Connect with us

ព័ត៌មានជាតិ

ទម្លាយ​រឿងស្រ្តី​ខ្មែរ​ ០១ នាក់ ស្នើសុំ​ជួយ​សង្គ្រោះ​នៅ​ម៉ាឡេស៊ី

បានផុស

នៅ

អគ្គស្នងការ​នគរបាល​ជាតិ បាន​ធ្វើការ​បកស្រាយ​ករណី​ស្រ្តី​ខ្មែរ​ ០១ នាក់​ស្នើ​ការ​ជួយ​សង្គ្រោះ​ដោយ​បាន​ផ្ញើសារ​ប្រអប់សារនៃគេហទំព័រ ” ការពិត GCNP ” ឲ្យ​អាជ្ញាធរកម្ពុជា​ធ្វើ​អន្តរាគមន៍ នាំនាង​ត្រឡប់​មក​ប្រទេស​កម្ពុជាវិញ។

ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាននេះ ការិយាល័យជំនាញនៃនាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ធ្វើការស្រាវជ្រាវស្វែងរកឃើញសាច់ញាតិឈ្មោះ អេល រ៉ម៉ះ ភេទស្រី អាយុ៣០ ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះខាងលើ រស់នៅភូមិសេះ ឃុំគរ ស្រុកត្បូងឃ្មុំ និងបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា បងស្រីរបស់គាត់ឈ្មោះ អេល សាំរ៉ី ភេទស្រី អាយុ៣១ ឆ្នាំ បានទៅធ្វើការនៅប្រទេសម៉ាឡេស៊ី រយៈពេល០២ឆ្នាំកន្លងមកហើយ គាត់ទៅធ្វើការងារនៅទីនោះ សុខសប្បាយជាទេ ពុំមានការជួញដូរ ឬកេងប្រវ័ញ្ចពលកម្មអ្វីឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីជំនាញនៃនាយកដ្ឋានបានធ្វើការទំនាក់ទំនងដោយផ្ទាល់តាមលេខទូរសព្ទដែលសាច់ញាតិបានផ្ដល់ឱ្យជាមួយឈ្មោះ អេល សាំរ៉ី ដោយនាងបានបញ្ជាក់ថា នាងកំពុងរស់នៅឯប្រទេសម៉ាឡេស៊ី និងធ្វើការជាអ្នកបម្រើការងារតាមភោជនីយដ្ឋាន នៅទីក្រុងកូឡាឡាំពួរ រយៈពេល០២ឆ្នាំកន្លងមកហើយ។ អំឡុងឆ្នាំ ២០១៧ នាងធ្លាប់បានមកលេងស្រុកកំណើតនៅប្រទេសកម្ពុជាមួយលើក រយៈពេល០២ខែ ។

ស្រ្តី​រូប​នេះ​បន្ត​ថា នាងបានស្គាល់បុរសម្នាក់ដែលទំនាក់ទំនងតាមបណ្ដាញសង្គមហ្វេសប៊ុក មានគណនីឈ្មោះ ព្រៃតាម៉ុក ពៅ បានទាក់ទងមកគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ VaDa KaKa No Hunii ដែលបានអះអាងថា រូបគេជាអ្នកធ្វើការងារនៅស្ថានទូតខ្មែរប្រចាំប្រទេសកាណាដា។ បុរសរូបនេះបានសន្យាថា នឹងជួយសម្របសម្រួលឱ្យខ្លួនទៅបម្រើការងារនៅប្រទេសកាណាដា ដោយទទួលបានប្រាក់ឈ្នួល 2000ដុល្លារក្នុងមួយខែ។

ឈ្មោះ អេល សាំរ៉ី បានបញ្ជាក់បន្ថែមថា គណនីហ្វេសប៊ុកឈ្មោះ ព្រះឈ្នោះ មារ ត្រូវបានបង្កើត និងគ្រប់គ្រងដោយបុរសខាងលើនោះ និងបានយករូបថតរបស់ខ្លួន រួមទាំងអត្តសញ្ញាណបណ្ណទៅប្រើប្រាស់ដោយពុំមានការអនុញ្ញាត មានចេតនាទុច្ចរិត និងបានផ្ញើសារចូលក្នុងគេហទំព័រ “ការពិត GCNP ” មានបំណងរំខានដល់ជីវភាពរស់នៅ និងអាជីពការងារនៅប្រទេសម៉ាឡេស៊ី។ ឈ្មោះ អេល សាំរ៉ី បញ្ជាក់ថា គណនីហ្វេសប៊ុករបស់នាងមានតែមួយគត់ គឺឈ្មោះ VaDa KaKa No Hunii ។

ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់បន្ថែមថា ជាទិសដៅ នាយកដ្ឋានជំនាញ នឹងសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីកំណត់អត្តសញ្ញាណម្ចាស់ហ្វេសប៊ុកឈ្មោះ ព្រៃតាម៉ុក ពៅ នឹងឈ្មោះ ព្រះឈ្នោះ មារ ឱ្យចូលខ្លួនមកបំភ្លឺ ដើម្បីមានមូលដ្ឋានក្នុងការអនុវត្តជំនាញ ផ្អែកតាមនីតិវិធីច្បាប់។

គួរ​បញ្ជាក់​ថា កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២០ ក្រុមការងារប្រតិកម្មរហ័សអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលសំណូមពរពីគណនីហ្វេសប៊ុកឈ្មោះ ព្រះឈ្នោះ មារ បានផ្ញើទាំងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានឈ្មោះ អេល សាំរ៉ី ភេទស្រី ឆ្នាំកំណើត ១៩៨៩ មានទីលំនៅ ភូមិសេះ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងផ្ញើសារចូលក្នុងប្រអប់សារនៃគេហទំព័រ ” ការពិត GCNP ” និងបានស្នើសុំឲ្យអាជ្ញាធរកម្ពុជាជួយធ្វើអន្តរាគមន៍សង្គ្រោះ និងនាំនាងត្រឡាប់ប្រទេសកម្ពុជាវិញ។

ដោយទទួលបានការឯកភាពពីឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការនគរបាលជាតិស្តីពី ករណីនេះត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីអនុវត្តជំនាញអន្តរាគមន៍ជួយសង្គ្រោះ។

ក្រុមការងារប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលជាតិ សូមអំពាវនាវដល់សាធារណជន និងបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាគិតពិចារណាឱ្យបានច្បាស់លាស់ មុនធ្វើការចែករំលែកព័ត៌មានលើបណ្ដាញសង្គម ឬផ្ញើសារសុំអន្តរាគមន៍ចូលក្នុងគេហទំព័រ ដើម្បីចៀសវាងការរំខានដល់ក្រុមការងារ ក៏ដូចជាអាចប្រឈមចំពោះមុខច្បាប់ជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម