Connect with us

ព័ត៌មានជាតិ

កម្ពុជា​-​វៀតណាម ប្តេជ្ញា​អនុវត្ត​ឲ្យបាន​ពេញលេញ​នូវ​បណ្តា​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ស្តីពី​ព្រំដែន ​

បានផុស

នៅ

​ការប្តេជ្ញា​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៨ នៃ​គណៈកម្មការ​ចម្រុះ​កម្ពុជា​- វៀតណាម ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដែល​កិច្ចប្រជុំ​នោះ ដឹកនាំ​ដោយ​សហប្រធាន គឺ​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ជាមួយ​លោក ផាម ប៊ិ​ញ​មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរ ទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​បាន​ប្រព្រឹត្តទៅ កាល​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វីដេអូ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាម​លទ្ធផល នៃ​កិច្ចប្រជុំ ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ឲ្យ​ដឹងថា នៅក្នុង​កិច្ចប្រជុំ​នោះ ភាគី​ទាំងពីរ​បានកត់សម្គាល់​ឃើញ​ពី​មិត្តភាព​រឹងមាំ​ជា​ប្រពៃណី ភាពជា​អ្នកជិតខាង​ល្អ និង​ស្ថិរភាព​យូរអង្វែង រួម​ទាំង​ការ​លើកកម្ពស់​បន្ថែម​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ ដែល​បាន​គូស​បញ្ជាក់​តាមរយៈ​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ និង​ប្រព័ន្ធ​វីដេអូ​របស់​ថ្នាក់ដឹកនាំ និង​ការផ្លាស់ប្តូរ ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ជា​បន្តបន្ទាប់ នាពេល​កន្លងមក​។ ភាគី​ទាំង​ពីរ​បាន​អបអរសាទរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​មាន​ប្រសិទ្ធភាព និង​ការ​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុង​ការ​ការពារ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ស្រប​ពេល​ ដែល​កំពុង​ខិតខំ​រក្សា​លំហូរ​ពាណិជ្ជកម្ម​នៃ​ទំនិញ​ឆ្លងកាត់​ព្រំដែន និង​ការ​វិនិយោគ​។

​សម្រាប់​កិច្ចសហប្រតិបត្តិការ​ផ្នែក​នយោបាយ និង​សន្តិសុខ ភាគី​ទាំង​ពីរ​បាន​គូស​បញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រួម​ក្នុង​ការ​សម្របសម្រួល​ជំហរ នៅ​ក្នុង​វេទិកា​តំបន់ និង​អន្តរជាតិ ជាពិសេស​នៅ​ក្នុង​អាស៊ាន និង​អង្គការ​សហ​ប្រ ជា​ជាតិ​។ ភាគី​វៀតណាម​ បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ​ការ​គាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ដែល​ភាគី​កម្ពុជា​បាន​ផ្ដល់​ដល់​ប្រទេស​វៀតណាម ក្នុងអំឡុងពេល​ធ្វើជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២០ និង​បាន​សន្យា​ផ្ដល់​ការ​គាំទ្រ​ដល់​កម្ពុជា​ក្នុង​ការ​រៀបចំ​ឲ្យ​បាន​ជោគជ័យ នូវ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ នៅ​ឆ្នាំ​២០២១ និង​នៅពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២២​។ ភាគី​ទាំងពីរ បាន​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​ទៅវិញទៅមក​នៅ​ថ្នាក់​តំបន់ និង​អន្តរជាតិ បន្ត​សម្របសម្រួល​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បទល្មើស​ ដែល​បាន​គ្រោង​ទុក និង​បទល្មើស​អ៊ីន​ធឺ​ណែ​ត និង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​យន្តការ​សម្រាប់​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​នៅ​គ្រប់​វិស័យ​។​

​សម្រាប់​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ និង​ធនធានមនុស្ស លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ថ្លែងអំណរគុណ​ចំពោះ​សម​ភាគី​វៀតណាម ដែល​បាន​សម្របសម្រួល​ឲ្យ​និស្សិត​កម្ពុជា អាច​ចូល​ទៅ​ប្រទេស​វៀតណាម​ឡើងវិញ​បាន ដើម្បី​បន្ត​ការសិក្សា​របស់​ពួកគេ​។ ភាគី​ទាំងពីរ បាន​ឯកភាព​បន្ត​ផ្តល់​អាហារូបករណ៍​ឲ្យ​គ្នា​ទៅវិញទៅមក ដល់​សិស្ស​-​និស្សិត សម្រាប់​ឆ្នាំ​សិក្សា​២០២០ និង​២០២១​។

​ចំពោះ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ភាគី​ទាំងពីរ​បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត និង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​ក្នុង​ការ​គ្រប់គ្រង​សកម្មភាព កេងប្រវ័ញ្ច​ខុសច្បាប់​នានា ការ​ដឹក​ជញ្ជូន​និង​ការ​ជួញដូរ​ឈើ​ហ៊ុ​ប និង​សត្វព្រៃ​ខុសច្បាប់​ឆ្លងដែន​។ ភាគី​ទាំងពីរ ក៏បាន​ឯកភាព​ធ្វើការ​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​ផ្នែក​អនាម័យ​សត្វ និង​រុក្ខជាតិ ជលផល កៅស៊ូ ផ្លែឈើ ផលិតផល​សាច់​គោ សាច់ជ្រូក និង​ប្រព័ន្ធ ធារាសាស្ត្រ​។ ភាគី​ទាំងពីរ បាន​បញ្ជាក់​ជាថ្មី​នូវ​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ធ្វើការ​រួមគ្នា​ ដើម្បី​អនុវត្ត​ឲ្យ​បាន​ជោគជ័យ​នូវ​គម្រោង​នានា​ផ្នែក​បរិស្ថាន ធនធាន​ទឹក និង​ឧតុនិយម​។ ភាគី​ទាំងពីរ បាន​ឯកភាព​បង្កើន​កិច្ចសហប្រតិបត្តិការ​ ក្នុង​ការ​ប្រើប្រាស់ ការគ្រប់គ្រង និង​អភិវឌ្ឍ​ធនធានទឹក​ទន្លេមេគង្គ ប្រកបដោយ​ប្រសិទ្ធភាព និង​និរន្តរភាព ក៏ដូចជា​ការជំរុញ​ការការពារ និង​អភិរក្ស​បរិស្ថាន សកម្មភាព​ពាក់ព័ន្ធ​អាកាសធាតុ កំណើន​បៃតង និង​ការគ្រប់គ្រង​ដីធ្លី​។​

​សម្រាប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ថាមពល ភាគី​ទាំង​ពីរបាន​ឯកភាព​ក្នុងការ​ស្វែងរក កាលានុវត្តនភាព សម្រាប់​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ថាមពល និង​ការសិក្សា​ស្រាវជ្រាវ​រួម ស្តីពី​ការ​អភិវឌ្ឍ​ថាមពល​ស្អាត និង​កកើត​ឡើងវិញ​។ ចំពោះ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម ភាគី​ទាំងពីរ​បាន​សម្តែង​ការពេញចិត្ត ចំពោះ​ការវិវឌ្ឍ​យ៉ាងខ្លាំង​ក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី ដោយ​ទំហំ​ពាណិជ្ជកម្ម មាន​ចំនួន ៥,២៧ ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៩ ដែល​ចំនួន​នេះ​លើស​ពី​ទំហំ​គោលដៅ​៥ ប៊ី​លាន​ដុល្លារ​អាមេរិក មុន​កាលកំណត់​ឆ្នាំ ២០២០ និង​បាន​អះអាង​ថា នឹង​ជួយ​សម្រួល​ដល់​សកម្មភាព​នាំចូល​និង​នាំចេញ​រវាង​ប្រទេស​ទាំងពីរ​។ ចំពោះ​កិច្ចសហ​ប្រតិបត្តិការ​ផ្នែក​វិនិយោគ ភាគី​ទាំង​ពីរ​បាន​ឯកភាព​ចាត់វិធានការ​សមស្រប​ទាក់ទង​នឹង​ការសម្រួល​ផ្នែក​វិនិយោគ ដើម្បី​កាត់បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​។

​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ការថែទាំ​សុខភាព ភាគី​ទាំង​ពីរ​បាន​ឯកភាព​បន្ត​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ “​កិច្ចព្រមព្រៀង ស្តីពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ផ្នែក​សុខភាព​ នៅ​តាម​ព្រំដែន​” ដែល​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​រដ្ឋាភិបាល​ទាំង ពីរ​ក្នុង​ឆ្នាំ​២០០៦ នៅ​រាជធានី​ភ្នំពេញ និង សហការគ្នា​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​ឆ្លើយតប និង​ទប់ស្កាត់​ទាន់ពេលវេលា​ចំពោះ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការផ្ទុះ​ឡើង​នៃ​មេរោគ​ដទៃទៀត​ នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។ ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​លើ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​បណ្ដា​ខេត្ត​នៅជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ រួមមាន ការផ្ដល់​អាហារូបករណ៍ ការរៀបចំ​វគ្គ​បណ្ដុះបណ្ដាល ទស្សនកិច្ច​សិក្សា សិក្ខាសាលា ឬ​សន្និសីទ​ស្ដីពី​ការថែទាំ​សុខភាព​។​

​ចំពោះ​បញ្ហា​ព្រំដែន ភាគី​ទាំងពីរ បានបញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ក្នុង​ការគោរព និង​អនុវត្ត​ឱ្យបាន​ពេញលេញ​នូវ​បណ្តា​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ស្តីពី​ព្រំដែន ដែល​បាន​ចុះហត្ថលេខា​រវាង​ប្រទេស​ទាំងពីរ​។ ភាគី​ទាំងពីរ ក៏បាន​លើកទឹកចិត្ត​ដល់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា និង​ការ​បោះបង្គោល​ព្រំដែន​គោក​(JBCs) នៃ​ប្រទេស​ទាំងពីរ ឲ្យ​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ និង​ពិភាក្សា​យ៉ាងសកម្ម ដើម្បី​ស្វែងរក​ដំណោះស្រាយ ដែល​អាច​ទទួល​យក​បាន​ទាំងសងខាង ដោយ​អនុលោម​តាមច្បាប់​អន្តរជាតិ ចំពោះ​ព្រំដែន​គោក​ចំនួន​១៦ ភាគរយ​ទៀត ដែល​ពុំ​ទាន់​បាន​ខណ្ឌសីមា​នៅឡើយ​។

​ក្រៅ​ពី​នេះ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សា​គ្នា​យ៉ាង​យកចិត្តទុកដាក់​លើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្សេងៗ​ទៀត នៅ​ក្នុង​វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ សហគ្រាស​មីក្រូ ធុន​តូច​និង​មធ្យម ពន្ធគយ ការ​ដឹក​ជញ្ជូន អាកាសចរណ៍​ស៊ីវិល ទូរគមនាគមន៍ ព័ត៌មានវិទ្យា​និង​បច្ចេកវិទ្យា​គមនាគមន៍​(ICTs) ហិរញ្ញវត្ថុ និង​ធនាគារ វប្បធម៌ កីឡា ទេសចរណ៍ ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​បញ្ហា​ច្បាប់ និង​យុត្តិធម៌​។ ភាគី​ទាំងពីរ ក៏បាន​ឯកភាព​ពន្លឿន​ការអនុវត្ត​គម្រោង និង​សកម្មភាព​ដែល​មិនទាន់​សម្រេច​បាន​ផ្សេងទៀត ខណៈ​ពេល​កំពុង​រិះរក​មធ្យោបាយ និង​វិធីសាស្ត្រ​ជាក់លាក់ ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។

​បន្ទាប់ពី​កិច្ចប្រជុំ​លើក​ទី​១៨ នៃ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក ផាម ប៊ិ​ញ​មិញ បាន​ធ្វើការ​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​លើក​ទី​១៨ នៃ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម និង​ធ្វើការ​ផ្លាស់ប្តូរ​លិខិតុបករណ៍​នៃ​ការផ្ដល់​សច្ចាប័ន លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​ពិធីសារ​ខណ្ឌសីមា និង​បោះ​បង្គោល​ព្រំដែន​គោក រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​លោក ប្រាក់ សុខុន ៖ ទូត​សិង្ហបុរី ​បាន​ចូលរួម​លើកកម្ពស់​ចំណង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម