Connect with us

ព័ត៌មានជាតិ

ក្រុម​អ្នក​ជំនាញ​ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់​នឹង​មក​សិក្សា​មូលដ្ឋាន​សំណង់​និង​បច្ចេកទេស​វេច​ខ្ចប់​វ៉ាក់សាំង​នៅ​ពាក់កណ្តាល​ខែកក្កដា

បានផុស

នៅ

លោកស្រី វេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​មានប្រសាសន៍ថា ​ក្រុម​អ្នក​ជំនាញ​មកពី​ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់​នឹងធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​នៅ​ពាក់កណ្តាល​ខែកក្កដា​ខាងមុខនេះ​ដើម្បី​មក​សិក្សា​ពី​មូលដ្ឋាន​សំណង់​និង​បច្ចេកទេស​រក្សាទុក​និង​វេច​ខ្ចប់​វ៉ាក់សាំង​នៅ​កម្ពុជា​។

ការ​ចុះ​មក​សិក្សា​នេះ​បន្ទាប់ពី​សហគ្រាស​ឱសថ​កម្ពុជា និង​ក្រុមហ៊ុន Sinovac Life Sciences នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​វេច​ខ្ចប់​វ៉ាក់សាំង​បង្ការ​វីរុស​កូ​វីដ​-១៩​ដោយ​អនុលោម​ទៅតាម​និយាម​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ថ្លែងប្រាប់​អ្នក​ព័​ត៌មាន​ក្នុង​សិក្ខាសាលា​ស្តីពី​ការពិនិត្យ​ការវិវត្តន៍​នៃ​សកម្មភាព​លុបបំបាត់​ជំងឺ​រលាក​ថ្លើម​ដោយសារ​វីរុស​ប្រភេទ​បេ​និង​សេ​ក្នុង​ប្រទេស​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​៣០​មិថុនា​នេះ​នៅ​សណ្ឋាគារ​ទន្លេបាសាក់​២ លោកស្រី​បាន​បន្ត​កន្លងមក​វិ​ស័​យ​ឯកជន​និង​ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់បាន​ធ្វើការ​ជាមួយគ្នា​មួយ​ជំហាន​ដោយ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​រួចហើយ​។

លោកស្រី​បាន​បន្ត​ទៀត​ថា ​ឥឡូវនេះ​ការសិក្សា​ជំហាន​ដំបូង​បានបញ្ចប់​ហើយ​ក្រុមហ៊ុន​ឯកជន​កំពុង​ពិភាក្សា​ទៅលើ​ការងារ​បច្ចេកទេស​មួយចំនួន​ជាមួយ​ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់​ក៏​ជិត​បញ្ចប់​ហើយ​ដែរ​។

លោកស្រី​បាន​បន្ថែម​ថា​ នៅពេល​សិក្សា​ចប់សព្វគ្រប់​និង​មាន​ចុះកិច្ចសន្យា​មួយទៀត​ហើយ​អ្នកជំនាញ​មកពី​ក្រុមហ៊ុន​ស៊ី​ណូ​វ៉ា​ក់​នឹង​មក​កម្ពុជា​នៅ​ថ្ងៃទី​១២​និង​ថ្ងៃទី​១៣​ខែកក្កដា​ខាងមុខនេះ​ដើម្បី​មក​សិក្សា​លើ​មូលដ្ឋាន​សំណង់ បច្ចេកទេស​រក្សា​វ៉ាក់សាំង បច្ចេកទេស​ច្រក​និង​វេច​ខ្ចប់​ព្រោះ​រោងចក្រ​នៅ​កម្ពុជា​គ្រាន់តែ​ច្រក​និង​វេច​ខ្ចប់​ទេ​ដែលជា​ជំហាន​ចុងក្រោយ​មុននឹង​នាំចេញ​ទៅ​លក់​នៅលើ​ទីផ្សារ​។

នៅពេល​សួរ​ថា ​តើ​រោងចក្រ​ច្រក​និង​វេច​ខ្ចប់​វ៉ាក់សាំង​នឹង​ធ្វើ​នៅ​ទីតាំង​ណា​លោក ស្រី បាន​បញ្ជាក់ថា​រោងចក្រ​ដែល​គ្រោង​សាងសង់​មាន​ទំហំ​ធំ​ហើយ​អាចធ្វើ​នៅ​ជាយក្រុង​ភ្នំពេញ​។​

គួរ​បញ្ជាក់​ថា​ សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​អនុញ្ញាតឱ្យ​មានការ​វេច​ខ្ចប់​វ៉ាក់សាំង​បង្ការ​វីរុស​កូ​វីដ​-១៩​ប្រភេទ​ស៊ី​ណូ​វ៉ា​ក់នៅ​ប្រទេស​កម្ពុជា​ដោយ​អនុលោម​ទៅតាម​និយាម​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ការអនុញ្ញាត​នេះ​បាន​ធ្វើឡើង​នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​វេច​ខ្ចប់​វ៉ាក់សាំង​បង្ការ​វីរុស​កូ​វីដ​-១៩ រវាង​សហគ្រាស​ឱសថ​កម្ពុជា និង​ក្រុមហ៊ុន Sinovac Life Sciences នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ថ្ងៃទី​០១​ខែមិថុនា​ឆ្នាំ​២០២២​នៅ​ទីស្តីការ​ក្រសួងសុខាភិបាល​។

លោកស្រី អ្នកឧកញ៉ា ជឹ​ង សុភាព អគ្គ​នាយិកា​សហគ្រាស​ឱសថ​កម្ពុជា​សហគ្រាស​ឱសថ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​សហគ្រាស​នឹង​ខិតខំ​ប្រឹងប្រែង​អស់ពី​លទ្ធភាព ដើម្បី​អនុវត្ត​គម្រោង​នេះ​ជាមួយ​ក្រុមហ៊ុន Sinovac ជា​ដៃគូ​សហការ​ឲ្យ​ទទួល​បាន​ជោគជ័យ ដើម្បី​ចូលរួមចំណែក​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​ក្នុង​ការបន្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩។

ចំណែក​លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​បានបញ្ជាក់​ថា គម្រោង​វេច​ខ្ចប់​ដំណាក់កាល​ចុងក្រោយ នៃ​វ៉ាក់សាំង​បង្ការ​វីរុស​កូ​វីដ​-១៩ និង​វីរុស​បំ​លែង​ថ្មី​ផ្សេងៗ​ទៀត រាជរដ្ឋាភិបាល​កម្ពុជា បញ្ជា​ទិញ​ពី​សហគ្រាស​ឱសថ​កម្ពុជា រយៈពេល​៣​ឆ្នាំ​(២០២៤-២០២៦) សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ក្នុងប្រទេស​៕

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម