តូបលក់របស់អាជីករលក់ដូរក្នុងផ្សាណាត់ ឬផ្សារធំថ្មី ក្នុងក្រុងបាត់ដំបង ដែលត្រូវបានអគ្គីភ័យឆាបឆេះអស់សរ៉ុបចំនួន៤០តូប ពេលនេះរដ្ឋបាលខេត្តបានប្រគល់ជូនដល់ក្រុមអាជីវករដើម្បីដំណើរការលក់ដូរឡើងវិញហើយក្រោយពីអាជ្ញាធរពន្លឿនការជួសជុលបានរួចរាល់។
ក្នុងឱកាសប្រគល់តូបជូនអាជីវករ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ លោកសឿម ប៊ុនរឹទ្ធអភិបាលរងខេត្តបាត់ដំបងបានលើកឡើងថា ការប្រគល់សោនិងតូបផ្សារជូនដល់បងប្អូនអាជីករនេះគឺជាការយកចិត្តទុកដាក់របស់លោក ងួន រតន: អភិបាលខេត្តក្នុងការពន្លឿនការជួសជុលសំដៅទៅលើផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារប្រចាំថ្ងៃរបស់បងប្អូនជាអាជីវករដើម្បីប្រគល់ជូនឲ្យដំណើរការលក់ឲ្យបានឆាប់ឡើងវិញ ក្រោយជួបនូវឧបទ្ទវហេតុភ្លើងឆេះដែលបានបំផ្លាញទំនិញនិងតូបលក់ដូរជាច្រើនខូចខាតសរុបជាង៨០ម៉ឺនដុល្លាអាមេរិកកន្លងមក។
ដើម្បីបង្កលក្ខណះឡើងវិញឲ្យបានឆាប់ក្នុងការរកចំណូលរបស់អាជីវករ រដ្ឋបាលខេត្តបានសម្រេចបញ្ចេញកញ្ចប់ថវិការបស់រដ្ឋបាលខេត្តផ្ទាល់ ដើម្បីឧបត្ថម្ភក្នុងការជួសជុលនេះ។ ក្នុងនោះក៏នៅមានផ្នែកផ្សេងៗជាច្រើនទៀតរដ្ឋបាលខេត្តកំពុងពន្លឿនក្រុមការងារជំនាញចុះរៀបចំជួសជុលជាបណ្តើរៗថែមទៀត ធ្វើយ៉ាងណាឲ្យផ្សារណាត់បាត់ដំបងនេះ មានរបៀបរៀបរយមានផាសុខភាពផ្លូវដើរធំទូលាយជាងមុន នឹងបានរៀបចំឡើងនូវប្រព័ន្ធចរន្តទឹកសម្រាប់បង្ការពន្លត់អគ្គិភ័យផ្សេងៗ រួមទាំងបំពាក់នូវប្រព័ន្ធអគ្គីសនីមានលក្ខណៈស្តង់ដា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិចេញចូលឲ្យបានប្រសើជាងមុនផងដែរ។
ទន្ទឹមនឹងនេះដែរ លោក សឿម ប៊ុនរឹទ្ធ ក៏បានផ្តាំផ្ញើដល់បងប្អូនអាជីវករទាំងអស់ចាប់ពីពេលនេះតទៅត្រូវរួមគ្នាបង្កើនការប្រុងប្រយ័ត្នខ្ពស់ឲ្យបានគ្រប់ៗគ្នា ក្នុងការធានាបាននូវសុខសុវត្ថិភាពជៀសផុតពីហានីភ័យនានាដែលកើតឡើងជាយថាហេតុម្តងទៀត។
គួបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០កន្លងទៅ ក្នុងផ្សារមួយនេះបានឆ្លងចរន្តអគ្គិសនីឆាបឆេះរងការប៉ះពាល់សំណង់ល្វែងខាងលិច ខូចខាតយ៉ាងដំណំ ក្នុងនោះក៏បានប៉ះពាល់តូបចំនួន៤០ សម្ភារ:និងទំនិញជាច្រើនខូចខាតសរុបថវិកាចំនួនជាង៨០ម៉ឺនដុល្លាផងដែរ។
ផ្សារណាត់បាត់ដំបងហៅផ្សារធំថ្មីនេះ បានកសាងឡើងតាំងពីឆ្នាំ១៩២១ជាសំណង់បេតិកភណ្ឌ័ប្រវត្តិសាស្ត្រមួយ ឋិតនៅកណ្តាលក្រុងបាត់ដំបង ត្រូវបានអភិរក្សបន្តជំនាន់លក់ដូររហូតដល់បច្ចុប្បន្ននេះ៕
អត្ថបទ ៖ សៅ សារិទ្ធ