ក្រសួងបរិស្ថានសូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលស្រុកបន្ទាយស្រី រួមទាំងប្រជាពលរដ្ឋ នៃស្រុកបន្ទាយស្រីទាំងអស់ ដែលបានគិតគូរ និងចូលរួមអនុវត្តអនាម័យបរិស្ថានបានយ៉ាងល្អប្រសើរ ធ្វើឱ្យភូមិដ្ឋាន និងសហគមន៍ មានសោភ័ណភាពស្អាត មានផាសុកភាពសម្រាប់ការរស់នៅ និងជាទីទាក់ទាញភ្ញៀវទេសចរណ៏ នេះបើតាមការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅអំឡុងពេលដឹកនាំអ្នកសារព័ត៌មាន ទស្សនកិច្ច នៅស្រុកបន្ទាយស្រី។
ដោយមានការចូលរួមពីលោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី និងមន្ត្រីពាក់ព័ន្ធនានាផងនោះ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានអរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានយល់ដឹង និងចូលរួមអនុវត្តវិធានការអនាម័យបរិស្ថានធ្វើឱ្យភូមិឃុំមានបរិស្ថានល្អ និងលើកទឹកចិត្តដល់ពួកគាត់បន្តអនុវត្តជារៀងរហូត និងផ្សព្វផ្សាយបន្តដល់កូនចៅរបស់ពួកគាត់បន្ថែមទៀត។ លោកថ្លែងថា កន្លងមកក្រសួងបរិស្ថានបានផ្តល់ការគាំទ្រទាំងបច្ចេកទេស សម្ភារៈ និងថវិកាដល់រដ្ឋបាលស្រុក ដើម្បីអនុវត្តវិធានការអនាម័យបរិស្ថានក្នុងនោះមានទាំងការផ្តល់ឡដុតសំរាម និងរថយន្តដឹកសំរាមផងដែរ។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋបាលស្រុកបន្ទាយស្រី និងបងប្អូន ប្រជាពលរដ្ឋបានអនុវត្តបានយ៉ាងល្អក្នុងការគ្រប់គ្រងសំណល់សំរាម ដែលបានបង្កើតឡើង និងបានថែទាំ តុបតែងផ្ទះសម្បែងរបស់ខ្លួនបានយ៉ាងស្អាតដោយការដាំដើមឈើ និងផ្កាលម្អនានាដ៏ស្រស់បំព្រង។ លោកសង្កត់ធ្ងន់ថា ស្រុកបន្ទាយស្រីបានផ្តល់នូវគំរូល្អមួយសម្រាប់ការអនុវត្តការគ្រប់គ្រងសំណល់រឹងទីប្រជុំជននៅកម្ពុជា ហើយក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យមានការបង្កើតគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត ដើម្បីធ្វើឱ្យស្រុកបន្ទាយស្រីកាន់តែមានសោភ័ណភាពស្អាតបន្ថែមទៀត ដើម្បីកាន់តែទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រាសាទបន្ទាយស្រី ដ៏ល្បីល្បាញរបស់កម្ពុជា។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានផ្ទេរភារកិច្ច នៃការគ្រប់គ្រងសំណល់មករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ហើយក្នុងនោះការគ្រប់គ្រងកាកសំណល់រឹងសំរាម គឺជាកិច្ចការមួយដ៏មានសារៈសំខាន់បំផុត។
ទាក់ទងនឹងបញ្ហានេះ លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថានបានបន្តផ្តល់បច្ចេកទេសដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជួយពង្រឹងស្ថាប័ន និងបង្កើនសមត្ថភាពមន្ត្រី និងពង្រឹងការចូលរួមរបស់សហគមន៍ក្នុងការសម្អាត អនាម័យបរិស្ថាន។ លោកបន្តថា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ក្រសួងមហាផ្ទៃ និងក្រសួងបរិស្ថានបានចេញប្រកាសអន្តរក្រសួង ស្តីពីការបង្កើតក្រុមការងារដើម្បីពិនិត្យ និងដាក់បញ្ចូលវិធានការអនាម័យ និងបរិស្ថាននៅក្នុងលក្ខណៈសម្បត្តិ នៃគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងជឿជាក់ថា តាមរយៈវិធានការដែលនឹងបញ្ចូលក្នុងគោលនយោបាយនេះ នឹងធ្វើឱ្យភូមិ ឃុំ របស់ប្រជាពលរដ្ឋមិនត្រឹមតែមានសុខសុវត្ថិភាព តែនឹងបង្កើនគុណភាពជីវិតដោយមានបរិស្ថានរស់នៅស្អាត មានខ្យល់ដកដង្ហើមបរិសុទ្ធ និងរស់នៅប្រកបដោយផាសុកភាព៕
កោះកែវ