សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីក្នុងតំណែងនោះ បានការអង្គុយលើតំណែងជានាយករដ្ឋមន្ត្រី មិនមែនជារឿងស្រួលទេ គួរជឿលើបារមីខ្លះទៅ ពីព្រោះនៅកម្ពុជាមានមនុស្សអង្គុយលើតំណែងនាយករដ្ឋមន្រ្តីនេះ មិនដល់៥ឆ្នាំទេ។
ការលើកឡើងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងសារពិសេស ដែលបានផ្សាយផ្ទាល់តាមបណ្តាប្រព័ន្ធផ្សព្វផ្សាយនានា នៅព្រឹកថ្ងៃទី១៥ ខែធ្នូនេះ។ សម្តេចលើកឡើងថា “អារឿងចេះដឹងហ្នឹង មិនមែនខ្ញុំចេះដឹងខ្លួនឯងទេ ខ្ញុំរៀនពីក្រសួងសុខាភិបាល ហើយខ្ញុំក៏សិក្សាខ្លួនឯងដែរ ដើម្បីជាធាតុចូលបង្ហាញទៅឲ្យខាងក្រសួងសុខាភិបាលវិញ ពីព្រោះយើងមិនចេះទាំងអស់ទេ។ ផ្នែកខាងក្រោមត្រូវការយោបល់ខាងលើ ផ្នែកខាងលើ ក៏ត្រូវការយោបល់ខាងក្រោម។ នេះជាបទពិសោធន៍នៃការធ្វើនាយករដ្ឋមន្ត្រីប្រមាណ៣៦ឆ្នាំ និងក្នុងមុខតំណែងដទៃទៀតជាង៤០ឆ្នាំ ។ គេចោទថា ខ្ញុំផ្ដាច់ការ តែខ្ញុំគ្រប់គ្រងមកដល់ពេលនេះអត់មានមនុស្សស្លាប់ទេ តែប្រទេសប្រជាធិបតេយ្យខ្លះ មនុស្សស្លាប់គជើង។ ខ្ញុំមិនដៀមដាមឲ្យអ្នកណាទេ ប៉ុន្តែខ្ញុំក៏ត្រូវជំរាបជូនប្រជាជនដែរ អង្គុយដំណែងនាយករដ្ឋមន្ត្រីមិនមែនជារឿងស្រួលទេ”។
បើតាមសម្តេចតេជោ ហ៊ុន សែន មកដល់ពេលនេះ អត់មានអ្នកណាអង្គុយតំណែងនាយករដ្ឋមន្ត្រីបាន៥ឆ្នាំទេ តាំងពីសម័យព្រះករុណា ព្រះបាទសម្ដេចនរោត្តមសីហនុ ក្រោយមកប៉ុលពតធ្វើជានាយករដ្ឋមន្ត្រីបានប្រមាណ៣ឆ្នាំ ហើយប៉ែន សុវណ្ណ ធ្វើជានាយករដ្ឋមន្ត្រីបានជាង៥ ខែប៉ុណ្ណោះ “ដូច្នេះគួរតែជឿជាក់បារមីរបស់មនុស្សខ្លះទៅ ស្រុកខ្មែរស៊ីនាយករដ្ឋមន្ត្រីសម្បើមណាស់ តែការលើកឡើងនេះខ្ញុំមិនចង់ឲ្យគោរពបារមីរបស់ខ្ញុំនោះទេ ប៉ុន្តែប្រសិនបើមានគ្មានលក្ខណៈគ្រប់គ្រាន់ ក៏មិនអាចធ្វើបានយូរបែបនេះដែរ បើបារមីមិនដល់អង្គុយមិនជាប់ទេ”។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អះអាថា ក៏មាននាយករដ្ឋមន្ត្រី facebook នាយករដ្ឋមន្ត្រីឧទាហរណ៍ ប៉ុន្តែសម្តេចបានធ្វើជានាយករដ្ឋមន្ត្រីតាំងពីអត់អីស៊ីម្ល៉េះ តែសម្ដេចមិនចេះរហូតទៅដល់បង្រៀនប្រជាពលរដ្ឋឲ្យដកដង្ហើមវែង ដកដង្ហើមខ្លី ដើម្បីកុំអោយឆ្លងមេរោគកូវីត១៩នោះទេ។ សម្តេចចេះត្រឹមតែប្រាប់ឲ្យប្រជាពលរដ្ឋចិញ្ចឹមត្រី ចិញ្ចឹមកង្កែប ចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាព។ សម្តេចមានលទ្ធភាពចលនាឲ្យប្រជាពលរដ្ឋធ្វើស្រូវ សម្តេចក៏ចេះស្ទូងដកដែរ ប៉ុន្តែមិនឯកទេសទេ តែយ៉ាងណាគេមិនឱ្យនាយករដ្ឋមន្ត្រីទៅស្ទូងដែរ។ សម្តេចមានលទ្ធភាពជំរុញឲ្យប្រជាពលរដ្ឋដាំដើមខ្នុរ តែគ្មានលទ្ធភាពពន្យល់ប្រជាពលរដ្ឋថា ធ្វើយ៉ាងម៉េចបានជាខ្នុរផ្អែមនោះទេ។ សម្តេចមិនដៀមដាមឲ្យអ្នកណាទេ តែពាក្យចាស់លោកថា “អ្នកចេះដប់មិនស្មើអ្នកប្រសប់មួយ ខ្ញុំមិនមែនអ្នកចេះទេ ប៉ុន្តែអាចឋិតនៅក្នុងចំណោមអ្នកប្រសប់”៕
កោះកែវ