លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានថ្លែងនូវការអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតក៏ដោយក៏ត្រូវតែបន្តក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងនូវការអរគុណបែបនេះ ខណៈរៀបចំពិធីប្រគល់ និងទទួលនូវម៉ាស ចំនួន ១១ម៉ឺន៥ពាន់ម៉ាស់ និងអាកុល៤៤កានពីក្រុមហ៊ុនឡាយ សអ៊ិនវេសមិន និងសហការី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួង។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ទាល់ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុនឡាយ សអ៊ិនវេសមិន ដែលបានជួយឧបត្ថម្ភជាសម្ភារៈបរិក្ខារពេទ្យបម្រើដល់វិស័យសុខាភិបាល ក៏ដូចជាគ្រូពេទ្យបច្ចេកទេសក្នុងការចូលរួមទប់ស្កាត់មេរោគកូវីដ១៩ នៅកម្ពុជា។ ដោយឡែកថ្ងៃនេះ ក្រុមហ៊ុនឡាយ សអ៊ិនវេសមិនក៏បានចូលរួមនូវការចែករំលែកជួយដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈ លោកជំទាវ នូវការផ្តល់នូវម៉ាស់និងអាកុលទាំងនេះ សម្រាប់បែងចែកជូនដល់ថ្នាក់មូលដ្ឋានបន្ត។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងបន្តថា យើងមិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតក៏ដោយ ក៏ត្រូវតែបន្តក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន ៣៦៣នាក់ អ្នកជាសះស្បើយមានចំនួន ៣៤៧នាក់ និងពុំមានអ្នកស្លាប់នោះទេ៕
អត្ថបទ៖ វិមាន