Connect with us

ព័ត៌មានជាតិ

ចិន ផ្ដល់​ថ្នាំ​ការពារ​ជំងឺ​ឆ្លង​អុត​ក្តាម​គោ/ក្របី ចំនួន ២ សែន​(Doses)ដល់​កម្ពុជា

បានផុស

នៅ

ក្រសួងកសិកម្ម និងកិច្ចការជនបទចិន ​បាន​ផ្ដល់​ថ្នាំការពារជំងឺឆ្លងអុតក្តាម​គោ/​ក្របី ចំនួន ២០០,០០០ កម្រិត (Doses)​ដើម្បី​ផ្ដល់​ជូនភាគី​កម្ពុជា ផ្នែក​បច្ចេកទេស និង​បង្កើន​សមត្ថភាព​ក្នុង​ការ​ឃ្លាំមើល​ការ​បង្ការ​និងការគ្រប់គ្រងការរាលដាលជំងឺ​ឆ្លងសត្វ។ នេះបើយោងតាម លោក វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹង​នៅ​ល្ងាច​ថ្ងៃទី ១៦ ខែ ធ្នូ ២០២០តាមរយៈបណ្តាញសង្គម ។

លោក​ វ៉េង សាខុន បានឲ្យដឹងថា​ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ លោកបានធ្វើ​សំណើ​ស្នើ​សុំ​លោក​​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធាររណរដ្ឋ ប្រជាមានិតចិន ឲ្យជួយផ្តល់ថ្នាំ​ការពារ​ជំងឺ​ឆ្លង​អុតក្តាម​សត្វគោ/ក្របី ដែលប្រទេសកម្ពុជា កំពុងប្រឈម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តបតាមសំណើការចាំបាច់ និងបន្ទាន់ របស់កម្ពុជា ក្រសួងកសិកម្ម និងកិច្ចការជនបទចិន នាថ្ងៃទី១៣ ខែធ្នូ​បានឯកភាពផ្តល់ថ្នាំការពារជំងឺឆ្លងអុតក្តាម គោ/ក្របី ចំនួន ២០០,០០០ កម្រិត(Doses)ហើយបាន​សម្រប​សម្រួល​ជាមួយវិទ្យាស្ថានស្រាវជ្រាវបសុពេទ្យឡានចូវ(Lanzhou Veterinary Research Institute) សមាគមថ្នាំពេទ្យនិងបសុពេទ្យចិន (China Veterinary Drug Association)និង ក្រុម​ការងារ នៃសាកលវិទ្យាល័យកសិកម្មចិន សម្រាប់​សម្ពន្ធភាព​ឧស្សាហកម្ម​ឡានឆាង-មេគង្គបសុពេទ្យ និង​ថ្នាំការពារជំងឺ (China Agriculture University for Lancang-Mekong Veterinary Drug and Vaccine Industry Alliance) ដើម្បី​ផ្ដល់​ជូន​ភាគី​កម្ពុជា ផ្នែក​បច្ចេកទេស និង​បង្កើន​សមត្ថភាព​ក្នុងការ​ឃ្លាំមើល ការ​បង្ការ​ និង​ការ​គ្រប់គ្រង​ការរាលដាលជំងឺឆ្លងសត្វ។

លោក​រដ្ឋមន្ត្រី​កសិកម្ម បានឲ្យដឹងទៀតថា​ ចំពោះការផលិតថ្នាំការពារជំងឺឆ្លងសត្វ នាយកដ្ឋាន​សហប្រតិ​បត្តិ​ការអន្តរជាតិ ​នៃក្រសួងទាំងពីរ ​កំពុងធ្វើការសម្របសម្រួលផ្នែកលិខិត​បទដ្ឋាន​គតិយុត្តិ​នានា ធ្វើ​យ៉ាង​ណា​បង្កើតភាពងាយស្រួលជូនដល់ក្រុមហ៊ុនវិនិយោគិនចិន ដែលមានបំណងធ្វើការ​វិនិយោគ ដើម្បី​សិក្សា​ស្រាវជ្រាវ និងផលិតនៅកម្ពុជា នាពេលខាងមុខ។

លោក​រដ្ឋមន្ត្រី លើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ចំពោះប្រ​ជាជន​ និងរដ្ឋាភិបាលចិន ដែល​ផ្តល់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយរដ្ឋាភិបាលកម្ពុជា។

លទ្ធផល នៃកិច្ចសហប្រតិបត្តិការនេះ បានចូលរួមជាចំណែកយ៉ាងមាន​ប្រសិទ្ធិភាព​ក្នុង​ការជួយ​រុញ​កំណើន​សេដ្ឋកិច្ច​តាម​រយៈការអភិវឌ្ឍលើគ្រប់វិស័យរួមទាំងវិស័យកសិកម្មផងដែរ ៕

អត្ថបទ ​៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម