកវប្បធម៌និងសេដ្ឋកិច្ចកម្ពុជា។

លោក ឯក ប៊ុនថា មានប្រសាសន៍បន្តថា៖ “នៅពេលដែលកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន នឹងទទួលគុណប្រយោជន៍បន្តទៀតគឺ ពង្រឹងកិច្ចសហប្រតិបត្តិការល្អលើវិស័យកម្មសិទ្ធបញ្ញាអន្តរជាតិ, នាំចេញនូវផលិតផលវប្បធម៌ចូលក្នុងទីផ្សារអន្តរជាតិតាមរយៈកិច្ចការពារដោយអនុសញ្ញាទីក្រុងប៊ែន និងបង្កើតឱ្យមានផលិតផលថ្មីៗនិងទីផ្សារការងារក្នុងស្រុកនិងពង្រឹងគុណភាពនៃវិស័យអប់រំ”។

តើមានបញ្ហាប្រឈមអ្វីខ្លះ នៅពេលកម្ពុជាចូលជាភាគី នៃអនុញ្ញាទីក្រុងប៊ែន?

លោក ឯក ប៊ុនថា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ មានប្រសាសន៍ថា ទន្ទឹមនឹងគុណប្រយោជន៍ ច្បាស់ណាស់នឹងមានគុណវិបត្តិក្នុងរយៈពេលខ្លីខាងមុខនេះ ដូចជា កម្ពុជាមានកាតព្វកិច្ចការពារស្នាដៃបរទេសដែលជារដ្ឋភាគីនៃអនុសញ្ញាប៊ែនដោយមិនរើសអើង ដូចស្នាដៃរបស់ប្រជាជនកម្ពុជាដែរ ដែលជាហេតុនាំឱ្យមានបណ្តឹងពីបរទេសលើការរំលោភបំពានស្នាដៃដោយប្រជាជនយើង, បណ្តឹងតវ៉ាពីបរទេសនឹងការដោះស្រាយវិវាទកើនឡើង, យើងពុំអាចប្រើប្រាស់ស្នាដៃបរទេសដោយពុំមានការអនុញ្ញាតបាននោះទេ ដូចនេះយើងត្រូវតែបង់ប្រាក់ជូនទៅអ្នកនិពន្ធឬអ្នកបង្កើតស្នាដៃជាជនជាតិបរទេស។

លោក ឯក ប៊ុនថា មានប្រសាសន៍អំពីបញ្ហាប្រឈមបន្តថា៖ “កម្ពុជានៅខ្វះខាតច្បាប់ និងលិខិតបដ្ឋានគតិយុត្តដើម្បីអនុវត្ត ជាពិសេសគឺ អង្គភាពគ្រប់គ្រងសិទ្ធិរួមមិនទាន់មានដំណើរការល្អ និងមិនទាន់បានបង្កើតនូវអង្គភាពនេះគ្រប់ផ្នែកនៃសិទិ្ធអ្នកនិពន្ធ និង ការយល់ដឹងរបស់ប្រជាជននៅមានកម្រិត ជាហេតុនាំពិបាកអនុវត្តច្បាប់ ជាពិសេសការបង់ប្រាក់កម្រៃប្រើប្រាស់ស្នាដៃ។ល។”។

តើត្រូវមានដំណោះស្រាយយ៉ាងណាចំពោះមុខ នៅពេលអនុវត្តកាតព្វកិច្ច នៃអនុសញ្ញាទីក្រុងប៊ែន?

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ  រដ្ឋលេខាធិការ  និងជាអ្នកនាំពាក្យ ក្រសួងវប្បធម៌  និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ថ្វីដ្បិតកម្ពុជាប្រឈមនឹងបញ្ហាមួយចំនួនក៏ពិតមែន ប៉ុន្តែនេះក៏ជាឱកាសដើម្បីកម្ពុជា ពង្រីក និងពង្រឹងសមត្ថភាពរបស់ខ្លួន។ ទាក់ទងទៅនឹងដំណោះស្រាយនេះ កម្ពុជាត្រូវបង្កើតនូវបទដ្ឋានគតិយុត្តដើម្បីអនុវត្តសិទ្ធិអ្នកនិពន្ធដូចជា៖

– ត្រូវធ្វើវិសោធនកម្មច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធដោយចូលនូវិធានអនុវត្តនានា ជាពិសេសការដោះ ស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងបទប្បញ្ញាត្តិទាក់ទងនឹងអង្គភាពគ្រប់គ្រងសិទ្ធិរួម។ល។

– ត្រូវបង្កើតអនុក្រឹត្យស្តីពីវិធានអនុវត្តសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល ប្រកាសនិងលិខិត បទដ្ឋាន គតិយុត្តផ្សេងៗទៀតដើម្បីអនុវត្ត។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍អំពីដំណោះស្រាយជាបន្តថា៖ “បណ្តុះបណ្តាល​ធនធាន​មនុស្ស ពង្រឹងអង្គភាពអនុវត្តច្បាប់ និងបំពាក់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា។ ផ្សព្វផ្សាយឱ្យទូលាយអំពីចំណេះដឹងផ្នែកសិទ្ធិអ្នកនិពន្ធដល់សាធារណជន ដើម្បីពង្រឹងការយល់ដឹងជា​សាធារណៈនិងការអនុវត្តច្បាប់។ និងសហការល្អរវាងដៃគូជាតិអាជ្ញាធរមានសមត្ថកិច្ច វិស័យឯកជន និងដៃគូអង្គការជាតិអន្តរជាតិដើម្បីអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការការពារសិទ្ធិអ្នកនិពន្ធ”។

លោកស្រី អ៊ុច ថាវី អ្នកនិពន្ធឯករាជ្យ និងជាអ្នកនិពន្ធធុរកិច្ចនៅក្រុមហ៊ុនឯកជន មានប្រសាសន៍ថា ជារឿងដ៏រីករាយមែនទែនដែលប្រទេសកម្ពុជាបានចូលជាភាគីពេញសិទ្ធិនៃអនុសញ្ញាទីក្រុងប៊ែន ពីព្រោះថារាល់ស្នាដៃរបស់អ្នកនិពន្ធខ្មែរទាំងអស់នឹងត្រូវបានការពារ​ដោយច្បាប់ បានន័យថា បើសិនស្នាដៃណាមួយត្រូវ​បានបរទេសលួច​ចម្លង អ្នកនិពន្ធដែល​ជាម្ចាស់ស្នាដៃមានសិទ្ធិប្តឹងបាន។

លោកស្រី អ៊ុច ថាវី បញ្ជាក់បន្ថែមថា៖ “ប៉ុន្តែវាក៏ក្លាយជាការព្រួយបារម្ភដូចគ្នា ​ព្រោះថាយើង​មានសិ​ទ្ធិប្តឹងគេ គេក៏មានសិទ្ធិប្តឹងយើងវិញ។ យើងសង្កេតឃើញថា នៅកម្ពុជាយើង ​មិនត្រឹមតែមានការលួចចម្លងស្នាដៃអ្នកនិពន្ធគ្នាឯងនោះទេ វាក៏មាន​ការ​លួចចម្លងស្នាដៃ​បរទេស​ផងដែរ ពិសេសគឺការយកស្នាដៃគេមកបកប្រែលក់​ព្រោងព្រាតដោយមិន​បាន​សុំសិទ្ធិ​​ម្ចាស់​ដើម។

ក្នុងនាមជាអ្នកនិពន្ធម្នាក់ លោកស្រី អ៊ុច ថាវី មានសំណូមពរតូចមួយ គឺសូមឱ្យ​អ្នកនិពន្ធ​កម្ពុជាយល់ពីតម្លៃខ្លួនឯងក្នុងនាមជាអ្នកនិពន្ធ។ សូមបង្កើតស្នាដៃថ្មីដែលបានមក​ពីការ​ប្រើចំណេះ​ដឹង និងទេពកោសល្យក្នុងការតែងនិពន្ធរបស់ខ្លួន មិនមែនបង្កើត​ស្នាដៃ​ដោយការប្រឹងចម្លងគេនោះឡើយ ពោលគឺ “អ្នកនិពន្ធគឺជាអ្នកបង្កើត មិនមែនជាអ្នកលួចឡើយ!”។

អ្នកនិពន្ធឯករាជ្យរូបនេះ មានស្នាដៃដែលទទួលបានប្រជាប្រិយភាពជាច្រើន ក្នុងនោះ មានវីដេអូអប់រំល្បីៗដូចជា រឿងជញ្ជីងគ្មានស្រមោល (សហនិពន្ធ), រឿងបង្គងវល្លិ៍មាស (សហនិពន្ធ), រឿងជនរងគ្រោះ និង រឿងម្ចាស់កាំបិតត្នោត ជាដើម។ ចំណែក ប្រលោមលោកដែលបានចេញផ្សាយ មានដូចជាប្រលោកលោកបែបស៊ើបអង្កេត រឿង “តាមប្រមាញ់ឧក្រិដ្ឋជន”, ប្រលោមលោកបែបមនោសញ្ចេតនា រឿង “សំណាញ់ជីវិត”, បណ្តុំរឿងអប់រំខ្លី និងកំណត់ហេតុជីវិត ចំណងជើង “កូនស្រី”។

គួរបញ្ជាក់ថា ស្របពេលកម្ពុជានឹងប្រឈមបញ្ហាប្រឈមខាងលើ នៅពេលចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែននេះ រាជរដ្ឋាភិបាលបានជ្រើសរើសនូវ “ខ” រក្សាសិទ្ធចំនួន២ ដែលកម្ពុជា ប្រកាសក្នុងលិខិតូបករណ៍គឺ៖

១. កម្ពុជាមិនទទួលយកមកអនុវត្តនូវលក្ខខណ្ឌនៃមាត្រា ៣៣ វាក្យខណ្ឌទី១ ស្តីពីកាតព្វកិច្ចនៃយុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ ICJ (International Court of Justice) ឡើយ ដូច្នេះរាល់វិវាទទាំងឡាយរវាងកម្ពុជា និងរដ្ឋជាភាគីដទៃទៀត គឺត្រូវដោះស្រាយដោយការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ឬស្ថិតក្រោមយុត្តានៃតុលាការកម្ពុជាឬរដ្ឋជាភាគីនោះ។

២. កម្ពុជាទទួលយកនូវសិទ្ធិអំណាចដែលផ្តល់ដោយមាត្រា២ និងមាត្រា៣ នៃឧបសម្ព័ន្ធនៃអនុសញ្ញានេះ ស្តីពីការទទួលយកសិទ្ធិចំពោះការបកប្រែ​ និងផលិតឡើងវិញចំពោះប្រទេសកំពុងអភិវឌ្ឍន៍ មានន័យថា កម្ពុជាអាចបកប្រែ និងផលិតឡើងវិញនូវស្នាដៃបរទេសបានដើម្បីបម្រើឱ្យការអប់រំ ស្រាវជ្រាវ និងអភិវឌ្ឍន៍នៅកម្ពុជា តាមរយៈអាជ្ញាបណ្ណបញ្ជា​ចេញដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។​ ការយកស្នាដៃបរទេស មកបកប្រែ ឬផលិតឡើងវិញ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកធ្វើអាជ្ញាបណ្ណបញ្ជា ដើម្បីឱ្យពលរដ្ឋ និងសិស្សនិស្សិតមានលទ្ធភាពប្រើប្រាស់ និងសម្រាប់សិក្សា​ និងទិញក្នុងតម្លៃថោកជាងស្នាដៃដើម៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម