លោក​អភិបាលខេត្ត​កំពត អញ្ជើញ​អធិបតី ក្នុង​ពិធី​ប្រារព្ធ​អបអរ​រុក្ខទិវា ៩​កក្កដា ២០២០ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

លោក​អភិបាលខេត្ត​កំពត អញ្ជើញ​អធិបតី ក្នុង​ពិធី​ប្រារព្ធ​អបអរ​រុក្ខទិវា ៩​កក្កដា ២០២០

Published

on

កំពត ៖ ‌​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦ ខែតុលា ឆ្នាំ ២០២០ រដ្ឋបាល​ខេត្តកំពត បាន​ប្រារព្ធ​ពិធី​រុក្ខទិវា ៩​កក្កដា​២០២០ ក្រោម​អធិបតីភាព ឯកឧត្តម ជាវ​តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​។

ពិធី​នេះ​ប្រព្រឹត្តទៅ​ដែលមាន​ទីតាំង​ស្ថិត​ជាប់​ដងផ្លូវ​ជាតិ​លេខ​៣​ក្នុង​ឃុំ​កំពង់​គ្រែង​ស្រុក​ទឹកឈូ មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម​លោកជំទាវ លោក​លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ជុំវិញ​ខេត្ត លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​.​និង​អាជ្ញាធរ​មូលដ្ឋាន​សរុប​ប្រមាណ​ចំនួន ៣០០​នាក់​។

លោក​ជាវ តា​យ អភិបាលខេត្ត​បាន​មានប្រសាសន៍ថា បុណ្យ​រុក្ខទិវា​៩​កក្កដា គឺជា​ការឆ្លុះបញ្ចាំង​ឲ្យ​ឃើញជាក់ស្ដែង​នូវ​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នឹង​កំពុង​ខិតខំ​អនុវត្ត​យ៉ាងសកម្ម​នូវ​គោលនយោបាយ​ជាតិ​ដាំ​ព្រៃឈើ​ឡើងវិញ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ដោយ​ផ្សារភ្ជាប់​ការងារ​ដាំ និង​ការថែរក្សា​ការពារ​អភិរក្ស​ធនធានធម្មជាតិ និង​ការប្រើប្រាស់​ព្រៃឈើ​ឱ្យបាន​ត្រឹមត្រូវ​ដោយ​រក្សាបាន​នូវ​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​។

លោកអភិបាលខេត្ត​បាន​ចាត់​ទុក​ការ​ស្រឡាញ់​ព្រៃឈើ ការចូលរួម​ដាំ​ដុះ​និង​បង្កើត​បាន​ព្រៃឈើ​ស្រស់បំព្រង​គឺជា​ប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​ទ្រទ្រង់ សេដ្ឋកិច្ចជាតិ ធ្វើ​ឲ្យ​មាន​លំនឹង​ផ្នែក​បរិស្ថាន មិនតែប៉ុណ្ណោះ​ព្រៃឈើ​ជា​ប្រភព​ស្រូប​ទាញ​ទឹកភ្លៀង ទប់ស្កាត់​ទឹកជំនន់ ខ្យល់ព្យុះ ការ​ហូរ​ច្រោះ​ដី ពិសេស​វា​ក៏​ជា​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​បម្រើ​ឲ្យ​វិស័យ​កសិកម្ម​ទៀតផង​។

លោក​អភិបាលខេត្ត ក៏បាន​អំពាវនាវ​ដល់​មន្ត្រី​រាជកា​រ​កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ត្រូវ​បង្កើន​ស្មារតី​ចូលរួម​អនុវត្ត​គោលនយោបាយ​ដាំ​ដើមឈើ​ឡើងវិញ​របស់​រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ របស់​យើង​ទាំងអស់​គ្នា ថែមទៀត​។ ពិសេស​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ព្រមទាំង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​បន្ត​ដាំ​ដើមឈើ​នៅ​ឆ្នាំ​បន្តបន្ទាប់ គ្រប់​ទីកន្លែង​ទាំងអស់​ក្នុង​ខេត្ត ដើម្បី​បង្កើត​បាន​នូវ​ពណ៌​បៃតង​និង​ផ្កា​គ្រប់​ពណ៌​សម្រាប់​លម្អ​សោភ័ណភាព ជាពិសេស​នៅ​ក្រុង​កំពត ហើយ​ត្រូវ​យកចិត្តទុកដាក់​ជួយ​ថែរក្សា​ការពារ​កូនឈើ​ទាំងអស់នោះ​ឲ្យ​បាន​ដុះ​លូតលាស់​គង់វង្ស​ល្អ​។

​ការ​ប្រារព្ធ​ពិធី និង​ការដាំ​ដើមឈើ​នា​ឱកាស​នេះ រដ្ឋបាល​ខេត្តកំពត​បា​ន​ចែក​កូនឈើ​និង បាន​ដាំ​ដើមឈើ អម​តាម​ដងផ្លូវ​ជាតិ​លេខ​៣ ភ្នំពេញ​-​កំពត​ស្ថិតក្នុង​សង្កាត់​ក្រាំង​អំពិល សង្កាត់​កំពង់បាយ​ក្រុង​កំពត និង​ឃុំ​ព្រៃ​ឃ្មុំ ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ដែលមាន​ប្រវែង​២,០០០​ម៉ែត្រ​ជា​ប្រភេទ​ឈើ និង​កូនឈើ​ប្រណិត​សរុប​មាន​ចំនួន​៦០០​ដើម​៕
ដោយ ៖ សេង ណា​រិ​ទ្ធ

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម