Connect with us

ព័ត៌មានជាតិ

​ទេសចរផ្ទៃក្នុង បានជួយ​ដល់វិស័យទេសចរណ៍កម្ពុជា

បានផុស

នៅ

លោក ជុក ជំនោ ​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​ បាន​ថ្លែងប្រាប់កម្ពុជាថ្មី ​ថា ជំងឺកូវីដ-១៩ ​បាន​ធ្វើ​ឱ្យប៉ះ​ពាល់ដល់វិស័យទេសចរណ៍ ​និងបាន​ធ្វើឲ្យ​ប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងតំបន់ ​ក៏ដូចជាប្រទេសកម្ពុជា​ផងដែរ គឺបាន​ធ្វើឱ្យថយចុះ​យ៉ាងខ្លាំង ជា​ពិសេសការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ តាមរយៈការ​បិទ​ជើងហោះហើរ និងវិធានការបិទ​នៅ​តាម​បណ្ដា​ប្រទេស​ជាច្រើន។

ទោះជាយ៉ាងណា លោកបានអះអាងថា នៅប្រទេសកម្ពុជា ទោះបីជាមានការធ្លាក់ចុះ​ភ្ញៀវទេសចរ​អន្តរជាតិ តែចលនាទេសចរក្នុងស្រុក បានចូលរួមចំណែកខ្លះដែរ នៅក្នុងការទ្រទ្រង់ទំហំ នៃវិស័យ​ទេសចរណ៍​ក្រោយ​ពីមានការធ្លាក់ចុះ នៃភ្ញៀវបរទេសនេះ។

​លោកអះអាងថា អ្នកទេសចរក្នុងស្រុកមិនមានការកើនឡើងទេ នៅក្នុងដំណាក់កាល នៃការរីករាល​ដាល​នៃជំងឺកូវីដ-១៩​ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ កន្លងមក ប៉ុន្តែបានចូលរួមចំណែកខ្លះ ដោយសារ​មិន​មាន​ការធ្លាក់ចុះខ្លាំង ហើយបើតាមការព្យាករណ៍បឋម ភ្ញៀវទេសចរក្នុងស្រុក មានការធ្លាក់ចុះពី​ប្រ​មាណ​ទៅ១៥ ទៅ២០ភាគរយប៉ុណ្ណោះ (ភ្ញៀវទេសចរក្នុងស្រុក បូកជាមួយជនបរទេស និងអង្គទូតជាដើម ដែល​រស់នៅក្នុងប្រទេសកម្ពុជា)។ ដូច្នេះតាម​តួលេខ ថ្វីត្បិត​តែមានការថយចុះ ប៉ុន្តែវាស្ថិតនៅក្នុងរង្វង់មួយ ដែល​អាចជួយប្រតិបត្តិករផ្នែកឯកជន ឲ្យមានដង្ហើមសេដ្ឋកិច្ចខ្លះ ខណៈពេលដែលមានការ​ថមថយផ្នែក​ទេសចរណ៍អន្តរជាតិនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ជុក ជំនោ ភ្ញៀវទេសចរក្នុងស្រុកភាគច្រើន ពួកគាត់បានអញ្ជើញ​ទៅលេងខេត្តគោលដៅមួយ​ចំនួនដូចជាខេត្តកែប ខេត្តកំពត និងខេត្តភាគឦសាន ដូចជា មណ្ឌលគិរី រតនគិរី គឺពួកគាត់បានធ្វើដំណើរ​ទៅលេងតំបន់ទាំងនោះច្រើនគួរសម ច្រើនជាងតំបន់ផ្សេងទៀត។

​លោកថា ខណៈមានការរីករាលដាល នៃជំងឺកូវីដ-១៩ នេះ ក៏មានការកើនឡើងនូវភ្ញៀវទេសចរក្នុងស្រុក ទៅកាន់តំបន់ទេសចរណ៍ផ្សងព្រេង ដោយពួកគាត់រៀបចំបែបសកម្មភាពទេសចរផ្សងព្រេង សកម្មភាព​ទេសចរ​បោះតង់ សកម្មភាពទេសចរណ៍​ឡើងភ្នំ ​​ គឺមានការផុសផុលច្រើន។ ​

ទាក់ទងទៅដល់ការកក់សណ្ឋាគារ និងផ្ទះសំណាក់ជាដើម លោក ជុក ជំនោ បានអះអាងថា ថ្វីត្បិតតែ​មាន​ការធ្លាក់ចុះនៃភ្ញៀវទេសចរទៅកាន់គោលដៅមួយចំនួនក៏ពិតមែន ប៉ុន្តែឲ្យតែមានថ្ងៃឈប់សម្រាកថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យពិធី ឬថ្ងៃឈប់​សម្រាកធំៗ ដូចជាបុណ្យភ្ជុំ ឬអុំទូក ជាដើម ភ្ញៀវទេសចរក្នុងស្រុក​បានដើរ​ទៅ​លេងគ្រប់គោលដៅទេសចរណ៍ទាំងអស់ ហើយធ្វើឲ្យផ្ទះសំណាក់ និងសណ្ឋាគារភាគច្រើន ត្រូវបាន​កក់​ពេញពេញតែម្ដង ​។

ទាក់ទងបញ្ហានេះដែរ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា ដោយសារតែមានការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍នេះ បានធ្វើឲ្យវិស័យទេសចរណ៍​មាន​ការ​យ៉ាប់យឺន​ទៅៗ លំ​បាក​​ទៅៗ ដែលពីដំបូងយើងគ្រាន់តែមានករណីនាំចូលប៉ុណ្ណោះ ប៉ុន្តែចុងក្រោយនេះ ​រីករាលដាលចូលសហគមន៍ ធ្វើឲ្យអ្នកទេសចរណ៍ទាំងជាតិ និងអន្តរជាតិ មានការ​ប្រយ័ត្ន​ប្រយែង​។

​ទាក់ទង​នឹងសេវាកម្មក្នុងស្រុក លោកស្រី ឆាយ ស៊ីវលីន បានអះអាងថា មកដល់ពេលនេះ កាន់តែ​លំបាក​ទៅ​ៗ ដោយ​សារ​មានការលុបចោលនូវបុណ្យឆ្លងឆ្នាំ និងពិធីបុណ្យផ្សេងៗទៀត។ ដូច្នេះយើងពិបាកស្តារ​ណាស់​ក្នុងរយៈពេលខ្លីនេះ ហើយប្រសិនបើការរីករាលដាលនេះនៅតែបន្ត នឹងធ្វើឲ្យយើងអូស​បន្លាយ​វិបត្តិ​នេះកាន់តែយូរតទៅទៀត។

លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ដែរថា សម្រាប់ទីភ្នាក់ងារទេសចរណ៍ផ្សេងៗរហូតដល់ពេលនេះ បិទ​ក៏ដូចជាមិនបិទដែរ ថ្វីបើចំនួន នៃការប្រកាសបិទផ្លូវការមានចំនួនតិចតួច ប៉ុន្តែអ្នកមិនបានទៅប្រកាសបិទ ចេះតែរង់ចាំតទៅទៀត ដោយរង់ចាំពន្លឺណាមួយ ដែលអាចស្ដារឡើងវិញ។

លោកស្រីបញ្ជាក់ថា នៅចំពោះមុខនេះ មិនមានអ្វីដំណើរការទេ ពីព្រោះភ្នាក់ងារទេសចរណ៍ គឺបម្រើឲ្យភ្ញៀវ​ទេសចរ​ក្រៅស្រុក ហើយជាទម្លាប់របស់ពលរដ្ឋខ្មែរយើង មិនសូវប្រើប្រាស់កញ្ចប់ទេសចរណ៍ ដែលរៀបចំ​ដោយទីភ្នាក់ងារទេសចរនោះទេ គឺពួកគាត់ប្រើប្រាស់យានជំនិះខ្លួនឯង ទៅមកខ្លួនឯង​។ ពីព្រោះកម្ពុជា​បច្ចុប្បន្ន​ក៏មាន​ការរីកចម្រើនផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ ក៏ដូចជាវិស័យដឹកជញ្ជូនផ្សេងៗ មានការរីកចម្រើន ដូច្នេះ​ពួកគាត់មិនសូវប្រើ​ភ្នាក់ងារទេសចរណ៏នោះទេ ហេតុដូច្នេះហើយទើបធ្វើ​ឱ្យទីភ្នាក់ងារ​ទេសចរណ៍​មានការលំបាកក្នុងការប្រកួតប្រជែងនៅក្នុងស្រុក ដូច្នេះមានតែរង់ចាំតទៅទៀតប៉ុណ្ណោះ។ ​

បើតាមលោកស្រី ឆាយ ស៊ីវលីន ទេសចរក្នុងស្រុករបស់យើងមកដល់ពេលនេះ ភាគច្រើនគាត់ធ្វើដំណើរ​ទៅ​កាន់តំបន់ ដែលវាលៗ ដូចជាតំបន់ឆ្នេរសមុទ្រជាដើម និងនៅភាគឦសាន នៅតាមជួរភ្នំជាដើម នៅតែ​ជាកន្លែងដែលពួកគាត់ចូលចិត្តធ្វើដំណើរកម្សាន្ត ប៉ុន្តែសម្រាប់ខេត្តសៀមរាប ដូចជាតំបន់អង្គរជាដើម ពួក​គាត់មិនទៅលេងនោះទេ ដោយសារតែពួកគាត់បានចាត់ទុកថា ជាកន្លែងដែលមានមនុស្សច្រើន៕

អត្ថបទ ៖ កោះកែវ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម