Connect with us

ព័ត៌មានជាតិ

ថវិកា​ប្រមាណ​ជាង ១៤០​លាន​ដុល្លារ ត្រូវបានកែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ទីក្រុង​សៀមរាប ៣៨ ខ្សែ

បានផុស

នៅ

*ថវិកា​ប្រមាណ​ជាង ៩​លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​រៀបចំ​ស្ថាបនា ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​

សៀមរាប ៖ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ គណៈប្រតិភូ​ក្រសួង និង​ក្រុមការងារ​បច្ចេកទេស​អន្តរក្រសួង ចុះ​ពិនិត្យ​វឌ្ឍនភាព​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន ៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ មន្ត្រី​បច្ចេកទេស ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផងដែរ កាលពី​ថ្ងៃ​ចន្ទ ១៤​រោច ខែ​មិគសិរ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​វឌ្ឍនភាព​ការសាងសង់ ការ​ឈូស​ឆាយ​ផ្លូវ គ្រឿងចក្រ និង​សម្ភារ​បរិក្ខារ​បច្ចេកទេស​សម្រាប់​ស្ថាបនា​ផ្លូវ ដែល​អនុវត្ត​ដោយ​អង្គភាព​សាងសង់​ទាំង ០៨ រួមមាន​៖ ១) កងវិស្វកម្ម​លេខ​១៧៨​ស្ពាន​-​ថ្នល់​នៃ​នាយកដ្ឋាន​វិស្វកម្ម ២) កងវិស្វកម្ម​សម្តេច​តេ​ជោ ខេត្តសៀមរាប ៣) កងវិស្វកម្ម​តេ​ជោ ហ៊ុន សែន សៀមរាប ៤) អគ្គនាយកដ្ឋាន​សាធារណការ ៥) អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ៦) នាយកដ្ឋាន​គ្រឿងចក្រ​និង​ស្ថាបនា​ផ្លូវ ៧) នាយកដ្ឋាន​ជួសជុល និង​ថែទាំ​ផ្លូវថ្នល់ និង ៨) មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តសៀមរាប ដើម្បី​ពិនិត្យ​លើ​លក្ខណៈ​បច្ចេកទេស​សាងសង់ និង​ការ​អនុវត្តតាម​លក្ខខណ្ឌ​តម្រូវ​នៃ​ស្តង់ដារ​បច្ចេកទេស ធានា​បាន​នូវ​គុណភាព​ជាប់​រឹងមាំ ប្រើប្រាស់​បាន​យូរ​អង្វែង​តាម​អាយុកាល មាន​ប្រសិទ្ធភាព​ខ្ពស់ និង​សម្រេច​ការងារ​ឱ្យបាន​ទាន់ពេលវេលា​។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​អន្តរក្រសួង បាន​បង្កើត​ក្រុមការងារ​បច្ចេកទេស​ចម្រុះ ដើម្បី​ចុះ​ត្រួតពិនិត្យ តាមដាន​លើ​លក្ខណៈ​បច្ចេកទេស​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទាំង ៣៨​ខ្សែ​នេះ និង​វាយតម្លៃ​ការងារ​របស់​អ្នកអនុវត្ត​ការសាងសង់ ដោយ​ចុះ​ពិនិត្យ​ផ្ទាល់​ជាប្រចាំ​នៅ​តាម​អង្គភាព​អនុវត្ត​ការសាងសង់​នីមួយៗ ដើម្បី​ឲ្យ​អង្គភាព​សាងសង់​អនុវត្តតាម​លក្ខខណ្ឌ​តម្រូវ តាម​គោលការណ៍ និង​ស្តង់ដារ​លក្ខណៈ​បច្ចេកទេស ដែល​បាន​កំណត់ ដោយ​ត្រូវធ្វើ​ការ​រាយការណ៍​ជាប្រចាំ​រៀងរាល់ ២​សប្តាហ៍​ម្តង ជូន​ក្រុមការងារ​ត្រួតពិនិត្យ​និង​វាយតម្លៃ និង​គណៈកម្មការ​អន្តរក្រសួង​ផងដែរ​។

លោក​ទេសរដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​ក្រុមការងារ​បច្ចេកទេស​ច​ម្រុះ​ទទួល​បន្ទុក​ការត្រួតពិនិត្យ ទាំងអស់​មាន​ចំនួន ៩​ក្រុម​ផង​ដែរ រួមមាន ១) ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន ១៣​ខ្សែ​អនុវត្ត​ដោយ​កងវិស្វកម្ម​លេខ​១៧៨​ស្ពាន​-​ថ្នល់ ២)​ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៨​ខ្សែ អនុវត្ត​ដោយ​កងវិស្វកម្ម​តេ​ជោ​ហ៊ុន សែន ខេត្តសៀមរាប ៣) ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៦​ខ្សែ អនុវត្ត​ដោយ​កង​វិស្វកម្ម​សម្ដេច​តេ​ជោ ខេត្តសៀមរាប ៤) ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន​៥​ខ្សែ អនុវត្ត​ដោយ​នាយកដ្ឋាន​ជួសជុល​និង​ថែទាំ​ផ្លូវថ្នល់ ៥) ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន គម្រោង​សាងសង់​ផ្លូវ​ចំនួន​៥​ខ្សែ អនុវត្ត​ដោយ​នាយកដ្ឋាន​គ្រឿងចក្រ និង​ស្ថាបនា​ផ្លូវ ៦)​ក្រុមការងារ​ត្រួតពិនិត្យ តាមដាន​គម្រោង​សាងសង់​ផ្លូវ​ចំនួន​២​ខ្សែ អនុវត្ត​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ៧) ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​ស្ថាបនា​បណ្ដាញ​លូទឹក​ភ្លៀង និង​លូទឹកកខ្វក់​មិន​ស្ថិតនៅក្រោម​ខ្សែ​ផ្លូវ​ទាំង​៣៨​ខ្សែ អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ៨)​ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​គម្រោង​ស្ថាបនា​បំពាក់​សម្ភារ​កាមេរ៉ា​សុវត្ថិភាព អំពូល​ភ្លើង​បំភ្លឺ​ផ្លូវ បរិក្ខារ​ភ្លើង​សញ្ញា​ចរាចរណ៍ និង​ការដាំ​ដើមឈើ អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​សាធារណការ និង​៩)​ក្រុមការងារ​សិក្សា​នគរូបនីយកម្ម​ផ្លូវ គូរ​ប្លង់ ស្ថាបត្យកម្ម​ផ្លូវ លម្ហ​សាធារណៈ និង​រចនា​កម្មវត្ថុ​ស្ថាបត្យកម្ម​នានា​ដែល​ទាក់ទង​នឹង​គម្រោង​។

នា​ឱកាស​នោះ​ផង​ដែរ លោក ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ក៏បាន​ណែនាំ​ឲ្យ​ក្រុមការងារ​ស្ថាបនា សាងសង់​ផ្លូវ​ត្រូវ​ដាក់​ប៉ាណូ​បញ្ជាក់​ពី​ម្ចាស់​គម្រោង និង​អ្នក​សាងសង់​តាម​ស្តង់ដារ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ​បានដឹង និង​ត្រូវ​រក្សា​សណ្តាប់ធ្នាប់​ឱ្យមាន​របៀបរៀបរយ បញ្ចៀស​និង​សម្រួល​ចរាចរណ៍​កុំឱ្យ​មានការ​កកស្ទះ ពាក់​ឯកសណ្ឋាន​ឱ្យបាន​សមរម្យ និង​ប្រើប្រាស់​សម្ភារ​បច្ចេកទេស​សុវត្ថិភាព​ឱ្យបាន​ខ្ជាប់ខ្ជួន​ក្នុងពេល​សាងសង់​។

សូម​ជម្រាប​ជូន​ថា គម្រោង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្នុង​ទីក្រុង​សៀមរាប ខេត្តសៀមរាប ចំនួន ៣៨ ខ្សែ​នេះ មាន​ប្រវែង​សរុប ១០៨,៧៤ គីឡូម៉ែត្រ គ្រោង​ប្រើប្រាស់​ថវិកាជាតិ​សរុប​ប្រមាណ​ជាង ១៤០​លាន​ដុល្លារ អាមេរិក និង​ថវិកា​ប្រមាណ​ជាង ៩​លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​ចាំបាច់​ក្នុង​ការ​រៀបចំ​ស្ថាបនា ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កខ្វក់​ដែល​នៅ​ក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ​ទាំង​៣៨​នេះ ដោយ​ប្រើប្រាស់​រយៈ ពេល​សាងសង់​ចំនួន ១៣​ខែ គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២១ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​។

រចនាសម្ព័ន្ធ​ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ ត្រូវបាន​បែងចែក​ជា​បួន ប្រភេទ​រួមមាន​៖ ប្រភេទ​ទី​១ ជា​ផ្លូវ​ស្ថិតក្នុង តំបន់​ភ្ញៀវទេសចរ​ធ្វើដំណើរ​ច្រើន និង​មាន​កម្រាល​ផ្លូវ​ល្អ ត្រូវ​ជួសជុល​ដោយ​អ៊ុត​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់​៥​សង់ទីម៉ែត្រ​ឡើងវិញ ប្រភេទ​ទី​២ ជា​ផ្លូវ​ស្ថិត​ក្នុង​តំបន់​ភ្ញៀវ​ទេសចរ​ធ្វើដំណើរ​ច្រើន និង​មាន​កម្រាល​ផ្លូវ​មិនល្អ ត្រូវ​សាងសង់​ថ្មី ដោយ​ចាក់​ក្រាល​បេតុង​សរសៃដែក​កម្រាស់​២០​សង់ទីម៉ែត្រ រួច​ក្រាល​បេតុង​កៅស៊ូ AC កម្រាស់​៧​សង់ទីម៉ែត្រ​ពីលើ ប្រភេទ​ទី​៣ ជា​ផ្លូវ​មិន​ស្ថិតនៅ​តំបន់​មាន​ភ្ញៀវទេសចរ ធ្វើដំណើរ​ច្រើន នឹងត្រូវ​សាងសង់​ថ្មី ដោយ​ចាក់​ក្រាល​បេតុង​សរសៃដែក​កម្រាស់​២០​សង់ទីម៉ែត្រ ប្រភេទ​ទី​៤ ជា​ផ្លូវ​វាង​ក្រុង ដោយ​កំណាត់​ផ្លូវ​ដែលមាន​តួ​ផ្លូវ​នៅ​ល្អ នឹងត្រូវ​ជួសជុល​អ៊ុត​ក្រាល​បេតុង​កៅស៊ូ AC ឡើងវិញ ចំណែក​កំណាត់​ផ្លូវ​ដែល​មាន​តួ​ផ្លូវ​មិនល្អ នឹងត្រូវ​សាងសង់​ថ្មី ដោយ​ចាក់​ក្រាល​បេតុង​សរសៃដែក កម្រាស់​២៥​សង់ទីម៉ែត្រ៕
ដោយ ៖ រ៉ា​វុ​ទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១០ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១២ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១២ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម