លោក កែម រិទ្ធិសិត ដែលគេស្គាល់ថា ជាប្អូនប្រុសរបស់លោក កែម ឡី ប្រធានគណបក្សខ្មែរតែមួយបានប្រកាសលាលែងពីតំណែងប្រធានគណបក្សខ្មែរតែមួយហើយ និងបានផ្ទេរសិទ្ធិទាំងស្រុងទៅឲ្យលោក គុជ លី ជាប្រធានស្តីទីគណបក្សជំនួសវិញ នេះបើតាមលិខិត ដែលទើបទទួលបាន នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ។
នៅក្នុងលិខិតផ្ទេរសិទ្ធិចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ លោក កែម រិទ្ធិសិត បានបញ្ជាក់ថា “ខ្ញុំ កែម រិទ្ធិសិត ប្រធានគណបក្សខ្មែរតែមួយ សូមផ្ទេរសិទ្ធិទាំងស្រុងឲ្យលោក គុជ លី ជាអនុប្រធានប្រចាំការគណបក្ស ទៅជាប្រធានស្តីទីគណបក្សខ្មែរតែមួយ ជំនួសខ្ញុំ ដើម្បីចុះហត្ថលេខាលើលិខិតរដ្ឋបាលនានារបស់គណបក្ស និងការដឹកនាំ ការគ្រប់គ្រង ការចាត់ចែងការងារទូទៅរបស់គណបក្សខ្មែរតែមួយទាំងអស់”។
ដោយឡែកនៅក្នុងសេចក្តីជូនដំណឹងទៅលោក គុជ លី លោក កែម រិទ្ធិសិត បានអះអាងថា “ខ្ញុំស្ម័គ្រចិត្តលាលែងពីប្រធានគណបក្សខ្មែរតែមួយ។ ដើម្បីប្រជាធិបតេយ្យផ្ទៃក្នុងគណបក្ស ខ្ញុំស្ម័គ្រចិត្តមិនឈរឈ្មោះធ្វើជាបេក្ខភាពប្រធានគណបក្សខ្មែរតែមួយ នៅអាណត្តិទី២ទៀតទេ។ ដូច្នេះសេចក្តីសម្រេចនេះចូលជាធរមាន ចាប់ពីថ្ងៃចុះហត្ថលេខារបស់ខ្ញុំនេះតទៅ”។
ទាក់ទងបញ្ហានេះ លោក កែម រិទ្ធិសិត ថ្លែងប្រាប់អ្នកសារព័ត៌មានថា ការលះបង់តួនាទីជាប្រធានគណបក្សទៅឱ្យសមាជិកបក្សដឹកនាំជំនួសវិញ គឺជាវប្បធម៌ចែករំលែកបទពិសោធន៍ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ ហើយក្រោយពីលាលែងពីតួនាទីប្រធានគណបក្សនេះលោកនឹងក្លាយទៅជាប្រធានកិត្តិយសរបស់បក្សវិញ។ ដោយឡែកសម្រាប់តួនាទីនៅឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រសិនបើមិនមានព្រះរាជក្រឹត្យណាមួយក្នុងការបញ្ចប់សមាសភាពរបស់លោកទេ លោកនៅតែបន្តវត្តមាន ប៉ុន្តែករណីបើមានព្រះរាជ្យក្រឹត្យបញ្ចប់តំណែងនោះលោកក៏គោរពតាមដែរ។
សូមបញ្ជាក់ថា គណបក្សខ្មែរតែមួយត្រូវបានបង្កើតឡើងកាលពីខែមីនា ឆ្នាំ២០១៨ ដោយលោក កែម រិទ្ធិសិត ហើយគណបក្សក៏បានចូលរួមក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៨កន្លងទៅដែរ ប៉ុន្តែពុំទទួលបានអាសន្ននោះទេ។
ទោះយ៉ាងណាក្តី ក្រោយការបោះឆ្នោត សម្តេចតេជោ ហ៊ុន សែន បានសម្របសម្រួលឱ្យមានការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់ យោបល់ ដែលមានសមាសភាពមកពីគណបក្សប្រជាជន និងគណបក្ស ដែលបានចូលរួមការបោះឆ្នោត១៥ផ្សេងទៀត៕
អត្ថបទ ៖ កោះកែវ