បន្ទាយមានជ័យ ៖ ថ្ងៃទី២៣ចោរចូលគាស់កុដិលោក លួចលុយបានជាង១៣លានរៀល គេចបាត់ចូលដល់ថ្ងៃទី២៥ ចោរចូលគាស់ផ្ទះប្រជាពលរដ្ឋលួចម៉ូតូបាន១គ្រឿងទៀត ត្រូវនគរបាលព្រហ្មទណ្ឌកំរិតស្រាលឃាត់ខ្លួនតាមពាក្យបណ្តឹងម្ចាស់ម៉ូតូនៅថ្ងៃទី២៥ខែធ្នូ ឆ្នាំ២០២០នេះ។
លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឲ្យដឹងថា ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះឈ្មោះឆេង សុង ភេទប្រុស អាយុ៤៦ឆ្នាំ នៅភូមិ១ សង្កាត់ព្រះ ពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យថា ក្រោយពីក្រោកពីដេកដឹងថា បាត់ម៉ូតូខ្លួនបានមើលវីដេអូសុវត្ថិភាពដឹងថា នៅវេលាម៉ោង១រំលងអធ្រាតឈានចូល ថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០២០ មានចោរ១នាក់បានចូលក្នុងរបងផ្ទះធ្វើសកម្មគាស់ទ្វាររបងផ្ទះចូលលួចយកម៉ូតូ១គ្រឿងម៉ាកហុងដាខាប់ ពណ៌បាញ់ឌុក គ្មានស្លាកលេខ។
លោកបានបញ្ជាក់ឲ្យដឹងបន្តថាដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រីនូ ជីវ័ន្ត ស្នងការរង ទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងនគរបាលជំនាញបានបើកការស៊ើបអង្កេតស្រាវជ្រាវ ឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់នៅវេលាម៉ោង៨និង យប់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០ ឈ្មោះ ឈួត ផល្លី ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួមជាមួយនឹងវត្ថុតាងម៉ូតូ១គ្រឿង ដែលជនសង្ស័យបានលួច។
លោកវរសេនីយ៍ទោ ព្រហ្ម ប៊ុនធឿន បានបញ្ជាក់បន្ថែមថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានចូលលួចយកម៉ូតូ១គ្រឿងនេះ ប្រាកដមែនពេលដែលខ្លួនបានដើរទៅឃើញម៉ូតូគេទុកនៅក្នុងរបងផ្ទះមានសោនៅនឹងម៉ូតូស្រាប់ គេក៏ឡើងចូលក្នុងរបងផ្ទះ រួចក៏គាស់ទ្វាររបងយកម៉ូតូជិះចេញមកទៅផ្ទះនៅឯភូមិនិមិត្ត ហើយនៅយប់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២០ ខ្លួនបានជិះម៉ូតូនេះមកលេងវេទិកាខេត្តក៏ត្រូវបាននគរបាលចាប់ឃាត់ខ្លួនតែម្តង។
ដោយផ្អែកទៅលើចម្លើយសារភាពរបស់ជនសង្ស័យនិងមានវត្ថុតាងជាក់ស្តែង កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌកំរិតស្រាលបានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ចំណែកម៉ូតូបានធ្វើការប្រគល់ជូនម្ចាស់ដើមវិញផងដែរ៕
ដោយ ៖ វ៉ាន់ ណាង