អ្នក​រងគ្រោះ​កំពុង​ជ្រួលច្របល់​ ខណៈ​ទ្រព្យសម្បត្តិ​ជន​ឆបោក​ ត្រូវ​បាន​បង្កក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អ្នក​រងគ្រោះ​កំពុង​ជ្រួលច្របល់​ ខណៈ​ទ្រព្យសម្បត្តិ​ជន​ឆបោក​ ត្រូវ​បាន​បង្កក

Published

on

សាលា​ដំបូង​ខេត្ត​កំពង់ស្ពឺ បាន​សម្រេច​បង្កក​ទ្រព្យសម្បត្តិ ក្រុម​ជន​ឆបោក​ប្រាក់​ប្រជាពលរដ្ឋ​នៅ​ស្រុក​បរសេដ្ឋ​ រាប់​លាន​ដុល្លារ​ ដើម្បី​បន្ត​នីតិវិធី ​ហើយ​មេខ្លោង  ចំនួន​០៣នាក់   កំពុង​ឃុំខ្លួន​ជា​បណ្ដោះអាសន្ន​ក្នុង​ពន្ធនាគារ​។ នេះ​បើ​យោង​តាម​​ប្រភពច្បាស់ការ  បាន​បង្ហើប​ប្រាប់ កម្ពុជាថ្មី ឱ្យដឹង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ។

ពាក់ព័ន្ធ​ករណី​ក្រុម​ជន​ឆបោក​ប្រាក់​ទ្រង់ទ្រាយ​ធំ  ​នៅ​ស្រុក​បរសេដ្ឋ​នេះ លោក​ឧត្ដមសេនីយ៍ទោ​ សម សា​មួន ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ បានប្រាប់​យ៉ាងខ្លីថា «ករណីនេះ ស្ថិតនៅក្នុងដៃតុលាការ និង​លឺថា​តុ​លា​ការ​ បាន​បង្កក​ទ្រព្យ» ។​​​

ដោយឡែក លោក​ឧត្ដមសេនីយ៍ត្រី​ ញ៉ែម   សៅ  ស្នងការ​រង ទទួល​ផែន​សន្តិសុខ​ នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​កំពង់ស្ពឺ ប្រាប់ឱ្យដឹងថា ចំពោះ​មេខ្លោង​ពាក់ព័ន្ធ​ការ​ឆបោក​ប្រាក់​ប្រជាពលរដ្ឋ នៅ​ស្រុក​បរសេដ្ឋ​នេះ គឺកំពុងឃុំខ្លួនជា​បណ្ដោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ និង​មាន​អ្នក​ពាក់ព័ន្ធ​ប្រមាណ ១០នាក់ទៀត កំពុង​រត់​គេច​ខ្លួន​ ហើយ​នគរបាល​កំពុង​រង់ចាំ​មើល​ចំណាត់​ការ​របស់​តុលាការ​ថា នឹង​ត្រូវ​ធ្វើ​យ៉ាងម៉េច​បន្ត​ទៀត ។

លោកស្នងការរង បានបន្ថែមទៀតថា ទំហំទឹកប្រាក់ដែលប្រជាពលរដ្ឋខាតបង់ដោយការចាញ់បោក​នេះ មិន​ដឹងជាប៉ុន្មានឱ្យប្រាកដទេ តែមានពលរដ្ឋច្រើននាក់​ បានយកលុយ​ទៅដាក់ដើម្បីទទួល​បាន​ការ​ប្រាក់ខ្ពស់ ដោយសារឃើញគេទិញឡានថ្មី ម៉ូតូថ្មី ហើយពួកគាត់ក៏នាំគ្នាផ្អើលយកប្រាក់ទៅ​ដាក់​តៗ​គ្នា​ជា​ហូរហែ​ ។

យោងតាមពាក្យ​បណ្ដឹង​ របស់ពលរដ្ឋ​រងគ្រោះ ដែល​ដាក់ជូន អធិការនគរបាលស្រុកបសេដ្ឋ កាលពី ថ្ងៃទី០៤  ខែធ្នូ  ឆ្នាំ​២០២០ ​ តាមរយ:មេធាវី បាន​ប្ដឹង​បុគ្គល ចំនួន០៥នាក់ រួមមាន៖ ១-ឈ្មោះ ជិន វិបុល ភេទប្រុស អាយុ  ២៦ឆ្នាំ , ២-ឈ្មោះ ជិន  ចាន់ឡឹក ភេទប្រុស អាយុ  ៣១ឆ្នាំ, ៣-ឈ្មោះ ជិន ស្រីនាង ភេទស្រី អាយុ ៣៤ឆ្នាំ  អ្នកទាំង​៣នាក់ត្រូវឃាត់ខ្លួន, ៤-ឈ្មោះ ជិន សុខេង ភេទស្រី, ៥-ឈ្មោះ ជិន ស្រី​ពៅ  ភេទស្រី អាយុ ៣៧ឆ្នាំ  និង​បក្ខពួក​មួយចំនួនទៀតកំពុងរត់គេចខ្លួន ។ពលរដ្ឋបានប្តឹងចោទប្រកាន់អ្នក​ទាំងនេះ ពីបទ ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស​ ។

ក្នុងពាក្យ​បណ្ដឹង​បាន​ឱ្យដឹងថា ក្រុមជនឆបោកខាងលើ បានប្រើ​ឧបាយកល​ដើរឆបោកប្រាក់ពីប្រជាពលរដ្ឋ  នៅស្រុក​ បសេដ្ឋ ខេត្ត​កំពង់ស្ពឺ និង​កន្លែង​ផ្សេងៗទៀត ក្នុអំឡុង ខែឧសភា  ឆ្នាំ២០១៨ រហូតដល់​បច្ចុប្បន្ន​នេះ ។

ក្រុមជនល្មើស  និង បក្ខពួក មួយ​ចំនួន បានដើរ​បញ្ចុះបញ្ចូល​ពលរដ្ឋ  នៅក្នុង​ស្រុក​បសេដ្ឋ ក្រោម​រូបភាព ជាការ​វិនិយោគ សាច់ប្រាក់ ដោយ​ទទួល​បាន​ភាគលាភ​ ចាប់ពី ១៥ ដល់  ៣០ភាគរយ ក្នុងរយៈពេល១សប្តាហ៍ ទៅកន្លះខែ។ ប្រជាពលរដ្ឋ បានប្រមូលប្រាក់ ទៅតាម​លទ្ធភាព​ ខ្លះខ្ចីពីធនាគារ ខ្លះលក់ទ្រព្យ​សម្បត្តិ ដីធ្លី ឱ្យជនឆបោក ជាបន្តបន្ទាប់ហើយទទួលបានភាគលាភ ក្នុងពេលកំណត់ប្រាកដមែន ដែល បណ្ដាល ឱ្យមានប្រជាពលរដ្ឋ កាន់តែច្រើនឡើងបានចាញ់បោក ជាបន្តបន្ទាប់សរុប ជាទឹកប្រាក់ចូលលាន​ដុល្លារ  ។

ក្រោយពីប្រមូលលុយបានច្រើន ស្រាប់តែនៅអំឡុង ដើមខែវិច្ឆិកា ឆ្នាំ២០២០  ក៏បាត់ដំណឹងឈឹង មិនឃើញមកទូទាត់ប្រាក់ការដូចមុនឡើយ ទើបនៅថ្ងៃទី ២៨  ខែវិច្ឆិកា  មានការភ្ញាក់ផ្អើលឆោឡោថា ប្រាក់ដែលប្រមូលបាន ត្រូវក្រុមនេះ​យកជាប្រយោជន៍ផ្ទាល់ខ្លួន ទិញឡានស៊េរីទំនើបៗ ទិញដីជាច្រើនកន្លែង និងធ្វើ​ផ្ទះ​ធំៗ​ ទើបប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួនឈ្មោះ ជិន វិបុល, ឈ្មោះ ជិន ចាន់ឡឹក, ឈ្មោះ ជិន ស្រីនាង ទុកនៅសាលាឃុំ ពោធិ៍ចំរើន ដើម្បីរង់ចាំឱ្យមានចំណាត់ការទៅតាមច្បាប់ និងបក្ខពួក ជាច្រើនទៀតកំពុងរត់គេចខ្លួន  ។

នៅថ្ងៃទី១១ ខែធ្នូ  ឆ្នាំ២០២០ រដ្ឋបាល​ស្រុក​បរសេដ្ឋ បានជួនដំណឹងដល់ប្រជាពលរដ្ឋរងគ្រោះ​ ត្រូវមក​ដាក់​ពាក្យ​បណ្ដឹង​នៅការិយា​ល័យ​នីតិកម្ម សម្រុះសម្រួល​វិវាទ​មូលដ្ឋាន ក្នុងសាលាស្រុក ឱ្យបានគ្រប់ៗគ្នា​គិតចាប់​ពីថ្ងៃជូនដំណឹង​ដល់​ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ជាកំ​ណត់ ។

នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាថ្មី បានព្យាយាមទំនាក់ទំនង ទៅកាន់លោក ឈឺន  សុធន់ អភិបាល​ស្រុកបរសេដ្ឋ ដើម្បីសុំការបញ្ជាក់បន្ថែមអំពីទំហំ នៃខាតបង់របស់ប្រជាពលរដ្ឋ ​ ប៉ុន្តែលោកបញ្ជាក់យ៉ាងខ្លី ថា «​មិនទាន់ដឹងច្បាស់នៅឡើយទេ ព្រោះ​ការងារ​នេះ បានប្រគល់ឱ្យលោក សៅ រិទ្ធ   ជាអភិបាលរងស្រុក​ជាអ្នកទទួល​អនុវត្ត​» ។

តាមប្រភពពីមន្ត្រីសាលាខេត្តកំពង់ស្ពឺ បានបង្ហើបប្រាប់ថា ករណីចាញ់បោកការវិនិយោគ​សាច់ប្រាក់ ដើម្បី​ទទួលបាន​ភាគ​លាភខ្ពស់នេះ មិនមែនមានតែប្រជាពលរដ្ឋធម្មតាប៉ុណ្ណោះទេ តែមានទាំងមន្ត្រីក្រុមប្រឹក្សាឃុំ មេភូមិ និងកូចចៅគាត់ ក្នុងនោះក៏មានធ្លោយដល់មន្ត្រីសាលាស្រុកមួយចំនួនផងដែរ ។
 
ជុំវិញបញ្ហានេះ ​កម្ពុជាថ្មី ​ពុំទាន់អាចសុំការអត្ថាធិប្បាយពី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ​បាននៅឡើយទេ៕

អត្ថបទ ៖ ភួង រដ្ឋា

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services