អណ្ដូងមាសដុះ នៅភ្នំលកដែលគេសង់សំណង់រឹងមាំនៅទីនោះបំណងរំលោភយកធ្វើជាកម្មសិទ្ធិ ត្រូវបានអាជ្ញាធរស្រុកកំពង់ត្រាច ទុករយៈពេល៤០ថ្ងៃ ដើម្បីឲ្យអ្នកសាងសង់រុះរើដោយខ្លួនឯងវិញ បើមិនព្រមរុះរើទេអាជ្ញាធរនឹងចាត់វិធានការតាមផ្លូវច្បាប់។
ទាក់ទិននឹងការសង់សំណង់នៅលើអណ្តូងមាសនេះ ប្រជាពលរដ្ឋជាច្រើននាក់នៅភូមិលក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត បានលើកគ្នាមកតវ៉ាជាច្រើនដងមកហើយ ដោយពួកគាត់សុំគោលការណ៍ពីអាជ្ញាធរឲ្យជួយអន្តរាគមន៍ និងជួយទប់ស្កាត់កុំឲ្យមានការសាងសង់សំណង់នៅលើអណ្តូងមួយនេះ ថែមទាំងទាមទារឲ្យអាជ្ញាធររុះរើសំណង់ ដែលធ្វើរំលោកយកដីអណ្ដូងមាសចេញជាបន្ទាន់ ផងដែរ។ ជាមួយនេះ ពលរដ្ឋជាច្រើននាក់បានសំណូមពរឲ្យរក្សាអណ្ដូងនេះ ទុកសម្រាប់យកទឹកប្រើរួមគ្នា ដោយមិនចង់ឲ្យមានការធ្វើផ្ទះនៅជិតអណ្ដូងនោះឡើយ ព្រោះថាអណ្តូងនេះ ជាដង្ហើមដែលផ្តល់ប្រភពទឹកសម្រាប់ប្រើប្រាស់រួមគ្នាតកូនតចៅ។
បើតាមការអះអាងពីស្ត្រីចំណាស់ ឈ្មោះពៅ ញើយ អាយុ៧០ឆាំ្ន រស់នៅជើងភ្នំលក បាននិយាយប្រាប់ឲ្យដឹងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នេះថា អណ្ដូងមាសដុះនៅជើងភ្នំលកនេះ កាលពីដើមគេហៅថាអណ្ដូងជប់ ព្រោះវាមានទឹកចេញខួបប្រាំងវស្សា កាលក្នុងឆ្នាំ១៩៨០អណ្ដូងនៅជើងភ្នំលកនេះ ត្រូវបានដុះមាសហើយអ្នកស្រុកនាំគ្នាសម្រុកចូលទៅជីកមាស ត្រូវបានកងសេនាជនបាញ់ស្លាប់យុវជនម្នាក់ តាំងពីពេលមានស្លាប់មនុស្សរួចមកអណ្ដូងនេះ ត្រូវបានគេដាក់ឈ្មោះថា អណ្ដូងមាសដុះនៅភ្នំលកវិញ។ ស្ត្រីរូបនេះបាននិយាយបន្តថា ស្រាប់តែនៅឆាំ្ន២០២០នេះ ត្រូវបានគេធ្វើសំណងរឹងចូលទៅដីអណ្ដូងមាស។ ស្ត្រីចំណាស់បានសំណូមពរឲ្យអាជ្ញាធរជួយទប់ស្កាត់ឲ្យបាន កុំឲ្យគេហ៊ុមព័ទ្ធយកអណ្ដូងមាសធ្វើជាកម្មសិទ្ធិបានឲ្យសោះ។
ពាក់ព័ន្ធនឹងការសង់សំណង់លើអណ្តូងមាសនេះ លោក ជួន សុភា អភិបាលរងស្រុកកំពង់ត្រាចបានប្រាប់ដឹងនៅថ្ងៃដដែលនេះថា ករណីអ្នកធ្វើសំណង់រឹងនៅលើដីអណ្ដូងមាសដុះនៅជើងភ្នំលកអាជ្ញាធរស្រុកនិងឃុំបានទៅឲ្យម្ចាស់ ដែលជាអ្នកធ្វើសំណង់នោះចុះកិច្ចសន្យារួចហើយមិនឲ្យលើសពី៤០ថ្ងៃ ដោយតម្រូវឲ្យម្ចាស់សំណង់វាយចេញដោយខ្លួនឯង ហើយបើលើសពី៤០ថ្ងៃនេះ គេមិនវាយអាជ្ញាធរនិងចាត់ការទៅតាមផ្លូវច្បាប់។ បន្ទាប់ពីមានការតវ៉ាពីប្រជាពលរដ្ឋ ឈ្មោះ គឹមថើយ អាយុ៦៤ឆ្នាំ ជាអ្នកសាងសង់សំណង់រឹងលើអណ្តូងមាស បានសន្យាថា គាត់នឹងធ្វើការវាយកម្ទេចសំណង់នេះវិញ តាមកិច្ចសន្យារបស់អាជ្ញាធរស្រុកកំពង់ត្រាច៕
អត្ថបទ៖ សេង ណារិទ្ធ
សូមចុចអាន៖ លោកឃឹម ហ្វីណង់បកស្រាយប្រវត្តិបន្ថែមរង្វង់មូលធំបំផុតជាប់កំណត់ត្រានៅស្រុកខ្មែរ