Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ បាន​ចែក​ម៉ាស​ជូនពលរដ្ឋ និង​កងកម្លាំង​ប្រមាណ​២​លាន​ម៉ាស

បានផុស

នៅ

ភ្នំពេញ​ ៖ ម៉ាស​ដែល​រាជរដ្ឋាភិបាល​ផ្ដល់​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ចំនួន​៣​លាន​ម៉ាស គិត​មកដល់ពេលនេះ អាជ្ញាធរ​បាន​ចាត់ចែង ជូន​ទៅ​ថ្នាក់​មូលដ្ឋាន ចែក​ជូន​ប្រជាពលរដ្ឋ​ទូទៅ កងកម្លាំងប្រដាប់អាវុធ និង​ប្រជា​សហគមន៍​អស់​ប្រមាណ​២​លាន​ម៉ាស​ហើយ។ ចំនួន​ដែល​នៅ​សេសសល់​អាជ្ញាធរ​នឹង​បន្តសកម្មភាព​ចែក​បន្ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​លោក ម៉េ​ត មាស​ភក្ដី បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​នឹង​កំពុង​ចាត់ចែង​ផ្ដល់​ម៉ាស​ជូន​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ បើ​គិត​មកដល់ពេលនេះ ម៉ាស​ប្រមាណ​២​លាន​ម៉ាស​ហើយ ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ផ្ដល់​ឲ្យទៅ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ សង្កាត់​ទាំង​១០៥ កងកម្លាំងប្រដាប់អាវុធ ផ្សារ​រដ្ឋ​ចំនួន​២៥​ផ្សារ ប្រជា​សហគម និង​ប្រជាពលរដ្ឋ​ទូទៅ រួមទាំង​អ្នកដំណើរ​ផងដែរ​។

អ្នកនាំពាក្យ​ដដែល​បាន​បន្ថែម​ថា សម្រាប់​ម៉ាស​ដែល​នៅសល់​ប្រមាណ​១​លាន​ម៉ាស​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បន្ត​ផ្ដល់​ទៅ​ខណ្ឌ​ទាំង​១៤ និង​កងកម្លាំង​បន្ថែម​ទៀត ដើម្បី​យកទៅ​ចែក​ជូន​ដល់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ក៏ដូចជា​តាម​សហគម និង​អ្នកដំណើរ​បន្តទៀត ដូចដែល​បាន​ធ្វើ​សកម្មភាព​ចែក​កន្លងមក​នោះ​។

ខណៈ​ដែល​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា​នៅ​មិនទាន់​បិទ​បញ្ចប់​នេះ​ដែរ អ្វី​ដែល​អាជ្ញាធរ​ត្រូវ​បន្ត និង​បន្ថែម​កិច្ចការ​លើ​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​នេះ បើ​តាម លោក ម៉េ​ត មាស​ភក្ដី បាន​គូសបញ្ជាក់​ថា អាជ្ញាធរ និង​ខាង​សុខាភិបាល​នៅតែ​ធ្វើការ​រួមគ្នា​បន្ត​ស្រាវជ្រាវ​រក​អ្នក​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​បន្ថែមទៀត ដើម្បី​ឲ្យ​ប្រាកដ​ថា ព្រឹត្តិការណ៍​នេះ​អស់អ្នក​ពាក់ព័ន្ធ​ហើយ​។ មួយទៀត​អាជ្ញាធរ​បាន​បន្ត​កិច្ចការ​លើ​ការ​ហ៊ុមព័ន្ធ​ទីតាំង​ដែល​ផ្ទុះ​ជំងឺ​នេះ និង​ការពារ​បរិវេណ​ទាំងនោះ ហើយ​ការងារ​មួយទៀត គឺ​អាជ្ញាធរ​បន្ត​ចុះ​តាមដាន​ស្រាវជ្រាវ និង​អប់រំ​ផ្សព្វផ្សាយ​តាម​ហាង អាហារដ្ឋាន​នានា និង​ទីតាំង​អាជីវកម្ម​ជាដើម ឱ្យ​បន្ត​អនុវត្ត​តាម​វិធាន​សុខាភិបាល និង​ការ​ជូនដំណឹង​នានា​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រសិន​មិន​អនុវត្តតាម​ទេ អាជ្ញាធរ​នឹង​ផ្អាក​អាជីវកម្ម​ទាំងនោះ​។

អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​បន្ថែម​ថា ឥឡូវនេះ​អាជ្ញាធរ និង​ក្រសួងសុខាភិបាល​ក៏​កំពុង​បន្ត​រួមគ្នា​ទៀត លើ​កិច្ច​ការ​កសាង​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ អគារ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ទីតាំង​យក​សំណាក​ជាដើម ដើម្បី​ឆ្លើយតប​គ្រប់​សភាពការណ៍​ចាំបាច់​ណាមួយ ប៉ុន្តែ​កិច្ច​ការ​បន្ត​ទប់ស្កាត់​មិន​ឲ្យ​រីក​រាលដាល​ជា​មុខព្រួញ​ចម្បង​ដដែល​។

សូម​បញ្ជាក់​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​កន្លង​មក​នេះ បាន​ទទួល​ម៉ាស​ចំនួន​៣​លាន​ម៉ាស​ពី​រាជរដ្ឋាភិបាល ដើម្បី​យក​មក​ចែក​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​មាន​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ តាម​សហគមន៍ ដែល​ម៉ា​សទាំង​៣​លាន​ម៉ាស​នោះ មាន​ម៉ាស​ក្រណាត់​ចំនួន​២​លាន​ម៉ាស ជា​ម៉ាស​ដែល​អាច​បោកគក់​បាន ហើយ​អាច​ប្រើ​បាន​រយៈពេល​ពី​២​ទៅ​៣​ខែ ប្រសិន​អ្នកប្រើប្រាស់​ចេះ​ថែទាំ និង​ម៉ាស​១​លាន​ម៉ាស​ទៀត ជា​ប្រភេទ​ម៉ាស​ពេទ្យ​៕
ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម