Connect with us

ព័ត៌មានជាតិ

ស្រូវ​បង្កើន​រដូវ ដែល​ត្រូវ​ស្តារ​ឡើង​វិញ​ ក្រោយ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​មង្គល​បូរី ជាង​៨.០០០​ហិកតា កំពុង​លូតលាស់​ល្អ

បានផុស

នៅ

បន្ទាយមានជ័យ ៖ ដំណាំ​ស្រូវ​បង្កើន​រដូវ​ជាង​៨.០០០​ហិកតា របស់​ប្រជាកសិករ​ក្នុងស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​ស្តារឡើងវិញ​ ក្រោយពី​ជំនន់​ទឹកភ្លៀង បាន​ជន់​លិច បំផ្លាញ​កាលពី ខែតុលា ឆ្នាំ២០២០​ កន្លង​មក​នេះ​កំពុង​មាន​ដើម លូតលាស់​ល្អ​នៅ​គ្រប់​ទីកន្លែង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ អមដំណើរ​ដោយ​លោក​រ័ត្ន ដា ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី​និង​ក្រុម ការងារ​ជាច្រើន​នាក់​បាន​ប្រាប់​អ្នកយក​ព័​ត៌​មាន​ឲ្យ​ដឹងថា ​នៅ​ព្រឹក ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២០​នេះ​លោក​បាន​ដឹកនាំ​ក្រុម​ជំនាញ​ចុះទៅ​ពិនិត្យមើល​សកម្មភាព​ស្តារ​ការដាំដុះ​ដំណាំ​ស្រូវ​ឡើងវិញ​ក្រោយ​ជំនន់​ទឹកភ្លៀង​ស្រក​វិញ​មកដល់​ថ្ងៃនេះ ស្រូវ​ប្រជាកសិករ​កំពុង​ធ្វើ​នោះ​មានការ​លូតលាស់​ល្អ​គឺជា​ពូជស្រូវ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ដែល​បានផ្តល់​ជូន​បងប្អូន​ប្រជាកសិករ ក្នុងស្រុក​មង្គល​បូរី បាន និង​កំពុង​ដុះ​ចេញពី​ភក់ និង​មាន​ដើមដង​លូតលាស់​ល្អ​រាប់ពាន់​ហិកតា នៅក្នុង​ភូមិសាស្ត្រ ឃុំ​ចំណោម ឃុំ​សឿ និង​ឃុំ​រហាត់ទឹក ដែល​បាន​ផ្តល់នូវ​ក្តីសង្ឃឹម​ដល់​ប្រជាកសិករ ក្នុង​ការ​ប្រមូល​ផល​ស្រូវ​នេះ​នាពេលខាងមុខ​។

លោក​បាន​និយាយ​បន្ត​ទៀត​ថា ថ្ងៃនេះ​លោក ជាមួយ​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត លោក​អនុប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត លោក​អភិបាលស្រុក​មង្គល​បូរី ព្រមទាំង​ក្រុមការងារ​ឃុំ បាន​ចុះ​ទៅដល់​វាលស្រែ និង​បាន​ពិនិត្យមើល​ស្ថានភាព​ស្រូវ និង​ស្ថានភាព​ទឹក ដើម្បី​មាន​វិធានការ​ឆ្លើយតប​ដោះស្រាយ ក្នុងករណី​មាន​បញ្ហា​ប្រឈម​ខ្វះខាត​ទឹក​ស្រោចស្រព​នាពេល​ខាង​នោះ​។

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​យោង​របាយការណ៍​របស់​ឃុំ​បានបង្ហាញ​ឲ្យ​ដឹង​ថា ក្រោយពី​ទទួល​បាន​ពូជ ស្រូវ​បងប្អូន​ប្រជាកសិករ​ចាប់ផ្តើម​មមាញឹក​ធ្វើការ​បង្កបង្កើនផល​ដោយ​គិត​មក​ត្រឹម​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០​នេះ នៅក្នុង​ឃុំ​សឿ អនុវត្តន៍​បាន​ជាង​៤.០០០​ហិកតា ឃុំ​ចំណោម​បាន​ចំនួន​៣.៥០០​ហិកតា និង​ឃុំ​រហាត់​ទឹកបាន​ចំនួន​ជាង​៨០០​ហិកតា គឺ​លើស​ផែនការ​កំណត់​ដែល​ក្នុង​ឃុំ​នីមួយៗ​មាន​ស្រែ​តែ​ចំនួន​១.៥០០​ហិកតា​ប៉ុណ្ណោះ​ ប្រឈម​និង​បញ្ហា​ខ្វះខាត​ទឹក​ស្រោចស្រព​នោះ​។

លោក​អ៊ុំ រាត្រី​ បាន​ធ្វើ​ការ​ក្រើន​រម្លឹក​ដល់​អាជ្ញាធរ​ដែនដី​រួម​នឹង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមមេត្តា​ចូលរួម​ទាំងអស់គ្នា​ឲ្យ​រក្សា ទឹក​ទុក និង​ការប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ដើម្បី​ជៀសវាង​បញ្ហា​ប្រឈម​ការ​ខ្វះខាត ទឹក​នៅពេល​ខាងមុខ​នោះ​ផងដែរ​៕
ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម