Connect with us

ព័ត៌មានជាតិ

លោក រ៉ុង ឈុន ត្រូវ​មានទោស​តាំងពី​ចូលរួម​ប្រជុំ គាំទ្រ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ នៅ​ទីក្រុង​ឡុង​ប៊ី​ច​មកម្ល៉េះ

បានផុស

នៅ

នេះ​ជា​ការ​បញ្ជាក់​របស់លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បន្ទាប់ពី​មានការ​ស្នើ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ក្រោម​ហេតុផល​ផ្សេងៗ ហើយ​បើតាម​លោក សុខ ឥសាន ករណី​លោក រ៉ុង ឈុន​ជា​រឿង​ផ្លូវច្បាប់ ដូច្នេះ​ទោះបី​មាន​អំពាវនាវ​យ៉ាងម៉េច ក៏​មិនអាច​រួច​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្មីៗ​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​លោកស្រី អ៊ុក ឆា​យ៉ា​វី បានធ្វើ​សេចក្តី​ថ្លែងការណ៍​មួយ​ទាមទារ​ឲ្យ​ដោះលែង​លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដោយ​លើកឡើង​ពី​ការរីក​រាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​បាន​អះអាង​ថា ក្រោយពី​មានការ​រីក​ដាល​នៃ​ជំងឺ​នេះ ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ ហើយ​រដ្ឋាភិបាល​មិនទាន់បាន​ចាត់វិធានការ​ឲ្យ​បាន​សមស្រប​ទៅតាម​ក្រសួង​សុខាភិបាល​នោះទេ ។ ចំណែក​លោក រ៉ុង ឈុន កំពុង​ជាប់ឃុំ​ជាមួយ​អ្នក​ផ្សេងទៀត នៅក្នុង​បន្ទប់​ដែល​ចង្អៀត​ណែន ដូច្នេះ​ត្រូវ​ដោះលែង​លោក រ៉ុង ឈុន និង​អ្នក​ផ្សេងទៀត ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​នេះ​នៅក្នុង​ពន្ធនាគារ​។​


​ទាក់ទង​ការលើកឡើង​នេះ លោក សុខ ឥសាន បាន​បញ្ជាក់ថា ករណី​លោក រ៉ុង ឈុន ជា​រឿង​ផ្លូវច្បាប់ ទោះបី​អំពាវនាវ​ឲ្យ​រួចខ្លួន​យ៉ាងណា ក៏​ជាការ​សម្រេច​របស់​តុលាការ​ដែរ​។ លោក​ថា លោក រ៉ុង ឈុន អត់​មានទោស​នៅ​មិន​សុខ​ទេ លុះត្រាតែ​មានទោស​ទើប​ស្ងប់ចិត្ត ហើយ​បើទោះបី​អះអាងថា ជា​បញ្ញា​វ័​ន្ត​ក៏ដោយ បើ​ប្រព្រឹត្ត​ល្មើសច្បាប់​ហើយ ជាប់គុក​ដូច​ប្រជាជន​សាមញ្ញ​ដែរ មិនមាន​អ្វី​ប្លែក​ទេ។ ពីព្រោះ​រដ្ឋធម្មនុញ្ញ​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់​។

លោក សុខ ឥសាន អះអាងថា “​បើ​និយាយ​ពី រ៉ុង ឈុន ដែល​គាំទ្រ និង​មាន​សកម្មភាព​បម្រើ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ គឺ​ត្រូវ​មានទោស​តាំងពី​ចូលរួម​ប្រជុំ​ជាមួយ​ក្រុម​ឧទ្ទាម​នៅ​ឡុង​ប៊ី​ច សហរដ្ឋអាមេរិក​ម្ល៉េះ​។ មាន​អ្នកខ្លះ គេ​ខិតខំ​និយាយថា ជា​រឿង​នយោបាយ តែ​ការនិយាយ​នោះ គឺជា​រឿង​អ្នកឯង តែ​តុលាការ​មាន​មូលដ្ឋាន​ច្បាប់ ដើម្បី​ចោទប្រកាន់ ដោយសារ​អ្នកឯង​ធ្វើ​សកម្មភាព​ន​យ​បាយ​បម្រើ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​”​។

សូម​បញ្ជាក់​ថា លោក រ៉ុង ឈុន ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន នៅ​យប់​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​បទល្មើស​ជាក់ស្តែង​ដោយ​ញុះញង់ ឲ្យ​មាន​ភាពវឹកវរ​ដល់​ស​ន្តិ​សុខ​សង្គម​លើ​បញ្ហា​ព្រំដែន​កម្ពុជា​។ មុនពេល​មានការ​ឃាត់ខ្លួន​នេះ លោក រ៉ុង ឈុន បាន​ចុះទៅ​កាន់​ព្រំដែន​កម្ពុជា​-​វៀតណាម ខេត្ត​ត្បូងឃ្មុំ ហើយ​បានចេញ​សេចក្តីថ្លែងការណ៍ ញុះញង់​ថា ការបោះបង្គោល​ព្រំដែន​ថ្មី​រវាង​កម្ពុជា​-​វៀតណាម​បាន​ចូលមក​ដី​កម្ពុជា​ក្រោម​ប្រហែល​៥០០​ម៉ែត្រ​។

នៅ​រសៀល​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២០ លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចោទប្រកាន់​លោក រ៉ុង ឈុន ពីបទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ភ្លាមៗ​បន្ទាប់ពី​មានការ​ចោទប្រកាន់​នេះ គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា បានប្រកាស​ទាត់ចោល នូវ​សេចក្តីថ្លែងការណ៍​របស់​លោក រ៉ុង ឈុន ដោយ​ចាត់ទុកថា ជាការ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បំផ្លើស និង​បាន​ចាត់ទុកថា​ការផ្សាយ​របស់លោក រ៉ុង ឈុន មាន​ចេតនា​ទុច្ចរិត ក្នុង​គោលបំណង​បំភាន់​សាធារណៈ​មតិ​ជាតិ និង​អន្តរជាតិ ដោយ​ធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​មកលើ​ការងារ​ព្រំដែន​របស់​រាជរដ្ឋាភិបាល៕
ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម