Connect with us

ព័ត៌មានជាតិ

តើមាតាបិតា និងបេក្ខជន មាន​ទស្សន​យ៉ាងណា​ចំពោះ​ការរៀប​ចំប្រឡងបាក់ឌុប​?

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យសិក្សា​ទុតិយភូមិ​ ឬបាក់ឌុប នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ ដោយប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំង​ស្រុងដល់មន្ទីរអប់រំ យុវជន និងកីឡារាជ​ធានី ខេត្ត និងគណៈគ្រប់គ្រង នៃគ្រឹះស្ថានមធ្យមសិក្សា ទាំងក្នុងដំណាក់កាលរៀបចំ ដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលបូកស្រង់ និងការប្រកាសលទ្ធផល។
 
ក្រសួងបានណែនាំថា គ្រឹះស្ថានសិក្សានីមួយៗត្រូវសហការជាមួយអាជ្ញាធរអប់រំគ្រប់លំដាប់​ថ្នាក់និងប្រើ​ប្រាស់​បុគ្គលិកអប់រំក្នុងគ្រឹះស្ថានសិក្សារបស់ខ្លួនធ្វើជាគណៈកម្មការមេប្រយោគ​ប្រឡងនៅគ្រប់​ដំណាក់​កាល។
 
លើសពីនេះទៀត ក្រសួងអប់រំ នឹងទទួលស្គាល់លទ្ធផល នៃការប្រឡងតាមគ្រឹះស្ថានមធ្យមសិក្សា ដើម្បី​ជាមូលដ្ឋាន សម្រាប់ការចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិផងដែរ។
 
តើមាតា បិតា និងបេក្ខជនប្រលងមានទស្សនយ៉ាងណាចំពោះការរៀប​ចំប្រឡងបាក់ឌុបនៅ​តាមសាលា​នេះ​?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញាអ៊ីម ស្រីម៉ី រៀននៅសាលា វិទ្យាល័យហ៊ុនសែនអង្គស្នួល បានបង្ហាញនូវចំណាប់អារម្មណ៍​ថា «​សម្រាប់​ខ្ញុំ​យល់​ថា កាប្រឡងនៅតាមមណ្ឌលសិក្សា​នេះ គឺល្អ ព្រោះការធ្វើបែបនេះគឺស្របទៅតាមស្ថាន​ភាព​ប្រ​ទេស​ដែលកំពុងជួប​វិបិត្តិ​កូវីដ-១៩ ព្រោះក្រសួងមិនចាំបាច់ចំណាយថវិការជាតិច្រើន ថែមទាំងអាច​រក្សា​សុវត្ថិ​ភាព​ នឹង​មាន​ភាពងាយ​ស្រួលដោយសិស្សានុសិស្សមិនចាំបាច់ធ្វើដំណើរទៅកាន់មណ្ឌលប្រឡង​ដ៏ទៃ​ដែល​មាន​ភាពភ័យព្រួយពីការឆ្លងកូវីដ១៩នោះឡើយ»។

ចំណែកកញ្ញា សេង សុវណ្ណនីកា សិស្សរៀននៅវិទ្យាល័យព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​ ក៏មាន​ទស្សនស្រដៀងគ្នានេះដែរថា «ការដែលក្រសួងរៀនចំប្រឡងបាក់ឌុប នៅតាមសាលានេះ វាជាការល្អ​ហើយ​​សម្រាប់ខ្ញុំ និងសិស្សដ៏ទៃទៀត ដោយមិនចាំបាច់ធ្វើដំណើរទៅប្រឡងឆ្ងាយ ចំណេញពេលវេលា​និង​ថវិកា​ពិ​សេសមិនសូវមានហានិភ័យខ្ពស់ចំពោះការឆ្លងជំងឺកូវីដ-១៩ឡើយ»។
 
តែយ៉ាងណាក៏ដោយ កញ្ញាសំណូមពរចង់ឲ្យក្រសួងធ្វើយ៉ាងណារៀបចំ​វិញ្ញាសាប្រឡងដូចរាល់ឆ្នាំ និងដាក់​អនុរក្សនៅតាមមណ្ឌលប្រឡងដូចរាល់ឆ្នាំ ដើម្បីឲ្យដំណើរការប្រឡងបានល្អ។
 
កញ្ញាបានបន្តទៀតថា«ខ្ញុំចង់ឲ្យក្រសួងដាក់អនុរក្សមកពីសាលាផ្សេងមិនមែនជ្រើសរើសយកពីក្នុងសាលានោះទេ ព្រោះថា កាលណារៀននៅសាលាជាមួយគ្នាខ្លាចដឹងចិត្តគ្នាអាចថាលទ្ធផលប្រឡងមិនល្អ»។

រីឯ លោក សុធា រស់នៅរាជធានីភ្នំពេញដែលមានកូនត្រូវប្រឡងនៅឆ្នាំនេះ​ដែរបាននិយាយ​ថា«ខ្ញុំគាំទ្រឲ្យ​ក្រ​សួងរៀបចំ​ប្រឡងនៅតាមសាលារៀននីមួយៗព្រោះដើម្បីកាត់បន្ថយការ​ឆ្លងជំងឺកូវីដ១៩ព្រោះ​សិស្សខ្លះ​ត្រូវធ្វើដំណើរទៅប្រឡងពីមណ្ឌលមួយទៅមណ្ឌលមួយទៀតទៅតាមតួអក្សរនីមួយៗ។ជាក់ស្តែង​កូនស្រី​របស់​ខ្ញុំត្រូវទៅប្រឡងនៅទិរួមខេត្តកំពង់ចាមតែដល់ក្រសួងតម្រូវឲ្យប្រឡងនៅតាមសាលាអី​ចឹងទៅជួយ​សម្រួលដល់ខ្ញុំបានមួយចំណែកដែរ»។
 
យ៉ាងណាក៏ដោយលោក សុធា បានស្នើដល់ក្រសួងអប់រំ បន្តគិតពីដាក់និទ្ទេស A,B,C,D,Eដូចរាល់ឆ្នាំ​ដើម្បី​ឲ្យ​សិស្សដែលខិតខំរៀនមានទឹកចិត្ត និងអាចដាក់ពាក្យទៅរៀន​តាមសាកលវិទ្យាល័យ​នានា​បាន​ស្រួល​ផង​។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានស្នើឲ្យមាតា បិតា​ និងបេក្ខជនប្រឡង​សូម​រង់ចាំ​សេចក្តីណែនាំ​លម្អិត​របស់​ក្រសួងអប់រំ យុវជន និងកីឡា ដែលនឹងចេញនាពេល​ឆាប់ៗខាងមុខ​នេះ​។
 
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា បានប្រកាសគាំទ្រ​ទាំង​ស្រុង​ចំពោះក្រសួងដែលបានរៀបចំប្រឡងនៅតាមសាលារៀននីមួយៗនេះ។
លោកបានបន្តថា «ខ្ញុំសូមឯកភាព​១០០ភាគ​រយ ដែលក្រសួងបានឲ្យសាលានី​មួយៗរៀបចំប្រឡងបាក់ឌុប​ដោយខ្លួនឯង »។

លោករស់សុវាចា បាន​ស្នើសិស្សានុសិស្ស និងបេក្ខជនប្រឡង និងមាតាបិតាទាំងអស់ បន្តខិត​ខំប្រឹង​ប្រែង​រៀនសូត្រ និងថែរក្សាសុខភាព ហើយគាំទ្រគ្នាទៅវិញទៅមក ខណ:ពេលដែលកម្ពុជា និងពិភពលោក​កំពុង​ប្រឈមនឹងកូវីដ-១៩ នៅឡើយ។

គួរបញ្ជាក់ថា នេះជាលើកដំបូងហើយដែលក្រសួងអប់រំ យុវជន និងកីឡា បាន​​ប្រគល់សិទ្ធ​ឲ្យ​គ្រឹះស្ថាន​សិក្សា​នីមួយៗរៀបចំប្រឡងបាក់ឌុបដោយខ្លួនឯង ខណៈឆ្នាំមុនៗ​ក្រសួងជាអ្នករៀបចំដោយខ្លួនឯង​ទាំង​ក្នុងដំណាក់កាលរៀបចំ ដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលបូកស្រង់ពិន្ទុ និងការ​ប្រកាសលទ្ធ​ផល​ ដោយមានការត្រួតពិនិត្យពីអង្គភាពប្រឆាំងអំពើពុករលួយ និងដាក់ពង្រាយ​អប្បមាទ​រាប់​ពាន់នាក់​ ដើម្បី​ត្រួតពិនិត្យមើលនៅតាមបន្ទប់ប្រឡងនីមួយៗទូទាំងប្រទេស៕

អត្ថបទ ៖ សំអឿន
 
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម